ឧបសគ្គធំមួយ នៃអនាគតមនុស្សលើភពអង្គារ ត្រូវយាន Curiosity ថតបានស្តែងៗតែម្តង (រូបភាព+វីដេអូ)
(បរទេស)៖ យើងបានដឹងរួចហើយថា កាលពីអំលុងខែចុងខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះប៉ុណ្ណោះ ឥទ្ធិពលនៃការផ្ទុះជះអណ្តាតភ្លើងពីព្រះអាទិត្យ (Solar Flare) ក្នុងកម្រិតខ្លាំងបំផុត បានបង្កើតចេញទៅជាព្យុះភូមិសាស្ត្រម៉ាញេទិច (geomagnetic storm) ដែលភពផែនដីមិនធ្លាប់បានជួបប្រទះ តាំងតែពីឆ្នាំ២០០៣ ហើយក៏បានបង្កើតចេញទៅជាពន្លឺសំរាំងប៉ូល ឬអូរ៉ូរ៉ា (Aurora) ដែលអាចជាកម្រិតខ្លាំងបំផុត មិនធ្លាប់មានក្នុងអំលុងពេល ៥០០ឆ្នាំ ចុងក្រោយនេះផងដែរ។
ជាការពិតណាស់, ផែនដី និងភពព្រះអង្គារ (Mars) មានព្រះអាទិត្យតែមួយ ហើយព្រឹត្តិការណ៍ solar flare ជះចេញក្នុងកម្រិតខ្ពស់បំផុតដល់ X-class កាលណោះ បានជះឥទ្ធិពលលើភពអង្គារយ៉ាងកម្រោលតែម្តង ដោយយាន Curiosity នៃអង្គការ NASA ដែលកំពុងស្ថិតនៅជម្រាលភ្នំ Mount Sharp នៃរណ្តៅ Gale Crater លើភពអង្គារនោះ បានផ្តិតយកទិដ្ឋភាពនោះស្តែងៗតែម្តង តាមរយៈកាមេរ៉ាចង្អុលទិសដៅ (navigation cameras ឬ NavCams) មួយចំនួននៅលើយាននោះ។

នៅលើភពផែនដី ទោះព្យុះព្រះអាទិត្យមានកម្រិតខ្លាំងប៉ុណ្ណោះ ក៏អាចត្រឹមបង្កជាពន្លឺ Aurora នៅលើតំបន់ប៉ូលទាំង ២ របស់ភពយើងប៉ុណ្ណោះ ព្រោះតែផែនដីមានខែលម៉ាញេទិចដ៏រឹងមាំ ដែលបង្កើតចេញពីក្នុងស្នូលដែក និងនីកែលរឹងដ៏ក្តៅគគុក ខណៈដែនម៉ាញេទិច (magnetic field) ភពយើងនេះ អាចលាតសន្ធឹងដល់ចម្ងាយ រាប់សែនគីឡូម៉ែត្រពីផ្ទៃភព ដើម្បីទល់រលកធាតុវិទ្យុសកម្ម (radiation) ជះចេញពីព្រះអាទិត្យនោះបាន។ យើងក៏មាននូវស្រទាប់បរិយាកាសក្រាស់ ដើម្បីទប់ទល់ឥទ្ធិពលអាក្រក់ ពីព្រះអាទិត្យថែមមួយកម្រិតទៀតផងដែរ។

ផ្ទុយទៅវិញ ភពអង្គារមិនមានខែលម៉ាញេទិច ដូចភពផែនដីឡើយ ខណៈបរិយាកាសភពក្រហមនោះវិញ ក៏ស្មើមិនដល់ ១% នៃកម្រាស់បរិយាកាសផែនដីនោះដែរ។ ភាពស្តើងបំផុតនៃបរិយាកាស និងការគ្មានខែលម៉ាញេទិចនេះហើយ ទើបព្យុះព្រះអាទិត្យ ដែលនាំមកជាមួយនូវធាតុវិទ្យុសកម្មដ៏កំណាច តែងតែធ្លាក់ស្រោចយ៉ាងដំណំ លើផ្ទៃភពនោះ នៅរៀងរាល់ពេលកើតមានព្យុះព្រះអាទិត្យ។

ការថតបានជាក់ស្តែងនូវ ឥទ្ធិពលធាតុវិទ្យុសកម្មពីព្រះអាទិត្យ លើផ្ទៃភពអង្គារដោយ Curiosity កាលពីអំលុងចុងខែឧសភា ឆ្នាំ២០២៤ បានបង្ហាញកាន់តែច្បាស់ថា នោះនឹងក្លាយជាគ្រោះថ្នាក់សម្រាប់មនុស្ស នៅថ្ងៃអនាគត ដែលពួកគេបោះមូលដ្ឋានស្នាក់នៅលើភពអង្គារ។ ទោះបីជាមនុស្ស នឹងមានខែលការពារលើនោះក្តី តែយើងនឹងគ្មានសេរីភាពសូម្បីដើរហើរចេញក្រៅ គ្រប់ពេលដូចនៅលើផែនដីឡើយ។

យោងតាមអ្នកជំនាញ NASA ប្រសិនបើគ្មានខែលការពារ ហើយខ្លួនអ្នកប៉ះត្រូវបានផ្ទាល់ នឹងរលកធាតុវិទ្យុសកម្មលើភពអង្គារនោះ បើត្រឹមកម្រិតខ្សោយអ្នកនឹងអាចប្រឈមមុខជំងឺមហារីកនៅថ្ងៃអនាគត, តែបើស្ថិតក្នុងកម្រិតធ្ងន់ធ្ងរដល់រាប់ខែវិញ អ្នកនឹងអាចឈានទៅបាត់បង់ជីវិតបាន។ អ្វីដែលអ្នកគួរដឹងបន្ថែម នោះគឺមិនចាំបាច់ដល់ពេលមាន ព្យុះព្រះអាទិត្យ និងធាតុវិទ្យុសកម្មនោះឡើយ ដោយនៅលើផ្ទៃភពអង្គារ ក៏មានសុទ្ធតែជាឧស្ម័នពុលដូចជា កាបូនឌីអុកស៊ីត (carbon dioxide) និងអូហ្សូន (Ozone) ដែលអាចប៉ះពាល់ដល់ជីវិតអ្នកផងដែរ ប្រសិនបើប៉ះត្រូវផ្ទាល់នឹងបរិស្ថានបែបនោះ។

គួរបញ្ជាក់ថា ឥទ្ធិពលនៃព្យុះព្រះអាទិត្យ ដែលកាមេរ៉ា Curiosity ផ្តិតបានកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នោះ ត្រូវបានគណនាដោយឧបករណ៍វាស់កម្រិតរលកធាតុវិទ្យុសកម្ម RAD លើយាននោះឲ្យឃើញថា វាមានកម្រិត ៨,១០០ micrograys ដែលធ្វើឲ្យរូបភាព និងវីដេអូដែលត្រូវបានថតនោះមើលទៅព្រាលៗយ៉ាងខ្លាំង (វីដេអូបែកគ្រាប់) ដោយសារតែវាជាធាតុវិទ្យុសកម្មក្នុងកម្រិតខ្ពស់បំផុត ដែលយានកង់ ៦ នេះមិនធ្លាប់ជួបប្រទះឡើយ គិតចាប់តាំងពីវាបានចុះទៅដល់ទីនោះ កាលពីឆ្នាំ២០១២។ សម្រាប់ការប៉ះពាល់នឹងធាតុវិទ្យុសកម្ម ក្នុងកម្រិតខាងលើនេះ នឹងមិនអាចប៉ះពាល់ដល់អាយុជីវិតអ្នកឡើយ តែអវកាសយានិកនៅថ្ងៃអនាគត ក៏នឹងត្រូវគេចចេញពីស្ថានភាពបែបនោះឲ្យខាងតែបានដែរ ព្រោះការប៉ះពាល់ញឹកញាប់ នឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតដោយគេចមិនរួច៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science/NASA (ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤)
