យល់ដឹង ០៥ ចំណុចនេះរួច… សូមឈប់ទទួលទានអាហារ ដោយប្រញាប់ទៀតណា.
(បរទេស)៖ មនុស្សយើងសព្វថ្ងៃកំពុងតែរស់នៅក្នុងពិភពមួយ ដែលកំពុងតែធ្វើដំណើរទៅមុខយ៉ាងលឿន។ ពីមួយថ្ងៃទៅមួយថ្ងៃ ការងារអ្វីមួយដែលកើតឡើងយឺតៗ ហាក់បីដូចជារឿងដ៏ល្អមួយទៅវិញទេ ដូចជានៅពេលញ៉ាំអាហារជាដើម។
តើអ្នកមានដឹងទេថា ការញ៉ាំអាហារដោយមិនមានអារម្មណ៍ប្រញាប់ប្រញាល់នោះ មានប្រយោជន៍ច្រើនប៉ុណ្ណាទេ? ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីហេតុផលដ៏ល្អបំផុតចំនួន ០៥ ដែលអ្នកគួរតែព្យាយាមញ៉ាំអាហារឲ្យបានយឺតៗ និងកុំលឿនពេក៖
១. ជួយសម្រកទម្ងន់៖ ខួរក្បាលរបស់មនុស្សយើងនឹងដឹងថា ក្រពះមានអាហារពេញ ក្រោយពីយ៉ាងញ៉ាំអាហារបាន ១៥ ទៅ ២០នាទី។ ដូច្នេះបើសិនជាអ្នកធ្វើញ៉ាំអាហារលឿនរួចមុនពេលវេលាខាងលើ វាពិតជាពិបាកណាស់ក្នុងការដែលខួរក្បាលកំណត់ដឹង ហើយក៏ពិបាកការពារកុំឲ្យឡើងទម្ងន់ដែរ។
២. ជំរុញដល់សុខភាពរំលាយអាហារកាន់តែល្អ៖ ហេតុផលចំបងមួយដែលនាំឲ្យឈឺក្រពះនោះ គឺដោយសារតែអាហារចូលក្នុងក្រពះលឿនពេក។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺអ្នកមិនបានទំពារអាហារបានល្អិតល្អ ដូច្នេះវាពិតជាដាក់សម្ពាធកាន់តែខ្លាំងដល់ក្រពះ ដើម្បីកិនអាហារធំៗ។
៣. រីករាយនឹងចំណីអាហារ៖ សម្រាប់ពេលបច្ចុប្បន្ននេះ មិនមានមនុស្សច្រើនទេ ដែលមានពេលវេលាគ្រប់គ្រាន់ ដើម្បីញ៉ាំអាហារឡើយ ដូច្នេះបើសិនជាគេមានពេលវេលាតិចតួច នោះគេមិនបានមើលឃើញថា អាហាររបស់គេឆ្ងាញ់ប៉ុណ្ណាឡើយ ព្រោះកំពុងតែរវល់ញ៉ាំឲ្យលឿន នឹងអាលត្រឡប់ទៅធ្វើការវិញ។ ផ្ទុយទៅវិញ បើសិនជាអ្នកប្រើពេលវេលាញ៉ាំវាយឺត និងយកអារម្មណ៍នោះមកមើលនូវអាហារលើតុ ដែលអ្នកកំពុងតែញ៉ាំនោះ វានឹងធ្វើឲ្យអ្នកយល់ថា ខ្លួនឯងពិតជាមានមោទនភាព ចំពោះអាហារទាំងនោះជាមិនខាន។
៤. ជួយសន្សំលុយ៖ ការដែលចំណាយពេលវេលាញ៉ាំអាហារយឺតៗ អ្នកនឹងមានអារម្មណ៍ថា រាងកាយញ៉ាំឆាប់ឆ្អែត និងមិនងាយហៅអាហារញ៉ាំបន្ថែមទៀត កាន់តែច្រើនឡើយព្រមទាំងយល់ថា ក្នុងពោះឆ្អែតល្អទៀតផង។ ដូច្នេះការញ៉ាំអាហារយឺតៗ មិនត្រឹមតែផ្តល់សុខភាពទេ ថែមទាំងជួយសន្សំលុយលើការញ៉ាំអាហារច្រើនជ្រុលថែមទៀត។
៥. បំបាត់ស្ត្រេស៖ តើអ្នកកំពុងតែជួបនូវជីវិត ប្រកបដោយភាពតានតឹងខ្លាំងមែនទេ? ចូរប្រាកដថា អ្នកបានប្រើប្រាស់ឱកាសមួយដើម្បីដោះស្រាយវាហើយ តាមរយៈការចំណាយពេលវេលាពីរបីនាទី ញ៉ាំអាហារលើតុយឺតៗ។ នេះដោយសារតែ ការទំពារអាហារមួយៗបានយ៉ាងល្អ រាងកាយអ្នកនឹងអាចទទួលបានជីវជាតិទាំងអស់ ហើយក៏ជួយសម្រួលដល់អាការៈតានតឹង និងស្ត្រេសបានទៀតផង៕