ក្រោយជោគជ័យលើបេសកកម្ម «ឆាងអឺ៦ (Chang’e-6)» នៅឋានព្រះចន្ទ, តើចិននឹងធ្វើបន្តទៀត? (មានវីដេអូ)
(បរទេស)៖ បន្ទប់ (capsule) ផ្ទុកសំណាក (sample) ដែលដឹកយកមកពីផ្នែក far side របស់ព្រះចន្ទនោះ បានចុះចតដោយជោគជ័យនៅវាលខ្សាច់មួយនៃតំបន់ស្វ័យត Inner Mongolia ភាគខាងជើងប្រទេសចិនហើយ កាលពីវេលាម៉ោង ២៖០៧នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅទីក្រុងប៉េកាំង) ដូចការគ្រោងទុក ១០០% សម្រាប់បេសកកម្មឆាងអឺ៦ (Chang’e-6) របស់ប្រទេសចិន ហើយកិច្ចការបន្ទាប់ទៀតនោះ គឺការបើកប្រអប់ស្តុកសំណាក និងវិភាគអំពីសមាសធាតុផ្សំនៃសំណាកដំបូង ដែលត្រូវបានជីកយកពីផ្នែកនៃព្រះចន្ទ ដែលមិនបែរមករកផែនដីនោះប៉ុណ្ណោះ។
កាលពីខែមករា ឆ្នាំ២០១៩ ចិនបានក្លាយជាប្រទេសដំបូងគេលើលោក ដែលបានបញ្ជូនយានទៅចុះចតនៅផ្នែក far side របស់ព្រះចន្ទដោយជោគជ័យ តាមរយៈបេសកកម្ម Chang’e-4 ហើយសម្រាប់បេសកកម្ម Chang’e-6 នៅខែមិថុនា ឆ្នាំ២០២៤ ក៏ស្ថិតក្នុងនាមជាប្រទេសដំបូងគេផងដែរ ដែលទទួលបានជោគជ័យក្នុងការជីកយកសំណាក (កម្ទេចដី ឬថ្ម) ពីផ្នែក far side នោះ។

មិនត្រឹមតែទៅជាមួយនឹងឧបករណ៍ខួងយកសំណាក (sample) ដើម្បីដឹកនាំយកមកផែនដីវិញនោះឡើយ តែក្នុងខ្លួនយាន Chang’e-6 ក៏មាននូវគ្រឿងយន្តចល័ត (rover) មួយគ្រឿងទៀតផងដែរ សម្រាប់បំពេញបេសកកម្មនៅផ្នែក Far Side របស់ព្រះចន្ទនោះ ហើយនេះជា rover ទី៣ បន្ទាប់ពី rover ២គ្រឿងពីមុននោះគឺ Yutu-1 និង Yutu-2 ដើរដោយថាមពលព្រះអាទិត្យ ដែលបានសម្រេចជោគជ័យរួចមកហើយ។
មន្ត្រីនៃរដ្ឋបាលអវកាសជាតិចិន (CNSA) បានរៀបរាប់កាលពីដើមខែឧសភា ឆ្នាំ២០២៤ថា «Chang’e-6 ជាបេសកកម្មជីកយកសំណាកពីព្រះចន្ទ ហើយដឹកជញ្ជូនមកផែនដីវិញ ដោយប្រើប្រាស់គ្រឿងយន្ត។ វាបានឆ្លងកាត់វិស្វកម្ម និងការច្នៃបង្កើតថ្មីដ៏ស្មុគស្មាញ ព្រមទាំងប្រកបភាពលំបាកលំបិន និងហានិភ័យខ្ពស់បំផុត…»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ យាន ឆាងអឺទី៦ (Chang’e-6) របស់ប្រទេសចិន ត្រូវបានគ្រាប់រ៉ុក្កែត Long March 5 ពាំនាំចេញពីមូលដ្ឋានបាញ់បង្ហោះ វិនឆាង (Wenchang) នៃខេត្តដីកោះ ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន និងបានចុះចតទៅតាមគោលដៅ នៅក្នុងរណ្តៅ Apollo crater នៃតំបន់ Aitken basin នៃផ្នែក far side ក្បែរប៉ូលខាងត្បូងព្រះចន្ទ នៅវេលាម៉ោង ៦៖២៣នាទីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅប៉េកាំង)។

ដោយសារតែផ្នែក Far Side មិនមែនមករកផែនដី ដូច្នេះការធ្វើទំនាក់ទំនងជាមួយ ទីបញ្ជាការយានលើផែនដី ក៏ត្រូវបត់បែនទៅតាមនោះដែរ។ មិនខុសពីបេសកកម្ម Chang’e-4 នោះឡើយ ចិនប្រើប្រាស់ផ្កាយរណបដើម្បីទទួល និងផ្ទេរទិន្នន័យមួយឈ្មោះ Queqiao-2 ដោយស្ថិតក្នុងគន្លងគោចររបស់ព្រះចន្ទ ហើយរង់ចាំទទួលទិន្នន័យបាញ់មកពីយាន Chang’e-6 ដែលស្ថិតនៅផ្នែក Far Side នោះ រួចទើបបាញ់បញ្ជូនមកផែនដីបន្ត (ទស្សនារូបភាពដើម្បីយល់ដឹងបន្ថែម)។
- របកគំហើញបឋមរបស់ Chang’e-6 (មិនទាន់គិតពីសំណាក)
ជាការពិតណាស់ ចំណុចស្នូលរបស់របស់បេសកកម្មនេះ គឺការជីកយកសំណាក រួចដឹកមកផែនដីវិញ ដើម្បីធ្វើការពិសោធន៍ ប៉ុន្តែនៅក្នុងបេសកកម្ម Chang’e-6 នោះក៏មានឧបករណ៍ពិសេស ដែលដៃគូសហការរបស់ CNSA នោះគឺអង្គការអវកាសអឺរ៉ុប (ESA) ផ្ញើទៅជាមួយផងដែរ ហើយវាជាឧបករណ៍សង្កេតរក អីយ៉ុង (ion detector)។ នេះជាបេសកកម្មផ្ទាល់លើកដំបូងរបស់ ESA លើព្រះចន្ទ និងជាលើកទី១ផងដែរ សម្រាប់អង្គការអឺរ៉ុបមួយនេះ ក្នុងកិច្ចសហការជាមួយចិន។

ទាំងឧបករណ៍របស់ ESA និង CNSA នៅលើយាន Chang’e-6 បានរកឃើញ ភាគល្អិតផ្ទុកបន្ទុកអគ្គិសនី (charged particles) ដែលមានប្រភពមកពីព្រះអាទិត្យ។ ខណៈដែនម៉ាញេទិចផែនដី អាចការពារភពនេះពីព្យុះព្រះអាទិត្យ ដោយសារតែការអាចរុញច្រាន និងចាប់យកភាគល្អិត charged particles ពីព្រះអាទិត្យនោះ ព្រះចន្ទឯណោះវិញគឺខ្វះខាតដែនម៉ាញេទិចបែបនេះ។ ដូច្នេះឧស្ម័ននៅក្នុងបរិយាកាសដ៏ស្តួចស្តើងរបស់ព្រះចន្ទដូចជា អេល្យូម អាម៉ូញាក់ មេតាន និងកាបូនឌីអុកស៊ីត ព្រមទាំងមួយចំនួនតូចទៀត ត្រូវបានព្យុះព្រះអាទិត្យ និងការធ្វើប្រតិកម្មអ៊ីយ៉ុង បោកបក់យកទៅអស់តាមលំហូរនៃផ្លាស្មាព្រះអាទិត្យ។
យើងនឹងអាចស្វែងយល់ដំណើរនេះបន្ថែមទៀត នៅពេលដែលក្រុមការងារចិនបើកប្រអប់ និងវិភាគសំណាកនៃកម្ទេចដី ឬថ្ម (ជាភាសាអង់គ្លេសហៅថា regolith) ដែលបេសកកម្ម Chang’e-6 ទើបបានដឹកយកមកទម្លាក់លើភពផែនដីនោះ។ យ៉ាងណាក៏ដោយ ESA ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ផងដែរ អំពីសមិទ្ធផលដែលសម្រេចបាន ជាមួយបេសកកម្ម Chang’e របស់ចិនជាលើកដំបូងនេះ។
- តើចិននឹងធ្វើបន្តទៀតបន្ទាប់ពីបេសកកម្ម Chang’e-6 នេះ?
សម្រាប់បេសកកម្មបន្ទាប់ពី Chang’e-6 ពិតណាស់គឺ Chang’e-7 ដែលចិននឹងបញ្ជូនយានមួយទៀត ទៅកាន់ប៉ូលខាងត្បូងព្រះចន្ទ ដោយវានឹងកើតឡើងនៅឆ្នាំ២០២៦។ យាន Chang’e-7 នឹងមានបំពាក់នូវឧបករណ៍ ដើម្បីតាមដានរកទឹកកក (water ice) និងធនធានសំខាន់ៗមួយចំនួនទៀត នៅតំបន់ជុំវិញប៉ូលខាងត្បូងនោះតែម្តង។

បន្ទាប់ពី Chang’e-7 នោះនឹងដល់វេន Chang’e-8 ដោយចិនគ្រោងបញ្ជូនយាននោះ ទៅចុះចតលើតំបន់ប៉ូលខាងត្បូងព្រះចន្ទដូចគ្នានៅឆ្នាំ២០២៨។ Chang’e-8 ជាបេសកកម្មសំខាន់ ព្រោះចិននឹងចាប់ផ្តើមរៀនទាញយក និងប្រើប្រាស់ធនធានដែលមានស្រាប់លើព្រះចន្ទ ក្នុងន័យត្រៀមបោះមូលដ្ឋានស្រាវជ្រាវលើព្រះចន្ទតែម្តងនៅឆ្នាំ២០៣៥ ដោយមានឈ្មោះជាផ្លូវការថា ស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ (International Lunar Research Station ឬ ILRS) ក្រោមកិច្ចសហការជាមួយប្រទេសរុស្ស៊ីជាចម្បង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ESA/CNSA (ថ្ងៃពុធ ទី២៦ ខេមិថុនា ឆ្នាំ២០២៤)
