ទិដ្ឋភាពដ៏អស្ចារ្យមិនធ្លាប់មាននេះ ផ្តិតដោយតេឡេស្កូបអវកាស James Webb! (វីដេអូ)

1,181

(បរទេស)៖ ទិដ្ឋភាពប្លែកៗក្នុងទីអវកាស ពេលខ្លះអាចនាំឲ្យយើងនឹកស្មានមិនដល់ តួយ៉ាងដូចរូបភាពដ៏ថ្មីសន្លាងពី James Webb ដែលលោកអ្នកកំពុងឃើញនេះ ដោយវាស្ថិតនៅចម្ងាយរហូតដល់ ៦ពាន់លានឆ្នាំពន្លឺឯណោះពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ តើទិដ្ឋភាពដែលប្រៀបបីដូចជាចិញ្ចៀនដាំត្បូង ដ៏ភ្លឺចែងចាំងនោះជាអ្វី?

(Video From YouTube: Cambo Space Edu)

យោងតាមក្រុមការងារគ្រប់គ្រង James Webb នៃអង្គការ NASA ESA និង CSA បានគូសបញ្ជាក់ថា វាគឺជាបាតុភូតអវកាសដែលមានឈ្មោះថា RX J1131-1231 (អាចហៅយ៉ាងខ្លីថា RX J1131) ដោយតេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារអាមេរិកមួយនេះ បានពុះជ្រែកផ្ទៃមេឃនៅត្រង់តារានិករ Crater និងប្រើប្រាស់ឧបករណ៍សម្រិតសម្រាំងពន្លឺក្រហមអាំងហ្វាកម្រិតមធ្យម (MIRI) ទើបអាចផ្តិតយកបាន។

បាតុភូតអវកាស RX J1131-1231 (Credit: NASA/ESA/CSA/A. Nierenberg)

បើតាមក្រុមតារាវិទូ RX J1131 គិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ គឺត្រូវបានចាត់ទុកជា បាតុភូតបង្កឡើងដោយ កាឡាក់ស៊ីសកម្ម ឬកាឡាក់ស៊ីក្មេង (ក្វាសា/quasar) ដ៏ពិសេស និងស្អាតប្លែកភ្នែកជាទីបំផុត ដែលមិនធ្លាប់ត្រូវបានរកឃើញបន្ថែមទៀតនោះឡើយ។ RX J1131 នោះគឺជាកាឡាក់ស៊ីកញ្ជ្រលមួយដែលស្ថិតពីក្រោយ (background) បាំងដោយកាឡាក់ស៊ីដែលស្ថិតនៅពីមុខ (foreground) ដែលធ្វើឲ្យពន្លឺវាបែកចេញដល់ទៅ (មើលទៅប្រៀបដីដូចជាចិញ្ចៀនត្បូងដ៏ភ្លឺចែងចាំង) ដោយសារតែនោះជាបាតុភូត Gravitational Lensing រវាងពួកវានោះ។

ទិដ្ឋភាពដ៏អស្ចារ្យមិនធ្លាប់មាននេះ ផ្តិតដោយតេឡេស្កូបអវកាស James Webb! (វីដេអូ)
បាតុភូតអវកាស RX J1131-1231 (Credit: NASA/ESA/CSA/A. Nierenberg)

គួរបញ្ជាក់ថា ការព្យាយាមសង្កេតបាតុភូត Gravitational Lensing បង្កឡើងដោយពពួកឡាក់ស៊ីឆ្ងាយៗនោះ គឺផ្តល់ប្រយោជន៍ឲ្យក្រុមតារាវិទូសិក្សាអំពីការពិតនៃប្រហោងខ្មៅ (Black Hole) ស្ថិតនៅក្នុងកាឡាក់ស៊ីទាំងនោះផងដែរ។ ការសង្កេតកាំរស្មីអ៊ិច (X-ray) ចេញពី quasars នានាអាចឲ្យយើងដឹងថា តើប្រហោងខ្មៅក្នុងកាឡាក់ស៊ីសកម្មទាំងនោះ វិលលឿនដល់កម្រិតណាផងដែរ ហើយវាពិតជាសំខាន់ណាស់ដើម្បីជីកឬសគល់ ទៅរកមូលហេតុនៃការរីកធំធាត់របស់ Black Hole ជាទូទៅ ដែលក្រុមតារាវិទូកំពុងមានភាពស្រពេចស្រពិលនៅឡើយ។

RX J1131-1231 ក្នុងទម្រង់ជា visible + X-ray (Credit: NASA/ESA)

តាមពិតទៅ RX J1131 មិនមែនបាតុភូតអវកាស ដែលយើងទើបរកឃើញថ្មីសន្លាងតែម្តងនោះឡើយ ដោយកាលពីអំលុងឆ្នាំ២០១៤ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស Chandra X-ray និង Hubble របស់អង្គការ NASA និង ESA ក៏បានយករូបភាពដែលត្រូវបានថតរៀងៗខ្លួន មកច្របាច់បញ្ចូលគ្នាឲ្យចេញជារូបភាពតែមួយសន្លឹកផងដែរ ដោយ Hubble ថតទិដ្ឋភាពនោះជាលក្ខណៈ Visible (ភ្នែកមនុស្សអាចមើលឃើញ) និង Chandra ថតជាលក្ខណៈកាំរស្មីអ៊ិច (X-ray)

បាតុភូតអវកាសដូចជា RX J1131 នោះ គឺស្ថិតនៅក្នុងការព្យាករណ៍៍របស់បិតារូបវិទ្យាលោក អាល់ប៊ឺត អាញ់ស្តាញ (Albert Einstein) រួចទៅហើយកាលពីឆ្នាំ១៩៣៦ ខណៈដែលក្រោយមកនៅឆ្នាំ១៩៨៨ ក្រុមតារាវិទូបានរកឃើញវាពិតមែន តាមរយៈតេឡេស្កូបចាប់សញ្ញាវិទ្យុ Very Large Array ហើយបាតុភូតអវកាស MG1131+0456 ដែលត្រូវបានរកឃើញដំបូងនោះ ក៏បានក្លាយជាភស្តុតាងដែលគាំទ្រទៅដល់ការព្យាករណ៍របស់ Einstein។ យើងក៏ធ្លាប់បានដឹងឮរួចហើយដែរអំពី «ចិញ្ចៀនអាញ់ស្តាញ (Eintein Ring)»

លោក អាល់ប៊ឺត អាញ់ស្តាញ (Albert Einstein) (រូបភាពពីបរទេស)

គួរបញ្ជាក់តាមក្រុមតារាវិទូធ្លាប់បានព្យាករណ៍ថា ប្រហោងខ្មៅនៅក្នុងកាឡាក់ស៊ី quasar RX J1131 នោះ ពិតជាវិលលឿនខ្លាំងណាស់ ដោយស្មើនឹងពាក់កណ្តាលនៃល្បឿនពន្លឺ (ល្បឿនពន្លឺស្មើនឹងជិត ៣០០,០០០km ក្នុង១វិនាទី)។ ប្រការនេះបាននាំឲ្យគេសន្និដ្ឋានថា ប្រហោងខ្មៅនៅចំកណ្តាលកាឡាក់ស៊ីនោះ ទំនងជាបានរីកមាឌដោយសារតែ ការរួមបញ្ចូលគ្នាជាមួយ Black Hole ផ្សេងៗទៀត មិនមែនត្រឹមដោយសារការស្រូបវត្ថុធាតុនានា ឬផ្កាយនៅជុំវិញវានោះឡើយ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA ESA CSA (ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤)

480×240 Banner