ភស្តុតាងថ្មីពី NASA កាន់តែគាំទ្រគំនិតដែលថា នៅក្នុងបឹងភពអង្គារអាចធ្លាប់មាន «ជីវិត» (មានវីដេអូ)

1,162

(បរទេស)៖ ការរកឃើញភស្តុតាងកន្លងមក ដែលគាំទ្រដល់ការសន្និដ្ឋានថា ភពអង្គារ (Mars) ធ្លាប់ជាកន្លែងដែលមានជីវិតរស់នៅនោះ ភាគច្រើនគឺបានមកពីបេសកកម្មយាន Curiosity របស់អង្គការ NASA ដែលបាននិងកំពុងស្ថិតក្នុងរណ្តៅ Gale Crater នៃភពក្រហមនោះតាំងតែពីឆ្នាំ២០១២មកម្ល៉េះ។

(Video From: Cambo Space Edu’s YouTube Channel)

នៅក្នុងរណ្តៅ Gale ដែលមានមុខកាត់ ១៥៤គីឡូម៉ែត្រ និងត្រូវបានគេសន្មត់ថា ជាអតីតបឹងស្តុកទឹកធំមួយនៅជាប់តំបន់អេក្វាទ័រភពអង្គារនោះ គឺជាទីកន្លែងដែលយាន Curiosity បានរកឃើញសារធាតុ សូដ្យូម ក្លរីដ (sodium chloride) ដែលជាប្រភេទដូចគ្នាទៅនឹង «អំបិល» ដែលជាគ្រឿងផ្សំជាមួយអាហារជាច្រើនប្រភេទនោះ ក៏ដូចជាការរកឃើញសារធាតុ ម៉ាញេស្យូម ស៊ុលផាត (magnesium sulfate) និងកាល់ស្យូម ស៊ុលផាត (calcium sulfate) ថែមទៀត។

រូប 3D នៃយាន Curiosity របស់ NASA (រូបភាពពី NASA/JPL-Caltech)

ងាកទៅអំលុងឆ្នាំ២០១៦ យាន Curiosity បានរកឃើញភស្តុតាងដ៏សំខាន់មួយទៀត ដែលអាចបញ្ជាក់អំពីវត្តមានរបស់សមាសធាតុ ម៉ង់កាណែស អុកស៊ីត (manganese oxide) ប៉ុន្តែកាលណោះវាស្ថិតនៅក្នុងចំនួនដ៏តិចតួចប៉ុណ្ណោះ។ ដោយឡែកឈានមកដល់ ឆ្នាំ២០២៤នេះ ម៉ង់កាណែស អុកស៊ីត ក្នុងចំនួនដ៏ច្រើនត្រូវបានរកឃើញ នៅក្នុងដុំថ្មបាតរណ្តៅ (sedimentary bedrocks) ដែលស្ថិតនៅជាមួយពពួកថ្មភក់ (mudstone) នៃតំបន់មួយមានឈ្មោះថា Murray Formation។ ទីតាំង Murray Formation នោះស្ថិតនៅជំរាលភ្នំ Mount Sharp ដែលស្ថិតនៅចំកណ្តាល Gale Crater តែម្តង។

បណ្តុំថ្មបាតរណ្តៅ Gale (រូបភាពពី NASA)
  • តើការរកឃើញវត្តមានដ៏ច្រើននៃ ម៉ង់កាណែស អុកស៊ីត មានន័យដូចម្តេច?

ប្រមាណ ទៅទសវត្សរ៍ចុងក្រោយនេះ មនុស្សលោកបានប្រមូលភស្តុតាងគ្រប់គ្រាន់ ដែលអាចបញ្ជាក់យ៉ាងច្បាស់ថា កាលពីរាប់ពាន់លានឆ្នាំមុន ភពអង្គារធ្លាប់មានទឹកពាសពេញផ្ទៃស្រទាប់លើ ក្នុងទម្រង់ជាមហាសមុទ្រ, បឹង និងជាទន្លេជាដើម ព្រមទាំងធ្លាប់មានបរិយាកាសដ៏ក្រាស់ស្រោបជុំវិញភព។ ប៉ុន្តែត្រង់ចំណុចថា តើបរិស្ថានកាលណោះអាចមានឱកាសឲ្យជីវិតក្នុងទម្រង់ណាមួយកកើតឡើងដែរ ឬមួយក៏យ៉ាងណានោះ គឺតម្រូវឲ្យអង្គការ NASA ព្យាយាមស្វែងរកភស្តុតាងមកបញ្ជាក់ ដូចអ្វីដែលខ្លួនបាននិងកំពុងធ្វើលើភពអង្គារនោះឯង។

ភស្តុតាងនៃជីវិតលើភពអង្គារ ប្រាកដជាត្រូវបានបន្សល់ទុកនៅទីតាំង ដែលធ្លាប់មានទឹកក្នុងរយៈពេលយូរ ហើយក៏ជាទីតាំងដែលទឹកនៅសល់ចុងក្រោយផងដែរ។ ហេតុដូច្នេះទើប NASA បានបញ្ជូនយាន Curiosity ទៅកាន់បាតរណ្តៅ Gale ខណៈយាន Perseverance វិញទៅកាន់បាតរណ្តៅ Jezero

រណ្តៅ Gale Crater (រូបភាពពី NASA)

សម្រាប់សមាសធាតុ ម៉ង់កាណែស អុកស៊ីត នៅជម្រាលភ្នំ Mount Sharp នៃរណ្តៅ Gale នោះ គឺត្រូវបានវិភាគរកឃើញដោយឧបករណ៍ ChemCam របស់ Curiosity នៅក្នុងចំនួនដ៏ច្រើន នោះគឺប្រមាណ ៤៥% នៅក្នុងបណ្តុំថ្មភក់ទីនោះ។ ការរកឃើញ ម៉ង់កាណែស អុកស៊ីត ដ៏ច្រើនបែបនោះ គឺកាន់តែគាំទ្រដល់ការលើកឡើងដែលថា «នោះអាចជាកន្លែងដែលធ្លាប់មានវត្តមានជីវិត ក្នុងទម្រង់ជាពពួកអតិសុខុមប្រាណ ឬមីក្រុប (microbes) នៅលើភពអង្គារ»។

  • តើ ម៉ង់កាណែស អុកស៊ីត លើភពអង្គារ ពិតជាបានកើតឡើងដោយសារពពួកមីក្រុប?

នៅលើភពផែនដី ម៉ង់កាណែស អុកស៊ីត ត្រូវបានរកឃើញភាគច្រើននៅតំបន់បាតបឹង និងដីសណ្តទន្លេ ដែលជាតំបន់មានការធ្វើអុកស៊ីតកម្មកម្រិតខ្ពស់។ លើសពីនេះ អតិសុខុមប្រាណដែលមាននៅក្នុងបរិស្ថានទាំងនោះ អាចជួយជំរុញដំណើរការនៃអុកស៊ីតកម្មដើម្បីបង្កើតចេញជា ម៉ង់កាណែស អុកស៊ីត នោះបានផងដែរ។

តែយ៉ាងណា ដំណើរការនៃអុកស៊ីតកម្មដូចលើផែនដីយើងនេះ ពិតជាត្រូវការអុកស៊ីហ្សែន (oxygen) ក្នុងបរិមាណច្រើន និងមានស្ថិរភាព ដែលនៅលើភពអង្គារពិតជាមិនដូចលើផែនដីឡើយ។ ភពអង្គារត្រូវបានគេដឹងថា ធ្លាប់មានអុកស៊ីហ្សែនច្រើនគួរសមតែនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រការនេះពិតជាមិនអាចឲ្យ ម៉ង់កាណែស អុកស៊ីត កកើតឡើងក្នុងចំនួនច្រើន ដូចជាអ្វីដែលត្រូវបានរកឃើញនៅតំបន់ Murray Formation នោះឡើយ។

ទីតាំងដែលមានវត្តមាន ម៉ង់កាណែស អុកស៊ីត (រូបភាពពី NASA)

ជុំវិញបញ្ហានេះ អ្នកដឹកនាំការស្រាវជ្រាវមួយរូបឈ្មោះ Patrick Gasda មកពីមន្ទីរពិសោធន៍ជាតិ Los Alamos នៃសហរដ្ឋអាមេរិកបានលើកឡើងថា «វាពិបាកសម្រាប់ ម៉ង់កាណែស អុកស៊ីត ក្នុងការកកើតនៅលើផ្ទៃនៃភពអង្គារ… ដូច្នេះយើងពិតជាមិននឹកស្មានដល់ទេថា នឹងអាចរកឃើញសមាសធាតុនេះ នៅក្នុងបណ្តុំថ្មភក់នៃទីតាំងដ៏ខ្ពស់ស្ថិតនៅជើងភ្នំ (កណ្តាលបឹង Gale) បែបនោះ…»។

ទិដ្ឋភាពមួយនៃជំរាលភ្នំ Mount Sharp (រូបភាពពី NASA)

អ្នកវិទ្យាសាស្ត្រខាងលើនេះបានសង្កត់ធ្ងន់ថា «នៅលើភពអង្គារ យើងមិនទាន់រកឃើញភស្តុតាងនៃជីវិត ដែលធ្លាប់កើតមាននៅឡើយទេ ហើយសម្រាប់ដំណើរនៃការផលិតអុកស៊ីហ្សែន នៅក្នុងបរិយាកាសកាលពីអតីតរបស់ភពក្រហមនោះ ក៏នៅតែមិនច្បាស់លាស់… ដោយឡែកសម្រាប់របៀបដែល ម៉ង់កាណែស អុកស៊ីត បានកកើតឡើង និងប្រមូលផ្តុំនៅទីនោះ គឺពិតជាស្ថិតក្នុងក្តីមន្ទិល…»។

ការសន្និដ្ឋានមួយអំពីភពអង្គារកាលពីជាង ៣ពាន់លានឆ្នាំមុន ទៅនឹងភពអង្គារបច្ចុប្បន្ន (រូបភាពពី NASA)

គួរបញ្ជាក់ថា ការពិតនឹងទៅជាយ៉ាងណានោះ មានតែការសិក្សាបន្តទៀតប៉ុណ្ណោះទើបអាចរកឃើញ។ ប៉ុន្តែសម្រាប់គន្លឹះមួយក្នុងការសិក្សារកប្រភពដើមនៃ ម៉ង់កាណែស អុកស៊ីត គឺមានតែការឈ្វេងយល់ជាមុន អំពីរបៀបដែលសមាសធាតុទាំងអស់នេះ ត្រូវបានបង្កកទុកក្នុងបណ្តុំថ្មភក់ ដែលមានលក្ខណៈរដិបរដុបនោះសិនប៉ុណ្ណោះ។ មួយវិញទៀត ដំណើរការនៃការធ្វើអុកស៊ីតកម្ម នៅលើភពអង្គារកាលពីអតីតកាល ក៏កំពុងស្ថិតក្នុងការសិក្សាឈ្វេងយល់បន្ថែមទៀតដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA/SPACE (ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤)

480×240 Banner