កូរ៉េខាងត្បូងបង្កើតអង្គការអវកាសថ្មី «KASA» និងត្រៀមបញ្ជូនយានទៅ ភពអង្គារនៅឆ្នាំ២០៤៥

424

(បរទេស)៖ ជាប្រការល្អដែលពិភពលោកកំពុងមាន តួអង្គថ្មីដើម្បីចូលរួមប្រលូកកាន់តែខ្លាំងជាមួយវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអវកាស ដែលត្រូវបានចាត់ទុកជាទីលានប្រកួតប្រជែងដ៏ស្វិតស្វាញបំផុត រវាងមហាអំណាចសេដ្ឋកិច្ចធំៗលើពិភពលោក។ យើងចង់សម្តៅលើកូរ៉េខាងត្បូង ដែលជាប្រទេសមានបច្ចេកវិទ្យារីកលូតលាស់ លំដាប់កំពូលមួយ និងមានសេដ្ឋកិច្ចធំលំដាប់ទី ១១ លើពិភពលោក (យោងលើទំំហំ GDP ឆ្នាំ២០២៣)

កាលពីដើមខែមិថុនា ឆ្នាំ២០២៤នេះ ទីភ្នាក់ងារព័ត៌មាន Reuters បានទទួលសេចក្តីរាយការណ៍មួយ អំពីការសម្រេចបង្កើតឡើងជាផ្លូវការនូវ រដ្ឋបាលអាកាស-អវកាសកូរ៉េ (Korea Aerospace Administration) ហៅកាត់ថា កាសា (KASA) របស់ប្រទេសកូរ៉េខាងត្បូង ហើយនេះត្រូវបានតម្លើងឋានៈពីវិទ្យាស្ថានស្រាវជ្រាវអវកាសពីមុន ដែលអន្តរជាតិហាក់មិនសូវចាប់អារម្មណ៍។

Logo ផ្លូវការនៃ KASA (រូបភាពពី KASA)

ដើម្បីឲ្យពិភពលោកចាប់អារម្មណ៍ និងជាការជំរុញបន្ថែមនូវសន្ទុះអភិវឌ្ឍន៍លើវិស័យមួយនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) បានសម្រេចឲ្យបង្កើតឡើងនូវ KASA ហើយក៏បានបង្ហើបចេញផងដែរ នូវមហិច្ឆតាបញ្ជូនយានដំបូងទៅចុះចតលើផ្ទៃភពអង្គារ (Mars) នៅក្នុងឆ្នាំ២០៤៥។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេស និងតំបន់ដែលបានទៅដល់ភពអង្គារ និងបំពេញបេសកកម្មបានសម្រេចមានចំនួនតែ ៤ ប៉ុណ្ណោះនោះគឺ សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ប្រទេសឥណ្ឌា និងប្រទេសចិន ហើយក្នុងនោះមានតែចិន និងអាមេរិកប៉ុណ្ណោះ ដែលបានចុះចតយានដោយជោគជ័យលើផ្ទៃភពព្រះអង្គារ។

រូបតំណាងយានដែលកូរ៉េខាងត្បូង គ្រោងបញ្ជូនទៅភពអង្គារនៅឆ្នាំ២០៤៥ (រូបភាពពីបរទេស)

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នោះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ខ្លួននឹងចំណាយថវិកាប្រមាណ ១០០ទ្រីលានវ៉ុន (៧២.៦ពាន់លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ការអភិវឌ្ឍវិស័យស្រាវជ្រាវទីអវកាសនេះ រហូតដល់ការបញ្ជូនយានដំបូងទៅចុះចតលើភពអង្គារនៅឆ្នាំ២០៤៥

បេសកកម្ម Danuri របស់កូរ៉េខាងត្បូង (រូបភាពពី KASA)

តាមរយៈវិទ្យាស្ថានអវកាសដំបូង ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩ និងមានឈ្មោះថា «វិទ្យាស្ថានស្រាវជ្រាវអាកាស-អវកាសកូរ៉េ (KARI)» ប្រទេសកូរ៉េខាងត្បូងបានបោះជំហានយ៉ាងសកម្ម និងគួរឲ្យកត់សម្គាល់រួចទៅហើយ នៅក្នុងវិស័យអវកាស និងវិទ្យាសាស្ត្រ ជាពិសេសគឺបេសកកម្មដំបូងឈ្មោះ Danuri (ជាភាសាកូរ៉េមានន័យថាព្រះចន្ទ) ដែលត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Falcon 9 របស់ SpaceX និងបានទៅដល់ឋានព្រះចន្ទកាលពីខែធ្នូ ឆ្នាំ២០២២។ Danuri ជាប្រភេទផ្កាយរណបគោចរជុំវិញព្រះចន្ទដើម្បីផ្តិតរូប និងប្រមូលទុកទិន្នន័យសំខាន់ៗ បម្រើឲ្យបេសកកម្ម Artemis នៃអង្គការ NASA សហរដ្ឋអាមេរិក។

ប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែត Nuri ក្នុងស្រុករបស់កូរ៉េខាងត្បូង (រូបភាពពី KARI ឬ KASA)

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងក៏បានអភិវឌ្ឍដោយជោគជ័យ នូវប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែតដំបូងក្នុងស្រុករបស់ខ្លួនឈ្មោះ Nuri (ព្រះចន្ទពេញវង់ ឬពេញបូណ៌មី) ផងដែរ ដោយស្ថិតក្នុងគោលដៅបញ្ជូនគ្រឿងយន្ត (រ៉ូបូត) ទៅកាន់ឋានព្រះចន្ទនៅឆ្នាំ២០៣២។ គិតត្រឹបច្ចុប្បន្ននេះ ប្រទេសអាស៊ីចំនួនហើយដូចជា ចិន (បេសកកម្មឆាងអឺ), ឥណ្ឌា (បេសកកម្ម Chandrayaan-3) និងជប៉ុន (បេសកកម្មយាន SLIM) បានបញ្ជូនយានទៅចុះចតដោយជោគជ័យនៅលើផ្ទៃព្រះចន្ទ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៣)

480×240 Banner