NASA គ្រោងផលិតតេឡេស្កូបថ្មី មានតួនាទី «ស្វែងរកភពអេលៀន» ជាចម្បង (មានវីដេអូ)
(បរទេស)៖ បើនិយាយពីតេឡេស្កូបអវកាសវិញ បច្ចុប្បន្ននេះមានតែ James Webb និង TESS ប៉ុណ្ណោះ ដែលត្រូវបានកំណត់មុខងារមួយផ្នែកឲ្យអាចសង្កេតរកមើល ភពដែលអាចឲ្យជីវិតកកើតឡើងដូចភពផែនដី ឬដែលយើងហៅជាសាមញ្ញៗថា ភពអេលៀន (alien planet) នោះ។ ប៉ុន្តែ, James Webb មានការងារត្រូវបំពេញច្រើន ហើយតួនាទីស្នូលរបស់ James Webb គឺការសិក្សាអំពីការកើតឡើងដំបូងៗនៃចក្រវាល (Universe) ប៉ុណ្ណោះ មិនមែនផ្តោតសំខាន់ទៅលើការរុករកភព Exoplanet ដែលឲ្យមានជីវិតរស់នៅនោះឡើយ។
ហេតុដូច្នេះ នៅកំលុងខែមិថុនា ឆ្នាំ២០២៤ មានព័ត៌មានលេចឮកាន់តែច្បាស់មកថា អង្គការ NASA នៃសហរដ្ឋអាមេរិក កំពុងតែត្រៀមផលិតតេឡេស្កូបអវកាសថ្មីមួយ ដោយមានមុខងារស្នូលក្នុងការសង្កេតរក ភពដែលអាចទ្រទ្រង់ជីវិត (alien planet ឬ habitable exoplanet) នៅប្រព័ន្ធផ្កាយនានាក្នុងកាឡាក់ស៊ី Milky Way នេះ។ អង្គការ NASA បានចុះកិច្ចព្រមព្រៀងដំបូងជាមួយយក្រុមហ៊ុនចំនួន ៣ នៅសហរដ្ឋអាមេរិក ដើម្បីឲ្យពួកគេធ្វើការសិក្សាស្រាវជ្រាវជាមុនទៅលើការច្នៃម៉ូដ និងកំណត់មុខងារសំខាន់ៗនៃតេឡេស្កូប ជាមួយនឹងទឹកប្រាក់ដំបូង ១៧.៥លានដុល្លារ។ កិច្ចការងារនេះអាចនឹងចាប់ផ្តើមនៅកៀកចុងឆ្នាំ២០២៤ នេះតទៅហើយ។
តេឡេស្កូបដែលអាចនឹងលេចចេញជារូបរាងនៅទសវត្សរ៍ក្រោយនេះ មានឈ្មោះជាបណ្តោះអាសន្នថ្មីថា Habitable Worlds Observatory (HWO) ឬ «តេឡេស្កូបសង្កេតរកពិភព ដែលអាចមានជីវិតរស់នៅ» ដែលគម្រោងដើមកាលពីឆ្នាំ២០២១ បានដាក់ឈ្មោះឲ្យថា Habitable Exoplanet Observatory ឬ HabEX។ គោលដៅចម្បងរបស់ HWO គឺស្វែងរកភព Exoplanet ដែលកំពុងមានជីវិតដូចភពផែនដី ហើយគោចរជុំវិញផ្កាយដូចជាព្រះអាទិត្យរបស់យើងនេះដែរ។ ប្រាកដណាស់ HWO នឹងមានកម្មវិធីសង្កេតរកភព alien ក្នុងទ្រង់ទ្រាយធំជាងតេឡេស្កូបអវកាសមុនៗ ហើយកញ្ចក់ Lens របស់វា ក៏នឹងមានភាពវិសេសជាងផងដែរ នោះទើបអាចឆ្លុះរកឃើញចំណុចពិសេសៗនៃភព exoplanets ដែលស្ថិតចម្ងាយរាប់ឆ្នាំពន្លឺពីផែនដីឡើងទៅទាំងនោះបាន។
ជាផ្នែកដ៏សំខាន់មួយដែរនៃ HWO តេឡេស្កូបអវកាសនេះនឹង «ផ្តិតរូបភាពដោយផ្ទាល់» តែម្តងទៅលើបេក្ខភាពនៃភព Exoplanet ក្នុងចំនួនយ៉ាងហោចណាស់ ២៥ភព ដែលគេសង្ស័យថា អាចមានជីវិតកំពុងរស់នៅ ព្រមទាំងធ្វើការវិភាគទៅលើការប្រែប្រួលទម្រង់ពណ៌នៃពន្លឺ ក្នុងបរិយាកាសភពទាំងនោះ (spectrographic) ដើម្បីយល់ដឹងអំពីធាតុគីមីផ្សំនានាដែលអាចមានពាក់ព័ន្ធនឹងជីវិត។ សម្រាប់គោលគំនិតគំនិតពីមុន HWO ឬ HabEX អាចនឹងត្រូវដោយខែលទប់ពន្លឺផ្កាយ (starshade) នៅក្នុងគន្លងគោចរជាមួយវាផងដែរ ព្រោះថាពន្លឺផ្កាយនានាអាចរំខានដល់ការឆ្លុះមើលវត្តមាន ក៏ដូចជាព័ត៌មានទាំងឡាយ អំពីភពគោចរជុំវិញផ្កាយទាំងនោះ។
ថ្វីត្បិតដែលគោលដៅខាងលើនេះ ស្តាប់មើលទៅមានលក្ខណៈប្រកបដោយមហិច្ឆតា និងភាពដែលអាចទៅរួចខ្ពស់ តែក្រុមអ្នកសិក្សាស្រាវជ្រាវនឹងត្រូវការពេលវេលាច្រើន ព្រោះវាកំពុងស្ថិតនៅក្នុងដំណាក់កាលគូសវាសផែនការលើក្រដាសសិនប៉ុណ្ណោះ។ សម្រាប់ក្រុមហ៊ុនទាំង ៣ ដែល NASA បានចុះកិច្ចព្រមព្រៀងឲ្យអភិវឌ្ឍ HWO ចេញមកនោះមានដូចជា Intuitive Machines, Lunar Outpost និង Venturi Astrolab។ យ៉ាងណាក៏ដោយ ក្រៅពីគោលដៅចម្បងក្នុងការស្វែងរកភពអាចមានជីវិតនៅប្រព័ន្ធផ្កាយដទៃ HWO ក៏នឹងអាចត្រូវយកទៅសិក្សាលើការកកើតនៃកាឡាក់ស៊ី ព្រមទាំងប្រភពដើមនៃម៉ូលេគុល និងធាតុនានាក្នុងចក្រវាលផងដែរ។
ទឹកប្រាក់ ១៧.៥លានដុល្លារ សម្រាប់ការអភិវឌ្ឍចេញជា HWO ឲ្យចេញជាគំរូព្រាងនោះ គឺមិនច្រើននោះឡើយ បើធៀបនឹងការអភិវឌ្ឍតេឡេស្កូបអវកាស Hubble ព្រោះការផលិតចេញជារូបរាង Hubble និងបាញ់បង្ហោះទៅកាន់ទីអវកាស បូករួមទាំងការគ្រប់គ្រងផងដែរ បានចំណាយថវិកាសរុបរហូតដល់ទៅ ១៦ពាន់លានដុល្លារ ឯណោះកាលពីជាង ៣០ឆ្នាំមុន។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំង ៣ ខាងលើនេះមានពេល ២ឆ្នាំគត់ គិតត្រឹមចុងឆ្នាំ២០២៤ តទៅ សម្រាប់ការអភិវឌ្ឍគំរូព្រាងរបស់ HWO។
បើតាមគោលគំនិតរបស់ NASA តេឡេស្កូបអវកាស HWO នឹងតម្រូវបំពាក់ដោយគ្រឿងបរិក្ខាចម្បងៗដែលមានសមត្ថភាពសង្កេតរកសមាសធាតុគីមីផ្សំចម្បងៗដូចជា អុកស៊ីហ្សែន, មេតាន និងសញ្ញាសំខាន់ៗមួយចំនួនទៀត ដែលជាគន្លឹះឲ្យក្រុមអ្នកវិទ្យាសាស្ត្រ អាចវិភាគដឹងថាភពនោះសមនឹងមានជីវិតរស់នៅដែរឬមួយក៏អត់។ យ៉ាងណាក៏ដោយ កិច្ចការងារនេះក៏ត្រូវការឧទាហរណ៍ដែលមានស្រាប់ពី តេឡេស្កូបអវកាស James Webb និងតេឡេស្កូបអនាគតមួយទៀតនោះគឺ Nancy Grace ផងដែរ។
គួរបញ្ជាក់ថា ក្រោយការសិក្សាផែនការមេចប់នៅឆ្នាំ២០២៦ ទើបអង្គការ NASA អាចធ្វើការសម្រេចចិត្តថា នឹងផលិតតេឡេស្កូប HWO ខាងលើនេះឬអត់ (រង់ចាំការអនុម័តថវិកាពីរដ្ឋសិន) ហើយប្រសិនបើវានឹងត្រូវផលិតមែននោះកញ្ចប់ថវិកាដែលនឹងត្រូវចំណាយគឺ «១១ពាន់លានដុល្លារអាមេរិក» ខណៈការបាញ់បង្ហោះនឹងកើតឡើងនៅអំលុងឆ្នាំ២០៤០ឯណោះ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤)