ទីបំផុត «យានឆាងអឺទី៦» ចុះចតដោយជោគជ័យ លើផ្នែកម្ខាងទៀតនៃព្រះចន្ទ (មានវីដេអូ)

730

(ប៉េកាំង)៖ រដ្ឋបាលអវកាសជាតិចិន (CNSA) បានប្រកាសថា យានឆាងអឺទី៦ (Chang’e-6) របស់ខ្លួន បានធ្វើការចុះចតដោយរលូននៅផ្នែកម្ខាងទៀត នៃព្រះចន្ទដែលមិនបែរមករកផែនដី ឬ Far Side ហើយ កាលពីវេលាម៉ោង ៦ និង ២៣នាទីព្រឹកថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤នេះ ម៉ោងនៅរដ្ឋធានីប៉េកាំង នៃប្រទេសចិន។

(វីដេអូថតដោយយាន Chang’e-6 ពេលកំពុងដំណើរការចុះចតលើព្រះចន្ទនៅថ្ងៃនេះ)

មិនត្រឹមតែទៅជាមួយនឹងឧបករណ៍ខួងយកសំណាក (sample) ដើម្បីដឹកនាំយកមកផែនដីវិញនោះឡើយ តែក្នុងខ្លួនយាន Chang’e-6 ក៏មាននូវគ្រឿងយន្តចល័ត (rover) មួយគ្រឿងទៀតផងដែរ សម្រាប់បំពេញបេសកកម្មនៅផ្នែក Far Side របស់ព្រះចន្ទនោះ ហើយនេះជា rover ទី៣ បន្ទាប់ពី rover ២គ្រឿងពីមុននោះគឺ Yutu-1 និង Yutu-2 ដើរដោយថាមពលព្រះអាទិត្យ ដែលបានសម្រេចជោគជ័យរួចមកហើយ។

រូបភាព 3D នៃយាន Chang’e-6 (រូបភាពពី CNSA)

ខណៈចិនបានបង្កើតប្រវត្តិសាស្ត្រជាថ្មីទៀតរបស់ខ្លួន នៅដើមខែមិថុនា ឆ្នាំ២០២៤នេះ ក៏ដូចជាបេសកកម្មដំបូងគឺ Chang’e-4 ដែលបានចុះចតនៅចំណុចផ្សេងទៀតនៃផ្នែក Far Side ដូចគ្នា តាំងតែពីខែមករា ឆ្នាំ២០១៩នោះ គ្មានប្រទេសណាផ្សេងអាចធ្វើបានដូចចិន នៅឡើយទេ។ មន្ត្រីនៃ CNSA បានរៀបរាប់ថា «Chang’e-6 ជាបេសកកម្មជីកយកសំណាកពីព្រះចន្ទ ហើយដឹកជញ្ជូនមកផែនដីវិញ ដោយប្រើប្រាស់គ្រឿងយន្ត។ វាបានឆ្លងកាត់វិស្វកម្ម និងការច្នៃបង្កើតថ្មីដ៏ស្មុគស្មាញ ព្រមទាំងប្រកបភាពលំបាកលំបិន និងហានិភ័យខ្ពស់បំផុត…»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ យាន ឆាងអឺទី៦ (Chang’e-6) របស់ប្រទេសចិន ត្រូវបានគ្រាប់រ៉ុក្កែត Long March 5 ពាំនាំចេញពីមូលដ្ឋានបាញ់បង្ហោះ វិនឆាង (Wenchang) នៃខេត្តដីកោះ ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន និងត្រូវបានគេកំណត់រួចមកហើយថា នឹងអាចចុះចតទៅតាមគោលដៅ នៅអំលុងដើមខែមិថុនានេះ។

ផ្នែក far side របស់ព្រះចន្ទ (រូបភាពពី CNSA)

ដោយសារតែផ្នែក Far Side មិនមែនមករកផែនដី ដូច្នេះការធ្វើទំនាក់ទំនងជាមួយ ទីបញ្ជាការយានលើផែនដី ក៏ត្រូវបត់បែនទៅតាមនោះដែរ។ មិនខុសពីបេសកកម្ម Chang’e-4 នោះឡើយ ចិនប្រើប្រាស់ផ្កាយរណបដើម្បីទទួល និងផ្ទេរទិន្នន័យមួយឈ្មោះ Queqiao-2 ដោយស្ថិតក្នុងគន្លងគោចររបស់ព្រះចន្ទ ហើយរង់ចាំទទួលទិន្នន័យបាញ់មកពីយាន Chang’e ដែលស្ថិតនៅផ្នែក Far Side នោះ រួចទើបបាញ់បញ្ជូនមកផែនដីបន្ត។

Cambo Space នឹងធ្វើការ Update ព័ត៌មានបន្ថែម ភ្លាមៗនៅក្រោយពេលបេសកកម្ម Chang’e-6 ដឹកគំរូតាង (sample) មកទម្លាក់លើផែនដីវិញ ដែលអាចនឹងកើតឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤

(យល់ដឹងឡើងវិញពីបេសកកម្ម Chang’e-4)

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ CNSA/SPACE (ថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០២៤)

480×240 Banner