ជោគជ័យ! NASA សង្គ្រោះយាន Voyager-1 បានទាំងស្រុងពីចម្ងាយ ២៤ពាន់លានkm (មានវីដេអូ)

2,129

(បរទេស)៖ រួចរាល់ហើយអ្នកទាំងអស់គ្នា… នៅទីបំផុតយើងទាំងអស់គ្នា អាចដកដង្ហើមបានធូរស្រាល, នេះបើតាមសេចក្តីបញ្ជាក់របស់វែបសាយអង្គការ NASA នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ព្រោះយានអវកាស Voyager 1 របស់ NASA បានដំណើរការពេញលេញឡើងវិញហើយ ដោយឧបករណ៍វិទ្យាសាស្ត្រទាំង បានបញ្ជូនទិន្នន័យនានា ដែលអាចប្រើការបានមកកាន់ផែនដីវិញ បន្ទាប់ពីបានជួបបញ្ហាស្ទើរតែនាំឲ្យគ្រប់គ្នាអស់សង្ឃឹមទៅហើយ កាលពីជាងកន្លះឆ្នាំមុន។

(Video From YouTube: Cambo Space Edu)

បញ្ហាធំបានផ្ទុះឡើងកាលពីអំលុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលដែលយាន Voyager 1 បានបាត់បង់សមត្ថភាពក្នុងការ «និយាយ» ជាមួយផ្នែកទំនាក់ទំំនងលើភពផែនដី។ អ្វីដែលកាន់តែស្មុគស្មាញជាងនេះទៅទៀតគឺ Voyager 1 បានចាប់ផ្តើមបញ្ជូន «ទិន្នន័យដែលមិនអាចប្រើការបាន» (លក្ខណៈ error) មកកាន់ក្រុមការងារលើផែនដី ជំនួសឱ្យលេខកូដ (code) រួមចំនួនពីរនោះគឺ 0s និង 1s ដែលតែងប្រើប្រាស់ជាធម្មតា។

(ឧបករណ៍សំខាន់ៗលើយាន Voyager-1)

ជាការពិតណាស់ យាន Voyager 1 មានអាយុ ៤៦ឆ្នាំទៅហើយ ដែលនេះពិតជាវ័យដ៏ចំណាស់បំផុតរួចទៅហើយ សម្រាប់យានអវកាសមួយ ដូច្នេះវាមិនមែនជារឿងដែលត្រូវភ្ញាក់ផ្អើលពេកនោះទេ ដែលសុខភាពរបស់យាននេះ អាចនឹងទ្រុឌទ្រោមភ្លាមៗនោះ។ នេះយើងមិនទាំងនិយាយដល់ ការកំពុងស្ថិតនៅក្នុងទីអន្តរអវកាស ឬអន្តរតារា (Interstellar Space) ដែលមានចម្ងាយប្រមាន ២៤ពាន់លានគីឡូម៉ែត្រ ពីភពផែនដីនោះផង។

បន្ទប់គ្រប់គ្រងបេសកកម្មអវកាស NASA (រូបភាពពី NASA)

ក្រុមការងារគ្រប់គ្រងបេសកកម្មយាន Voyager 1 បានប្តេជ្ញាជានិច្ចថា ពួកគេនឹងមិនត្រឹមតែស្វែងរកឲ្យឃើញ នូវអ្វីដែលកំហុសប៉ុណ្ណោះទេ តែក៏ត្រូវកែកំហុសឆ្គងនោះឲ្យបានផងដែរ ហើយនៅទីបំផុតពួកគេពិតជាសម្រេចបានជោគជ័យមែន។ ក្រុមអ្នកជំនាញ NASA បានអះអាងថា បញ្ហាពិតប្រាកដ គឺស្ថិតនៅលើប្រព័ន្ធរង សម្រាប់ផ្ទុកទិន្នន័យនៃការហោះហើរ (Flight Data Subsystem ឬ FDS) ដែលយាននេះប្រើប្រាស់ ដើម្បីប្រមូលទុកទិន្នន័យជាមុន មុននឹងត្រូវបាញ់បញ្ជូនមកកាន់ផែនដី។ ភាពច្របូកច្របល់បន្ថែមទៀតនោះ គឺទៅលើការវែករក «បន្ទះឈីបពិតប្រាកដ» ដែលបានបង្កឲ្យមានបញ្ហាធំនេះឡើយ ហើយបញ្ហានេះក៏បានតម្រូវក្រុមការងារ NASA ធ្វើការវែករកមើលម្តងមួយដំណាក់កាលៗ យ៉ាងប្រុងប្រយ័ត្នផងដែរ។

យានអវកាស Voyager-1 (រូបភាពពី NASA)

បន្ទាប់ពីក្រុមការងារ NASA បានផ្លាស់ប្តូរលេខកូដទៅកាន់ទីតាំងថ្មីក្នុងប្រព័ន្ធ FDS នៅទីបំផុត Voyager 1 បានចាប់ផ្តើមបញ្ជូនទិន្នន័យដែលអាចប្រើការបាន មកកាន់ភពផែនដីវិញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ (ដូចដែល Cambo Space ធ្លាប់បានចេញផ្សាយម្តងរួចមកហើយ) ប៉ុន្តែកាលណោះមានតែឧបករណ៍វិទ្យាសាស្រ្ត ក្នុងចំណោមឧបករណ៍វិទ្យាសាស្រ្តចំនួន ប៉ុណ្ណោះដែលបានដំណើរការ។ យ៉ាងណាក៏ដោយ ជិតពីរខែក្រោយមកទៀត ឧបករណ៍វិទ្យាសាស្ត្រចំនួន ទៀតនោះរបស់ Voyager 1 ក៏អាចដំណើរការជាថ្មី ដែលធ្វើឲ្យដៃជើងរបស់យាននេះមានពេញលេញឡើងវិញ និងអាចបន្តបេសកកម្មក្នុងតំបន់អន្តរអវកាស ហើយទាក់ទងជាមួយផែនដីជាប្រចាំទៅថ្ងៃមុខទៀតបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤)

480×240 Banner