តើអ្វីទៅជាសំណង់ Dyson Spheres ដែលកំពុងមានការចាប់អារម្មណ៍ក្នុងឆ្នាំ២០២៤នេះ? (មានវីដេអូ)
(បរទេស)៖ តារាវិទូមួយក្រុមបានប្រមូលផ្តុំគ្នាសង្កេតទៅលើ ពពួកផ្កាយចម្លែកៗមួយក្រុមដែលអាចកំពុងលាក់ សំណង់ដាយសុន (Dyson Spheres) ដែលជាសំណង់សិប្បនិម្មិតដ៏ធំធេង រចនាឡើងដោយពពួកជីវិតអេលៀនឆ្លាតវៃ (alien megastructures) នៅប្រព័ន្ធផ្កាយ និងភពដទៃ ដើម្បីប្រមូលថាមពលពីផ្កាយពួកវា។ ផ្ទុយទៅវិញ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា តារាចម្លែកៗទាំងនោះត្រឹមជា រចនាសម្ព័ន្ធនៅទីអវកាសមួយប្រភេទប៉ុណ្ណោះ នោះគឺ “hot DOGs” (ជាពពួកកាឡាក់ស៊ីដែលហ៊ុមព័ទ្ធដោយធូលីក្តៅ)។
កាលពីដើមឆ្នាំ២០២៤នេះ តាមរយៈតេឡេស្កូបអវកាសសង្កេតពន្លឺក្រហមអាំងហ្វ្រា Gaia របស់អង្គការអវកាសអឺរ៉ុប ESA និងតេឡេស្កូបលើដៅ 2MASS របស់ NASA ក្រុមតារាវិទូបានជ្រើសរើសបេក្ខភាពផ្កាយជាង ៥លានដួងមកធ្វើការស្ទាបស្ទង់ ដើម្បីស្វែងរកផ្កាយដែលហាក់ដូចជាកំពុងបញ្ចេញនូវ «ពន្លឺធាតុវិទ្យុសកម្មក្រហមអាំងហ្វ្រា (infrared radiation)» លើសគេឯង។ យោងតាមក្រុមអ្នកស្រាវជ្រាវ ប្រសិនបើផ្កាយណាមួយបញ្ចេញ infrared radiation លើសគេនោះ នឹងត្រូវចាត់ទុកថា «អាចជាសញ្ញាមកពី Dyson Sphere របស់ពួកអេលៀន» ហើយនៅទីបំផុតពួកគេបានរកឃើញ «បេក្ខភាពចំនួន៧» ដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុត។
- តើ Dyson Spheres ជាអ្វី?
Dyson Spheres ស្ថិតនៅក្នុងទ្រឹស្តី ដែលត្រូវបានរំលេចឡើងជាលើកដំបូង នៅអំលុងទសវត្សរ៍ ១៩៦០ ដោយរូបវិទូឈ្មោះ ហ្វ្រីមែន ដាយសុន (Freeman Dyson)។ ទ្រឹស្តីមួយនេះ គឺសម្តៅដល់ការសាងសង់សំណង់សិប្បនិម្មិតទាំងឡាយ ដែលទម្រង់ដូចជាសំបក ឬគ្រោងឆ្អឹងដ៏ធំសម្បើមហ៊ុមព័ទ្ធវិញផ្កាយ ដើម្បីស្រូបយកថាមពលពីពន្លឺ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នៅក្នុងទ្រឹស្ដីរបស់ Dyson សម្ភារៈដែលប្រើសម្រាប់សាងសង់សំណង់ទាំងនោះ គឺបានមកពីធនធាននៃភពរបស់ប្រព័ន្ធផ្កាយ និង Alien ទាំងនោះ។

នៅក្នុងទ្រឹស្តីខាងលើនេះ បានរំលេចទៀតថា ពពួក Alien ជឿនលឿនខ្លះ អាចប្រើប្រាស់ Dyson spheres ដើម្បីស្រូបយកថាមពលពីផ្កាយពួកគេ ក្នុងចំនួនច្រើនជាងរាប់លានដង បើធៀបនឹងថាមពលដែលមនុស្សលោកយើងមាននៅលើផែនដី ហើយថែមទាំងអាចធ្វើជាទីជម្រក ដ៏ប្រសើរសម្រាប់ពួកគេថែមទៀត។ ប៉ុន្តែគ្មានប្រព័ន្ធប្រមូលថាមពល ឬការប្រើប្រាស់ថាមពលណាដែលល្អឥតខ្ចោះនោះទេ។ ខណៈដែលសំណង់ Dyson Sphere ណាមួយ អាចប្រមូលយកថាមពលពីផ្កាយដែលស្ថិតនៅខាងក្នុងសំណង់របស់វានោះ វាក៏បញ្ចេញកំដៅពីផ្នែកខាងក្រៅរបស់វាវិញផងដែរ។

បើតាមទ្រឹស្តីរបស់ Dyson បានលើកឡើងថា សំណង់ Dyson Sphere អាចមានអង្កត់ផ្ចិត ៣០០លានគីឡូម៉ែត្រ ឬអាចនិយាយបានថា មានកាំប្រវែង ១៥០លានគីឡូម៉ែត្រ ដែលស្មើនឹងគម្លាតរវាងផែនដី និងព្រះអាទិត្យជាដើម។ ប្រការនេះមានន័យថា ពួក Alien អាចសាងសង់គ្រោងឆ្អឹងនៃ Dyson Sphere ឲ្យចេញជារចនាសម្ព័ន្ធសំណង់ ដែលហ៊ុមព័ទ្ធជុំវិញផ្កាយមួយនោះតែម្តង ហើយមានកាំប្រវែង ១៥០លានគីឡូម៉ែត្រ ដោយមានផ្កាយនោះជាចំណុចកណ្តាល។
- តើយើងធ្លាប់រកឃើញប្រព័ន្ធផ្កាយណាមួយ ដែលសង្ស័យថាមាន Dyson Sphere ហើយឬនៅ?
ដូចអ្វីដែលត្រូវបានបានបញ្ជាក់ នៅខាងដើមអត្ថបទនេះថា ការសង្កេតរកឃើញ Dyson Sphere គឺត្រូវតែជាការសង្កេតរកការជះចេញនូវ ពន្លឺនៃធាតុវិទ្យុសកម្មក្រហមអាំងហ្វ្រា (infrared radiation) ចេញពីប្រព័ន្ធណាមួយនោះ ព្រោះពេលមានសំណង់នោះកើតឡើង ពន្លឺ (light) ធម្មតានៃផ្កាយនោះ នឹងត្រូវបិទបាំងអស់ច្រើន, ដូច្នេះនៅសល់តែ infrared radiation ប៉ុណ្ណោះ ដែលអាចត្រូវបញ្ចេញមកពីសំណង់នោះ (បើយោងតាមទ្រឹស្តី)។

នៅក្នុងលទ្ធផលសិក្សាពីមុន ក្រុមតារាវិទូបានរកឃើញបេក្ខភាពតារាចំនួន ៧ ដែលសុទ្ធសឹងតែស្ថិតនៅចម្ងាយខ្ទង់ ១,០០០ឆ្នាំពន្លឺពីភពផែនដី ត្រូវបានចាត់បញ្ចូលទៅក្នុង បេក្ខភាពល្អជាងគេពាក់ព័័ន្ធនឹងប្រធានបទ Dyson Sphere។ ប៉ុន្តែ, នៅក្នុងការសិក្សាថ្មីចុងក្រោយ ដែលត្រូវបានបញ្ជូនទៅកាន់ អង្គភាពផ្ទុកទិន្នន័យព្រាងសកលនោះគឺ arXiv កាលពីអំលុងខែឧសភា ឆ្នាំ២០២៤ តារាវិទូថ្មីមួយក្រុមទៀតបានត្រួតពិនិត្យ បេក្ខភាពទាំង ៧ នោះយ៉ាងលម្អិត។
ក្រុមតារាវិទូបានរកឃើញថា «បេក្ខភាព ៣ ក្នុងចំណោមនោះ គឺអាចជាប្រភេទកាឡាក់ស៊ីពិសេសដែលគេស្គាល់ថា ជាកាឡាក់ស៊ីដែលបិទបាំងដោយធូលីក្តៅ ឬមានរហស្សនាមថា ពពួកកាឡាក់ស៊ី “Hot DOGs”»។ ដោយឡែក បេក្ខភាព ៤ ទៀត ត្រូវបានក្រុមតារាវិទូសិក្សាបន្ត ហើយនៅទីបំផុតក៏បានរកឃើញដែរថា ពួកវាស្ថិតនៅជំពូកកាឡាក់ស៊ី Hot DOGs ដូចគ្នាទាំងអស់។

សរុបសេចក្តីមក ទោះបីជាការសិក្សាកន្លងមកនេះ មិនបានបង្ហាញអ្វីសោះ អំពី Dyson Sphere ដូចដែលមានក្នុងទ្រឹស្តី ក្នុងន័យបំពេញចំណង់ដល់អ្នកគាំទ្រ ទ្រឹស្តីអំពីជីវិតភពផ្សេង (alien) ក៏ដោយ តែវាក៏មិនមែនជារឿង ដែលឥតប្រយោជន៍នោះដែរ។ ប្រយោជន៍ គឺបានមកពីការសិក្សា និងវិភាគ ដែលជាកិច្ចការងារត្រូវធ្វើរួមគ្នា និងជាលក្ខណៈអន្តរជាតិ ហើយប្រាកដណាស់ កិច្ចការដែលប្រកបដោយទស្សនវិស័យច្បាស់លាស់ នឹងអាចឲ្យយើងទាំងអស់គ្នារកឃើញ អ្វីដែលមិនមែនជា Hot DOGs ទៀតក៏ថាបាន…៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ Live Science via arXiv (ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤)
(លោកអ្នកអាចចូលរួមឧបត្ថម្ភការផ្សាយរបស់ Cambo Space បាន)
