NASA៖ «ប្រសិនបើអាចម៍ផ្កាយគ្រោះថ្នាក់មកដល់ នោះមនុស្សលោកត្រូវតែរួមគ្នា…» (មានវីដេអូ)

745

(បរទេស)៖ អង្គការ NASA កំពុងបង្ហាញប្រាប់ពិភពលោកឲ្យឃើញ អំពីមហន្តរាយធំធេង នៃអាចម៍ផ្កាយមរណៈ ចំពោះមនុស្សជាតិលើភពផែនដីទាំងមូល ហើយវាជារឿងចាំបាច់ខ្លាំងបំផុត ដែលយើងត្រូវរួបរួមគ្នាជាធ្លុងមួយ ប្រសិនបើថ្ងៃណាមួយយើងមើលឃើញ ពីគ្រោះមហន្តរាយដែលនឹងមកដល់នោះមែន។

(Video From YouTube: Cambo Space Edu)

នៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយអង្គការ NASA និងទីភ្នាក់ងារគ្រប់គ្រងគ្រាមានអាសន្ន នៃសហរដ្ឋអាមេរិកហៅកាត់ថា FEMA (Federal Emergency Management Agency) បានរំលេចអំពី «និតីវិធីដែលមានស្រាប់របស់អង្គការសហប្រជាជាតិ (UN) ស្តីពីការឆ្លើយតបនឹងរលកយក្សស៊ូណាមិ និងព្រឹត្តិការណ៍ធំៗផ្សេងទៀត»។ ប៉ុន្តែសម្រាប់ការទប់ទល់នឹងគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយអាចម៍ផ្កាយវិញនោះ អង្គការ NASA និង FEMA គិតថា «យើងត្រូវការឆ្លើយតបជាលក្ខណៈអន្តរជាតិ និងក្នុងទ្រង់ទ្រាយធំតែម្តង»

លំហាត់ហ្វឹកហ្វឺនរួមគ្នា ទប់ទល់អាចម៍ផ្កាយ (រូបភាពពី NASA)

មន្ត្រីតំណាងទីភ្នាក់ងារ FEMA លោក Leviticus Lewis រៀបរាប់ទៅកាន់ NASA ក្នុងកិច្ចប្រជុំខាងលើនេះថា «ប្រសិនបើយើងនិយាយទៅដល់ប្រទេស និងប្រជាជនជាច្រើនដែលត្រូវជម្លៀស ព្រមទាំងការដោះស្រាយបញ្ហាបន្ទាន់ទៅលើតំបន់ដ៏ធំណាមួយ នោះប្រាកដណាស់គឺនឹងក្លាយជាបញ្ហាប្រឈម…។ យើងត្រូវរៀបចំ និងចាប់ផ្តើមពិភាក្សា ទៅលើអ្វីដែលចាំបាច់ត្រូវធ្វើ ដើម្បីសម្របសម្រួលឲ្យមាន កិច្ចខិតខំប្រឹងប្រែងដ៏ធំមួយនេះ។ ប៉ុន្តែ, សំនួរជាច្រើននៅតែមនោះគឺថា តើនរណាជាអ្នកទទួលខុសត្រូវ? តើអង្គការអ្វីត្រូវរ៉ាប់រង? តើយើងនឹងរៀបចំវាដោយរបៀបណា? តើ UN នឹងជាអ្នកត្រូវធ្វើ កិច្ចការងារទាំងអស់នេះឬ? តើយើងអាចសម្រចកិច្ចទាំងអស់នេះដែរឬទេ? ដូច្នេះ, ទាំងអស់នេះ គឺសុទ្ធសឹងជាបញ្ហាប្រឈម…»។

សហរដ្ឋអាមេរិកធ្លាប់បានធ្វើ លំហាត់ហ្វឹកហ្វឺនទប់ទល់អាចម៍ផ្កាយ តាមរយៈប្រព័ន្ធកុំព្យុទ័រ (simulation) ប្រមាណ ៥ដងរួចមកហើយ កាលពីឆ្នាំ ២០១៣, ២០១៤, ២០១៦, ២០២២ និងលើកចុងក្រោយកាលពីថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៤នេះ នៅឯមន្ទីរពិសោធន៍ផ្នែករូបវិទ្យា (APL) នៃសាកលវិទ្យាល័យ Johns Hopkins រដ្ឋ Maryland នៃសហរដ្ឋអាមេរិក។ សម្រាប់លំហាត់ហ្វឹកហ្វឺនក្នុង ឆ្នាំ២០២៤ ក៏មិនខុសពីលើកមុនៗដែរ នោះគឺ NASA និងស្ថាប័នពាក់ព័ន្ធនៅអាមេរិក បានហាត់សមអំពីការជូនដំណឹងជាមុន និងការដើរតួនាទីក្នុងនាមជាប្រជាជាតិមួយ ប្រកបដោយសមត្ថភាព ក្នុងការឆ្លើយតបនឹងអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយមរណៈ ដែលនឹងវាយប្រហារភពផែនដី, នេះបើតាមសេចក្តីថ្លែងការណ៍របស់ NASA

តេឡេស្កូបសង្កេតអាចម៍ផ្កាយពីលើដី (រូបភាពពី NASA)

បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក អាចម៍ផ្កាយដែលស្ថិតនៅពីក្រោយផែនដី (គិតពីព្រះអាទិត្យ ដែលស្ថិតនៅពីមុខផែនដី) គឺងាយនឹងឲ្យតេឡេស្កូបនានាសង្កេតឃើញ ហើយគណនាអំពីកម្រិតបង្កគ្រោះថ្នាក់។ ប៉ុន្តែសម្រាប់ពពួកអាចម៍ផ្កាយ ដែលគោចរមកពីទិសដៅពីក្រោយព្រះអាទិត្យ និងសម្តៅមករកផែនដីវិញ នោះគឺពិតជាពិបាកសង្កេតរកណាស់ ព្រោះវាគោចរមកបញ្ច្រាស់នឹងពន្លឺថ្ងៃ។ ហេតុដូច្នេះហើយទើបពេលខ្លះ ពួកវាខ្លះបានហោះកាត់ផែនដីរួចមួយរយៈ ទើបតេឡេស្កូបនានាចាប់បានតាមក្រោយ ហើយបញ្ហានេះ FEMA និង NASA ក៏កំពុងគិតគូររកវិធីដើម្បីដោះស្រាយដែរ។

រូបតំណាងអាចម៍ផ្កាយ និងផែនដី (រូបភាពពីបរទេស)

យោងតាមទិន្នន័យចុងក្រោយ អំពីការសង្កេតវត្ថុអវកាសកៀកផែនដី (Near Earth Objects ឬ NEOs) កាលពីឆ្នាំ២០២៣បានឲ្យដឹងថា ភពផែនដីនឹងមិនរងការវាយប្រហារ ដោយអាចម៍ផ្កាយខ្នាតធំ (ចាប់ពីមុខកាត់១គីឡូម៉ែត្រឡើងទៅ) នោះឡើយ នៅអំលុងពេល ១,០០០ឆ្នាំទៅមុខ។ ទិន្នន័យទាំងអស់នេះ គឺទទួលបានមកពីតេឡេស្កូបនានា ដែលធ្វើការសង្កេតដោយលម្អិត (scan) ទៅកាន់លំហអវកាសជុំវិញផែនដីជាប្រចាំ។ ប៉ុន្តែអាចម៍ផ្កាយខ្នាតតូច និងអាចម៍ផ្កាយដែលកំពុងលាក់ខ្លួនក្រោយពន្លឺព្រះអាទិត្យ ដូចបានពន្យល់ខាងលើនេះ នៅតែជាអ្វីដែលយើងត្រូវប្រុងប្រយ័ត្ន។

រូបតំណាងបេសកកម្ម DART (រូបភាពពី NASA)

សម្រាប់សំនួរថា តើបេសកកម្ម DART អាចចូលរួមក្នុងការទប់ទល់ ការវាយប្រហារដោយអាចម៍ផ្កាយលើផែនដីឬអត់នោះ NASA បានគូសបញ្ជាក់រួចហើយថា «ពិតជាអាច»DART ជាបេសកកម្មហោះបំបុក ដើម្បីបង្វែរទិសដៅអាចម៍ផ្កាយ ដែលទទួលបានជោគជ័យក្នុងការធ្វើតេស្ត លើសពីការស្មានរួចមកហើយកាលពីឆ្នាំ២០២២។ ប៉ុន្តែ, យើងមិនអាចប្រើប្រាស់ DART សម្រាប់ទប់ទល់នឹងអាចម៍ផ្កាយ ដែលត្រូវបានរកឃើញភ្លាមៗនោះទេ ព្រោះការប្រើប្រាស់ DART ម្តងៗនឹងត្រូវការពេលសិក្សាជាមុនដល់ទៅរាប់ខែ នៅក្រោយការរកឃើញអាចម៍ផ្កាយមរណៈណាមួយ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA/SPACE (ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤)

480×240 Banner