ប្រទះឃើញ «កម្ទេចទឹកកក» នៅក្បែរតំបន់អេក្វាទ័រភពអង្គារ (មិនសមកើតមាន) (មានវីដេអូ)
(បរទេស)៖ បេសកកម្មយានសង្កេតភពអង្គារ (ផ្កាយរណប) ចំនួន ២ នោះគឺ Mars Express ដែលបានទៅដល់ទីនោះកាលពីឆ្នាំ២០០៣ និង TGO នៅឆ្នាំ២០១៦ របស់អង្គការអវកាសអឺរ៉ុប ESA បានប្រទះឃើញនូវអ្វីដែលខ្លួន មិនធ្លាប់បានជួបប្រទះពីមុនមកឡើយលើភពក្រហមនោះ ហើយក្រុមអ្នកវិទ្យាសាស្ត្រដែលបាននិងកំពុងសិក្សាអំពីភពអង្គារ ជាច្រើនទសវត្សរ៍មកនេះក៏មិនដែលគិតថា វានឹងអាចកើតមានទៅរួចនោដែរ។
ជាការពិតណាស់ ទាំងផ្កាយរណប Mars Express និង TGO (ExoMars Tras Gas Orbiter) បានផ្តិតរូបភាព កម្ទេចទឹកកក ឬកំណកព្រិលទឹកកក (water frost) បាននៅតំបន់មួយ ដែលស្ថិតនៅជិត តំបន់ខ្សែអេក្វាទ័ររបស់ភពអង្គារតែម្តង។ នេះជាលើកដំបូងហើយ ដែលយាន Mars Express និង TGO របស់អង្គការអវកាសអឺរ៉ុប ESA បានប្រទះឃើញដូចគ្នានូវ កម្ទេចព្រិលទឹកកក (water frost) នៅក្នុងក្រហូងចំពីលើកំពូលភ្នំ Olympus ដែលមានកម្ពស់ជាង ២០km ពីតំបន់វាលទំំនាបភពក្រហមនោះ។
មូលហេតុដែលកន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រមិនដែលគិតថាមាន កម្ទេចទឹកកក នៅតំបន់ជិតអេក្វាទ័័រនោះ ព្រោះតំបន់សងខាងអេក្វាទ័័រភពអង្គារនោះ តែងតែត្រូវបានចាត់ទុកថា ជាតំបន់ត្រូពិចរបស់ភពអង្គារ ហើយតំបន់ត្រូពិចបែបនោះ គឺពិបាកនឹងឲ្យគេគិតថាអាចមានវត្តមានទឹកកកណាស់។
អ្នកស្រាវជ្រាវមួយរូបឈ្មោះ Adomas Valantinas មកពីសាកលវិទ្យាល័យទីក្រុង Bern ប្រទេសស្វីស បានលើកឡើងថា «យើងធ្លាប់គិតថា វាជារឿងដែលមិនអាចទៅរួច សម្រាប់កម្ទេចទឹកកក ក្នុងការកកើតនៅតំបន់អេក្វាទ័រ ព្រោះតែទីនោះមានបរិយាកាសស្តើង និងទទួលរងពន្លឺ-កម្តៅពីព្រះអាទិត្យ ក៏ខ្លាំងជាងកន្លែងផ្សេងៗទៀតលើភពអង្គារថែមទៀត (មិនខុសពីតំបន់ត្រូពិចផែនដីជាឧទាហរណ៍នោះឡើយ)។ វត្តមានរបស់កម្ទេចទឹកកកនៅទីនោះ ពិតជារឿងដ៏គួរឲ្យរំភើប ដែលតម្រូវឲ្យយើងបន្តការសិក្សា ដើម្បីស្វែងយល់ចរន្តប្រែប្រួលក្នុងបរិយាកាសភពអង្គារ ដែលអាចជំរុញឲ្យវាកកើតឡើងផងដែរ»។
ចំពោះសំនួរថា តើកម្ទេចព្រិលទឹកកក (water frost) លើកំពូលភ្នំ Olympus ភពអង្គារនោះ មានចំនួនប៉ុន្មាន ក្រុមអ្នកវិទ្យាសាស្ត្រអាចគណនាជាបឋមថា ប្រសិនបើវារលាយក្លាយជាទឹករាវនោះ នឹងអាចចាក់បំពេញអាងហែលទឹក នៃកីឡាអូឡាំពិកបាន ៦០អាងឯណោះ ឬស្មើនឹង ១១១លានលីត្រ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រ កម្ទេចព្រិលទឹកកកលើភ្នំ Olympus នោះ តែងតែធ្វើការផ្លាស់ប្តូរឥតឈប់ឈររវាងផ្ទៃនៃតំបន់នោះ និងបរិយាកាសភពអង្គារ ជារៀងរាល់ថ្ងៃនៅក្នុងរដូវរងា ដែលមានរយៈពេល ២៤ម៉ោងកន្លះ ក្នុង១ថ្ងៃ។ ដូច្នេះសរុបមក នៅរដូវរងាកម្ទេចទឹកកកទាំងនោះនឹងកកើតឡើង៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/ESA (ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤)