NASA ថតបាន «រន្ធខ្មៅ» លើផ្ទៃភពព្រះអង្គារ ដែលអាចជារន្ធមានប្រយោជន៍ (រូបភាព+វីដេអូ)
(បរទេស)៖ ទាំងនេះជាទិដ្ឋភាពរន្ធខ្មៅមួយចំនួន ដែលមានវត្តមានលើផ្ទៃភពព្រះអង្គារ (Mars) និងត្រូវបានថតដោយកាមេរ៉ា ផ្តិតយករូបភាពគុណភាពខ្ពស់ High Resolution Imaging Science Experiment (HiRISE) នៅជាប់ខ្លួនយានសង្កេតភពអង្គារ MRO (Mars Reconnaissance Orbiter) របស់អង្គការ NASA នៃសហរដ្ឋអាមេរិក។
រន្ធដូចដែលយើងឃើញក្នុងរូបភាពនេះ ស្ថិតនៅតំបន់អតីតភ្នំភ្លើងមួយមានឈ្មោះថា Arsia Mons ដែលស្ថិតនៅតំបន់ក្បែរអេក្វាទ័រភពអង្គារ។ គ្រាន់តែឃើញរូបនេះដំបូងៗ ក្រុមអ្នកវិទ្យាសាស្ត្របានចាប់ផ្តើមធ្វើការសន្និដ្ឋាន អំពីអ្វីដែលអាចមាននៅក្នុងរន្ធនោះ ហើយវាអាចមិនពិបាកពេកនោះទេ នៅក្នុងការឈ្វេងយល់អំពីបាតុភូតនេះ។
អ្វីដែលគ្រប់គ្នាគួរដឹងដំបូង នោះគឺទំហំរន្ធមួយនេះមិនជាធំប៉ុន្មានឡើយ ព្រោះវាមានមុខកាត់ប្រមាណតែ ២ ទៅ ៣ម៉ែត្រប៉ុណ្ណោះ។ កាមេរ៉ា HiRISE បានផ្តិតរូបភាពនេះកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ខណៈដែលយាន MRO កំពុងស្ថិតនៅរយៈកម្ពស់ ២៥៦km ពីលើតំបន់នោះ។
ហេតុអ្វីរន្ធទំហំតែ ២-៣ម៉ែត្រសោះ MRO អាចផ្តិចបានច្បាស់ម្ល៉េះ? នេះគឺមិនខុសពីឈ្មោះរបស់កាមេរ៉ា HiRISE នោះឡើយ ដោយវាត្រូវបានអភិវឌ្ឍឡើងសម្រាប់ថតរូបភាពក្នុងទំហំធំ ដែលផ្តល់កម្រិតភាពច្បាស់ និងលម្អិតខ្ពស់ ទៅលើទីតាំងដែលវាបានផ្តិតយក ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏អាចយកមកពង្រីក (zoom) ដើម្បីរកមើលឃើញអ្វីដែលគួរឲ្យចាប់អារម្មណ៍តាមក្រោយ។
តាមពិតទៅ វាមិនមែនមានតែរន្ធ២នេះឡើយ ដោយនៅតំបន់ប្រជុំភ្នំភ្លើង Tharsis region នៃអឌ្ឍគោលខាងជើងភពអង្គារ ដែលមានអតីតភ្នំភ្លើង Arsia Mons នៅក្នុងនោះដែរ គេឃើញរន្ធប្រភេទៗនេះមានវត្តមានភាគច្រើននៅតាមជាយៗរបស់អតីតភ្នំភ្លើងទាំងនោះ។ សំនួរជាច្រើនបានលេចឡើងដូចជា៖ តើវាគ្រាន់តែជារន្ធតូចចង្អៀត ឬជាច្រកចូលទៅកាន់រូងដ៏ធំណាមួយ? ឬថាតើវាជាបំពង់ដែលត្រូវបានបង្កើតឡើងពីក្រោមដីភពអង្គារ ជាយូរយាណាស់មកហើយ នៅពេលដែលកាលណោះភ្នំភ្លើងទាំងនោះនៅសកម្មឬ?
- ប្រយោជន៍នៃរន្ធទាំងនេះ
បើនិយាយពីប្រយោជន៍វិញ ទាំងចំពោះរន្ធ ឬរូងដ៏រឹងមាំនានានៅលើភពអង្គារ នឹងអាចត្រូវច្នៃឲ្យចេញជាប្រយោជន៍បាន។ ប្រយោជន៍នោះ គឺវានឹងអាចក្លាយជាទីជម្រកសម្រាប់ក្រុមអវកាសយានិក នៅលើភពក្រហមនោះនាថ្ងៃអនាគត ព្រោះភពអង្គារមានបរិយាកាសស្តើង និងទំនាញខ្សោយជាងផែនដីឆ្ងាយណាស់ ដែលពិតជាមិនអាចឲ្យភពក្រហមនេះ ទប់ទល់រលកធាតុវិទ្យុសកម្ម បានខ្លាំងក្លាជាដូចជាអ្វីដែលផែនដីកំពុងធ្វើនោះឡើយ ខណៈកម្រិតនៃការប៉ះពាល់ធាតុវិទ្យុសកម្មលើផ្ទៃភពអង្គារ គឺខ្លាំងជាងផែនដីចាប់ពី ៤០ ទៅ ៥០ដងឯណោះ។
ប្រយោជន៍មួយទៀតនោះ ពួកវាអាចជាកន្លែងដែលកំពុងលាក់ទុកភស្តុតាង នៃជីវិតកាលពីអតីតនៅលើភពអង្គារនោះតែម្តង ឬមួយក៏អាចនាពេលបច្ចុប្បន្ននេះដែរ ប្រសិនបើពពួកអតិសុខុមប្រាណ (មីក្រុប) ពិតជាមានវត្តមាននៅក្នុងរន្ធទាំងនោះមែន។
- កត្តាដែលអាចនាំឲ្យកកើតរន្ធទាំងនោះ
ជាធម្មតារន្ធប្រភេទៗនេះ តែងតែកើតឡើងនៅពេលស្រទាប់ដីក្រោមសំបក ឬស្រទាប់លើបំផុត (crust) មានការហូរច្រោះ ឬយើងអាចហៅយ៉ាងខ្លីថា «ប្រហោងក្នុង ឬរូងក្នុង»។ នៅពេលដែលសំបកនៅពីខាងលើតំបន់ដែលមានប្រហោងក្នុងនោះ កាន់តែស្តើងទៅៗវាក៏បាក់ចុះមកតែម្តង ដែលបង្កើតចេញទៅជារន្ធ ឬរណ្តៅដូចក្នុងរូបភាពដែល MRO ថតបានលើភពអង្គារនោះ។
សម្រាប់សំនួរថា តើរន្ធដូចក្នុងរូបភាពលើភពអង្គារនោះជ្រៅកម្រិតណា ឬមួយក៏វាអាចរីកធំជាងនេះដែរឬមួយក៏អត់នោះ ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់អាចបកស្រាយពេលនេះឡើយ។ តែយ៉ាងណា យានសង្កេតព្រះចន្ទផែនដី LRO (Lunar Reconnaissance Orbiter) របស់ NASA ក៏ធ្លាប់បានផ្តិតបានរូបភាពរណ្តៅ ដែលមានលក្ខណៈស្រដៀងលើភពអង្គារនោះដែរ គ្រាន់តែវាមានទំហំធំជាងប៉ុណ្ណោះ (ដូចក្នុងរូបភាពបានបញ្ជាក់)៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤)