BREAKING៖ ការធ្វើតេស្តលើកទី៤នៃ Starship របស់ SpaceX សម្រេចជោគជ័យជិត ១០០% (មានវីដេអូ)

1,778

(បរទេស)៖ អាចនិយាយបានថា ការធ្វើតេស្តនាវាអវកាស Starship ជាលើកទី (Starship Orbital Flight Test 4) នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា លើសកាលពីលើកទី ៣ ឆ្ងាយណាស់ ព្រោះទាំងរ៉ុក្កែត Super Heavy Booster និង Starship សុទ្ធតែអាចចុះចតមកលើផ្ទៃសមុទ្រវិញ ទៅតាមការគ្រោងទុកនៃដំណាក់កាលតេស្ត។

(វីដេអូសង្ខេបនៃការធ្វើតេស្តថ្ងៃនេះ)

ខាងក្រោមនេះជាការសង្ខេបលើពេលវេលា និងដំណាក់កាលសំខាន់ៗនៃ Starship Orbital Flight Test ដែលទើបបញ្ចប់ទៅក្តៅៗនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ម៉ោងនៅសហរដ្ឋអាមេរិក (ត្រូវនឹងយប់ថ្ងៃដដែលនេះ ម៉ោងនៅកម្ពុជា)

១៖ ម៉ោង ៨៖៥០នាទីព្រឹក (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ត្រូវនឹងម៉ោង ៧៖៥០នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) រ៉ុក្កែត Super Heavy Booster និង Starship ដែលដាក់បន្តុបលើគ្នាមានកម្ពស់ ១២២ម៉ែត្រ ត្រូវបានបញ្ជាឲ្យបញ្ឆេះម៉ាស៊ីន (raptor) ទាំង ៣៣គ្រឿង (របស់ Booster) ឲ្យរុលឡើងផុតពីផ្ទៃដី (ក្នុងនោះ១គ្រឿងមិនដំណើរការ)

២៖ រយៈពេល ២នាទី និង ៥៣វិនាទីក្រោយហោះផុតពីដី ក្នុងល្បឿន ៥,៤៦០km/១ម៉ោង ដំណាក់កាល hot stagging (ការផ្តាច់ខ្លួនរវាងរ៉ុក្កែត និងនាវា) បានកើតឡើងនៅរយៈកម្ពស់ ៧២km ប្រកបដោយជោគជ័យ។

៣៖ រយៈពេល ៧នាទី និង ២៣វិនាទី ក្រោយឡើងផុតពីដី និងបញ្ចប់ដំណាក់កាល Hot Stagging រ៉ុក្កែត Super Heavy Booster បានទម្លាក់ខ្លួនលើផ្ទៃសមុទ្រ នៃឈូងសមុទ្រម៉ិកស៊ិកប្រកបដោយ «ជោគជ័យជាលើកដំបូង»

៤៖ បន្ទាប់មកទៀត Starship ក៏បញ្ឆេះម៉ាស៊ីនរបស់ខ្លួនទាំង ៦គ្រឿង ដើម្បីរុលឡើងឲ្យដល់គន្លង ដែលត្រូវគោចរជុំវិញផែនដីប្រមាណកន្លះជុំ។

៥៖ រយៈពេល ៤៥នាទីក្រោយការហោះឡើងពីផ្ទៃដី នាវាអវកាស Starship ចាប់ផ្តើមអនុវត្តដំណាក់កាលចុះចតមកវិញដោយការទម្លាក់ខ្លួនបុកបរិយាកាសផែនដី (ដោយពន្លែងខ្លួនមិនប្រើម៉ាស៊ីន ឬអ្វីមកជួយទប់ឡើយ) នៅក្នុងល្បឿនជាង ២៦,៧០០km/១ម៉ោង ខណៈកំពុងចល័តក្នុងរយៈកម្ពស់ជាង ១០០km ក្នុងមួយម៉ោង ហើយយើងចាប់ផ្តើមឃើញការប៉ះទង្គិចរវាង Starship និងបរិយាកាសផែនដី ព្រមទាំងកំសួលនៃកម្តៅពីផ្លាស្មា (plasma) ពណ៌ក្រហម និងផ្កាយឈូកនៅពីក្រោម starship

៦៖ ទោះបីជាស្លាប (flap) សម្រាប់កាច់ចង្កូតរងការប៉ះទង្គិចខ្លាំង និងបំផ្លាញ​ នៅក្នុងដំណើរការចុះចតបុកបរិយាកាសផែនដីក្តី (កាមេរ៉ាចាប់វីដេអូលែងសូវច្បាស់) ក៏រយៈពេល ១ម៉ោង និង ៦នាទីក្រោយការហោះឡើងពីផែនដី នាវាអវកាស Starship បានចុះចតមកវិញពីលើទឹកសមុទ្រនៃផ្ទៃមហាសមុទ្រឥណ្ឌា ប្រកបដោយ «ជោគជ័យជាលើកដំបូង»

ការធ្វើតេស្ត Starship លើកទី ៤ (រូបភាពពី SpaceX)

រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SpaceX (ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤)

480×240 Banner