ឧបទ្វីបកូរ៉េ៖ «តើទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង កំពុងមានភាពរកាំរកូស?»
(បរទេស)៖ ជាងមួយទសវត្សរ៍មកនេះ ប្រទេសចិនបានផ្តល់ពាណិជ្ជកម្ម និងជំនួយដើម្បីជួយទ្រទ្រង់របបរបស់លោក Kim Jong Un ហើយខ្លួនបានប្រឆាំងនឹងការដាក់ទណ្ឌកម្មអន្តរជាតិ ដ៏តឹងរ៉ឹងលើកូរ៉េខាងជើង ក្នុងក្តីសង្ឃឹមជៀសវាងការដួលរលំរបប និងការហូរចូលជនភៀសខ្លួន ឆ្លងកាត់ព្រំដែនចិន-កូរ៉េខាងជើង។
ឆ្នាំ២០២៤ គឺជាខួបលើកទី ៧៥ នៃទំនាក់ទំនងទ្វេភាគីរវាប្រទេសទាំងពីរ។ ប្រមុខមគ្គុទេសកូរ៉េខាងជើង បានប្រកាសថាវាជា «ឆ្នាំនៃមិត្តភាពកូរ៉េខាងជើង-ចិន» ហើយលោកប្រធានាធិបតី Xi បានហៅឆ្នាំនេះជាឱកាសដើម្បីរក្សា «មិត្តភាពយូរអង្វែង ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ និងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ»។ ប៉ុន្តែការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង នៅតែកើតមានជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង ដែលបានតស៊ូមតិសម្រាប់ការបន្តនៃ កិច្ចចរចាប្រាំមួយភាគី ដែលជាក្របខ័ណ្ឌពហុភាគី សំដៅលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការជំរុញផ្នែកការទូតរបស់ទីក្រុងព្យុងយ៉ាងជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៨ និង ២០១៩ ហាក់ដូចជាបានជំរុញឱ្យទំនាក់ទំនងរវាងលោក Kim Jong Un និងប្រធានាធិបតីចិន Xi Jinping មានភាពប្រសើរឡើង។ ទន្ទឹមនឹងនេះ អ្នកជំនាញបាននិយាយថា កិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅ របស់កូរ៉េខាងជើងជាមួយរុស្ស៊ី ក្នុងសង្គ្រាមចុងក្រោយលើអ៊ុយក្រែន បានបង្កើនការព្រួយបារម្ភនៅក្នុងប្រទេសចិន ចំពោះស្ថិរភាពក្នុងតំបន់។
- ប្រវត្តិទំនាក់ទំនងនៃប្រទេសកូរ៉េខាងជើង និងចិន
ការគាំទ្ររបស់ចិនចំពោះកូរ៉េខាងជើងមានតាំងពីសង្គ្រាមកូរ៉េ (១៩៥០-៥៣) នៅពេលដែលកងទ័ពរបស់ចិន បានសម្រុកចូលឧបទ្វីបកូរ៉េ ដើម្បីជួយសម្ព័ន្ធមិត្តភាគខាងជើងរបស់ខ្លួន។ ចាប់តាំងពីសង្គ្រាមមក ប្រទេសចិនបានផ្តល់ជំនួយផ្នែកនយោបាយ និងសេដ្ឋកិច្ចដល់មេដឹកនាំកូរ៉េខាងជើង គីម អ៊ីលស៊ុង គីម ជុងអ៊ីល និង គីម ជុងអ៊ុន។ នៅឆ្នាំ ២០២១ប្រទេសទាំងពីរបានបន្តសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមករបស់ចិន-កូរ៉េខាងជើងឆ្នាំ ១៩៦១ សម្រាប់រយៈពេលម្ភៃឆ្នាំទៀត។
ថ្វីបើមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយកូរ៉េខាងជើងក៏ដោយ ក៏កំណែទម្រង់របស់ប្រទេសចិន និងទំនាក់ទំនងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនជាមួយកូរ៉េខាងត្បូង បានក្លាយជាប្រភពនៃជម្លោះនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ។ ទីក្រុងព្យុងយ៉ាងបានចាត់ទុក ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតា ជាមួយទីក្រុងសេអ៊ូលក្នុងឆ្នាំ ១៩៩២ ថាជាការក្បត់ ។ ភាពតានតឹងនៅក្នុងទំនាក់ទំនងកាន់តែស៊ីជម្រៅ នៅពេលដែលក្រុងព្យុងយ៉ាង បានសាកល្បងអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០០៦ ហើយទីក្រុងប៉េកាំងបានគាំទ្រសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៧១៨ ដែលដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង។ ជាបន្តបន្ទាប់ ទីក្រុងប៉េកាំងបានបង្ហាញពីការផ្លាស់ប្តូរជំហរ ពីការគាំទ្រផ្នែកការទូត ទៅជាការដាក់ទណ្ឌកម្មលើរបបក្រុងព្យុងយ៉ាង។
នៅឆ្នាំ២០១៧ ប្រទេសចិនបានថ្កោលទោស ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង តាំងពីដើមឆ្នាំនោះ ហើយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាព ដែលបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែការប្រកាសនៃជំនួបកំពូល រវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជំរុញឱ្យទីក្រុងប៉េកាំង ស្តារទំនាក់ទំនងឡើងវិញជាមួយទីក្រុងព្យុងយ៉ាង ដើម្បីរក្សាឥទ្ធិពលក្នុងតំបន់របស់ខ្លួន។ នេះបង្កើតឱ្យមានកិច្ចប្រជុំកំពូលចំនួនប្រាំរវាងលោក Xi និងលោក Kim ក្នុងរយៈពេលតិចជាងមួយឆ្នាំ។
នៅពេលដែលទំនាក់ទំនងមានភាពប្រសើរឡើង ជំហានដាក់ទណ្ឌកម្មរបស់ចិនប្រឆាំងនឹងកូរ៉េខាងជើង បានធូរស្រាល។ ចាប់ពីពេលនោះមក ប្រទេសចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង។ ទីក្រុងប៉េកាំងបានរួមចំណែក ៩០% នៃពាណិជ្ជកម្មសរុបរបស់ទីក្រុងព្យុងយ៉ាង ដែលធ្វើឱ្យតួនាទីរបស់ចិនមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ក៏ដូចជាសម្រាប់គ្រួសារ គីម ដើម្បីបន្តការគ្រងអំណាចលើប្រទេស។ ជាប្រពៃណី ប្រទេសចិនត្រូវបានគេយល់ថា មានឥទ្ធិពលផ្តាច់មុខលើកូរ៉េខាងជើង ជាពិសេសនៅពេលនិយាយអំពីការរំសាយអាវុធនុយក្លេអ៊ែរ។ ឥទ្ធិពលរបស់ទីក្រុងប៉េកាំងលើទីក្រុងព្យុងយ៉ាង បានមកពីសម្ពាធសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ដែលប្រទេសចិនបានក្លាយជាប្រភពសំខាន់នៃពាណិជ្ជកម្ម និងជំនួយដល់កូរ៉េខាងជើង។
- តើប្រទេសចិន និងកូរ៉េខាងជើងកំពុងមានភាពរកាំរកូស?
ទោះយ៉ាងណាក៏ដោយស្ថានភាពកំពុងផ្លាស់ប្តូរ។ ការពង្រឹងទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ីថ្មីៗនេះ នឹងអាចឱ្យកូរ៉េខាងជើងកាត់បន្ថយការពឹងផ្អែកលើចិន។ យ៉ាងហោចណាស់ ទីក្រុងព្យុយ៉ាងមិនចាំបាច់ខ្វល់ពីចិនច្រើនដូចកាលពីមុនទេ។ការបង្កើនការចូលរួមរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង បានកាត់បន្ថយឥទ្ធិពលរបស់ចិនមកលើរបបនេះ។
ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាក់ស្តែងបំផុត គឺនៅពេលដែលកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ១០គ្រាប់ ខណៈដែលនាយករដ្ឋមន្ត្រីចិន Li Qiang ស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដោយចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងត្បូង និងជប៉ុន។ សកម្មភាពរបស់កូរ៉េខាងជើងបានធ្វើឱ្យចិនអាម៉ាស់ នៅចំពោះមុខកូរ៉េខាងត្បូង និងជប៉ុន។ ការសាកល្បងកាំជ្រួចអាចត្រូវបានគេមើលឃើញថា ជាការចង្អុលបង្ហាញថា ទីក្រុងប៉េកាំងមិនមានអានុភាព ដើម្បីដោះស្រាយជាមួយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការអសមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រងកូរ៉េខាងជើង អាចនឹងបង្កើនការសង្ស័យអំពីតួនាទីរបស់ក្រុងប៉េកាំង ក្នុងការគ្រប់គ្រង និងរក្សាសណ្តាប់ធ្នាប់ពិភពលោក។ នេះអាចជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយ សម្រាប់ប្រទេសចិន ខណៈដែលប្រទេសនេះកំពុងព្យាយាមបង្កើនតួនាទី និងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដូចជាការផ្តល់តួនាទីជាអ្នកសម្រុះសម្រួលរវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន ក៏ដូចជារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ ឥឡូវនេះ អ្នកអត្ថាធិប្បាយមួយចំនួនជឿថា ប្រទេសចិនមិនអាចរក្សាស្ថិរភាព នៅក្នុងទីធ្លាផ្ទះរបស់ខ្លួនបានទេ។
មួយវិញទៀតថ្មីនេះ មានការផ្សព្វផ្សាយថា «ផ្ទាំងស្ពាន់នៃស្នាមជើង» ដែលត្រូវបានដំឡើងដើម្បី រំឭកដល់ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ទីក្រុងដាលៀន (Dalian) ប្រទេសចិន កាលពីខែឧសភា ឆ្នាំ ២០១៨ ក្នុងអំឡុងពេលដើរជាមួយលោក ស៊ី ជីនពីង ត្រូវបានដកចេញ ហើយបន្ទប់តាំងពិព័រណ៍ ឬ No. 7 Pavilion នៃភោជនីយដ្ឋានមួយនៅជិតឆ្នេរ Bang Chuidao ក៏ត្រូវបានបិទដែរ ដែលបន្ទប់តាំងពិព័រណ៍នោះមានការបង្ហាញ រូបថតរបស់ Kim Il-sung និង Kim Jong-il ទស្សនកិច្ចទៅកាន់ទីក្រុង Bang Chuidao ហើយវាជាកន្លែងដែលលោក Kim Jong-un ក៏បានទៅ ទស្សនាផងដែរ។ នេះបើតាមសារព័ត៌មានកូរ៉េ The JoongAng ចុះផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
ដោយមើលឃើញពីស្ថានភាពនេះ អ្នកវិភាគមួយចំនួននៅក្នុងរង្វង់ការទូតបាននិយាយថា ការលុបកំណាត់ជើងរបស់មេដឹកនាំកូរ៉េខាងជើង និងចិន នឹងមិនអាចទៅរួចឡើយ បើគ្មានការយល់ព្រមពីប្រធានាធិបតី ស៊ី នោះ។ ប្រភពក្នុងស្រុកមួយ ដែលដឹងពីបញ្ហានេះបាននិយាយថា «វាទំនងជាត្រូវបានដកចេញទៅតាមសេចក្តីណែនាំ នៃថ្នាក់ដឹកនាំកណ្តាល»។ នេះបើតាម The JoongAng។
លោក Oh Kyung-seop អ្នកស្រាវជ្រាវនៅវិទ្យាស្ថានកូរ៉េ សម្រាប់កាបង្រួបបង្រួមជាតិ បាននិយាយថា «ការផ្លាស់ប្តូរនេះហាក់ដូចជា ដោយសារបញ្ហានៅក្នុងទំនាក់ទំនងកូរ៉េខាងជើង និងចិន ឬក៏ដោយសារតែមិនមានតម្រូវការក្នុងការរក្សា និងគ្រប់គ្រងផ្ទាំងស្ពាន់ទៀតទេ ដោយហេតុផលណាមួយ»។
ការបាត់បង់ផ្ទាំងស្ពាន់ និងការបិទសាលតាំងពិព័រណ៍នៅកន្លែងដែលកិច្ចប្រជុំ នេះបានធ្វើឡើងរវាងថ្នាក់ដឹកនាំដែលជានិមិត្តសញ្ញានៃការស្តារឡើងវិញទាំងស្រុង នៃទំនាក់ទំនងរវាងកូរ៉េខាងជើង និងចិន ត្រូវបានមើលឃើញដោយមនុស្សមួយ ចំនួនថា ជាសញ្ញានៃចរន្តខុសប្រក្រតីរវាងប្រទេសទាំងពីរ។
ជាក់ស្តែង ក្រសួងការបរទេសកូរ៉េខាងជើងបានបង្ហាញអាកប្បកិរិយា មិនប្រក្រតី ដោយចេញសេចក្តីថ្លែងការណ៍រិះគន់ចិនភ្លាមៗ បន្ទាប់ពីជំនួបកំពូលរបស់កូរ៉េ ជប៉ុន និងចិន កាលពីថ្ងៃទី ២៧ មីនា។ កូរ៉េខាងជើងបានបាញ់ផ្កាយរណបស៊ើបអង្កេត យោធានៅពេលយប់នៅថ្ងៃតែមួយ។ នេះអាចត្រូវបានបកស្រាយថា ជាការមិនពេញចិត្តយ៉ាងខ្លាំងរបស់លោក គីម ជុងអ៊ុន ចំពោះប្រទេសចិន។
ការពិត ចិនបានយល់ព្រមបង្កើត «ឆ្មាំការពារ» ជាមួយសហរដ្ឋអាមេរិក ដើម្បី ទប់ស្កាត់ជម្លោះនៅក្នុងកិច្ចប្រជុំកំពូលអាមេរិក និងចិន កាលពីខែវិច្ឆិកាឆ្នាំមុន ហើយ ថ្មីៗ នេះចិនបានចាប់ផ្តើមគ្រប់គ្រង ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាមេរិកដូចជា កូរ៉េខាងត្បូង និងជប៉ុន ក៏ជាចំណុចមួយដែលលោក គីម ជុងអ៊ុន អាចនឹងមិនមានការអត់ធ្មត់។ ក្នុងកម្រិតមួយចំនួន ប្រទេសចិនកំពុងបង្វែរខ្លួនចេញពីទំនាក់ទំនងជិត ស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មអាវុធខុសច្បាប់៕
(រៀបរៀង និងប្រែសម្រួល៖ ហាន ណូយ)