ជាលើកដំបូងដែលរកឃើញ ថ្មប្រភេទនេះលើភពព្រះអង្គារ, យាន Perseverance ជាអ្នកថតបាន (រូបភាព+វីដេអូ)
(បរទេស)៖ ការរកឃើញអ្វីមួយដែលប្លែក និងថ្មី តែងតែត្រូវបានចាត់ទុកជា ចំណុចគួរឲ្យចាប់អារម្មណ៍ និងមានតម្លៃខ្ពស់ដល់ការសិក្សាស្រាវជ្រាវ ហើយជាការពិតណាស់ បច្ចុប្បន្នគ្រឿងយន្តចល័ត (rover) ចំនួន ២ របស់ NASA នោះគឺ Curiosity និង Perseverance កំពុងតែបន្តសិក្សាស្រាវជ្រាវ លើផ្ទៃភពអង្គារយ៉ាងសកម្មដដែល។
ងាកពីយាន Curiosity ដែលទើបភ្លក្សបទពិសោធន៍ដំបូង នៃព្យុះព្រះអាទិត្យកម្រិតធ្ងន់បំផុត កាលពីកំលុងចុងខែឧសភា ឆ្នាំ២០២៤ ដែលយានកង់ ៦ មួយនេះមិនដែលជួបប្រទះសោះ តាំងតែពីការចុះទៅដល់រណ្តៅ Gale Crater នៃភពអង្គារកាលពីឆ្នាំ២០១២នោះ យាន Perseverance ដែលកំពុងស្ថិតក្នុងអតីតបឹង Jezero វិញនៅកំលុងចុងខែឧសភាដូចគ្នានោះ បានថតជាប់ដុំថ្មមានពណ៌សភ្លឺ និងមានអុចខ្មៅៗផងដែរ។

យោងតាមក្រុមការងារគ្រប់គ្រងបេសកកម្ម Perseverance របស់អង្គការ NASA នេះគឺជាលើកដំបូងហើយដែលយានកង់ ៦ មួយគ្រឿងនេះបានថតបានដុំថ្មប្រភេទដូចខាងលើ ខណៈដុំថ្មភាគច្រើនបំផុតលើភពអង្គារ តែងបង្ហាញពណ៌ក្រមៅ, ប្រផេះ និងក្រហមៗដូចជាផ្ទៃដីរបស់ភពនោះ។ ដោយសារតែលក្ខណៈពិសេសប្លែកពីគេនេះ NASA បានដាក់ឈ្មោះឲ្យដុំថ្មនោះថា Atoko Point ហើយវាអាចកំពុងលាក់អាថ៌កំបាំង អំពីអតីតកាលភពអង្គារផងដែរក៏ថាបាន។

ឈ្មោះ Atoko Point ខាងលើនេះគឺតំណាងឲ្យ តំបន់មានសភាពភ្លឺៗដូចគ្នាស្ថិតនៅជ្រលង Grand Canyon ដ៏ល្បីល្បាញនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។ បើតាមទិន្នន័យពី Perseverance ដុំថ្ម Atoko Point នោះមានទំហំ ៤៥ X ៣៥សង់ទីម៉ែត្រ (ឬបណ្តោយជិតកន្លះម៉ែត្រ) ត្រូវបានរកឃើញនៅក្បែរភ្នំ Mount Washburn ដែលស្ថិតនៅក្នុងរណ្តៅ Jezero ហើយប្រភេទថ្មសភ្លឺ និងមានអុចខ្មៅៗបែបនេះគឺ NASA មិនធ្លាប់បានជួបប្រទះនោះឡើយ នៅក្នុងបេសកកម្មលើភពអង្គារកន្លងមក។

យាន Perseverance បានប្រើប្រាស់កាមេរ៉ា SuperCam និង Mastcam-Z ដើម្បីឆ្លុះមើលប្រភេទនៃថ្មខាងលើនេះ ហើយនៅទីបំផុតគេបានដឹងថា Atoko Point នោះផ្សំឡើងពីសមាសធាតុថ្មី ២ប្រភេទ នោះគឺទី១ថ្ម ផាយរ៉កស៊ីន (pyroxene ឬ Px) ដែលផ្សំឡើងពីរ៉ែសំខាន់ៗមួយចំំនួន ជាពិសេសគឺធាតុ inosilicate ដែលជាប្រភេទដូចថ្មដុះលើភ្នំ និងជ្រលងភ្នំខ្លះៗលើភពផែនដីយើងផងដែរ។ សម្រាប់ទី២វិញគឺថ្មប្រភេទ ហ្វែលស្ប៉ា (feldspar) ដែលនៅលើផែនដីថ្មប្រភេទនេះមានលក្ខណៈស្រដៀងនឹងថ្ម មេតាម៉ូហ្វិច (metamorphic) ស្រដៀងនឹងថ្មភ្នំផ្ទុកដោយរ៉ែច្រើនប្រភេទដូចជា សូដ្យូម, ម៉ាញេស្យូម និងបារយ៉ូម នៅលើផែនដីដែរ។

គួរបញ្ជាក់ជាបឋមសិនថា ដុំថ្មដែលហាក់មានតែ ១ដុំប្លែកពីគេឯងខាងលើនេះ ទំនងជាបានទៅដល់ទីនោះ តាមរយៈលំហូរនៃទឹកទន្លេកាលពីរាប់ពាន់លានឆ្នាំមុន ឬក៏អាចមានប្រភពមកពីក្រោមដី ដោយការផុសចេញនូវកម្អែលភ្លើងពីក្រោមដីភពអង្គារ មុននឹងវាចុះត្រជាក់ហើយបន្សល់ទុកនូវរូបរាង ដូចយើងបានឃើញក្នុងរូបភាពជាក់ស្តែងនេះ។ បើតាមអ្នកវិទ្យាសាស្ត្រមកពី សាកលវិទ្យាល័យ Bellingham នៃរដ្ឋ Washington បានពន្យល់ថា ដុំថ្មដូចជា Atoko Point នេះជាប្រភេទដំបូងហើយ ដែលយើងបានរកឃើញ ខណៈបេសកកម្ម Perseverance បន្តទៅមុខក៏អាចនឹងរកឃើញបន្ថែមទៀតដែរ…៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ Live Science/NASA (ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤)
