រូបភាពថ្មីពី James Webb នេះមានរហស្សនាមថា «សត្វផេនឃ្វីនការពារស៊ុត» (មានវីដេអូ)
(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានបញ្ចេញរូបភាពថ្មី ក្នុងទម្រង់ជាពន្លឺក្រហមអាំងហ្វ្រា (Infrared) នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះដែលត្រូវនឹងខួប «២ឆ្នាំគត់» នៃការដាក់ឲ្យដំណើរការ តេឡេស្កូបអវកាសតម្លៃជិត ១០ពាន់លានដុល្លារអាមេរិកនេះជាផ្លូវការ។
ទិដ្ឋភាពនៅចំកណ្តាលរូបភាពមួយសន្លឹកថ្មីនេះ ត្រូវបានផ្តល់រហស្សនាមថា «សត្វផេនឃ្វីនការពារស៊ុត» ដោយយើងឃើញកាឡាក់ស៊ីធំនៅខាងស្តាំ ដែលមានពណ៌ក្រហមឈ្មោះ NGC 2936 មានទម្រង់ដូចជាសត្វផេនឃ្វីន និងមួយទៀតនៅខាងឆ្វេង មានរាងតូច និងពណ៌ឈ្មោះ NGC 2937 មានរូបរាងដូចជាស៊ុត។ កាឡាក់ស៊ីទាំង ២ ត្រូវបានផ្តល់ឈ្មោះរួមថា Arp 142 ហើយរូបភាពមួយសន្លឹកនេះ កើតចេញពីរូបភាពពន្លឺក្រហមអាំងជិត (NIRCam) និងរូបភាពពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (MIRI) ច្របាច់បញ្ចូលគ្នា។
ជាការពិតណាស់ វាត្រឹមជាទិដ្ឋភាពស្រដៀងៗ ដែលមនុស្សតែងយកទៅប្រៀបធៀប ទៅនឹងអ្វីដែលមានស្រាប់ នៅលើភពផែនដីនេះប៉ុណ្ណោះ ហើយការពិតពួកវាត្រឹមតែជាកាឡាក់ស៊ី ដែលបង្ហាញរូបរាងមកកាន់ James Webb ត្រឹមមួយជ្រុងៗរបស់ពួកវានោះប៉ុណ្ណោះ។ យោងតាមរូបភាព ផេនឃ្វីន និងស៊ុតនោះ ហាក់ដូចជានៅជិតគ្នាមែន តែតាមការពិតពួកវាមានគម្លាត ១០០,០០០ឆ្នាំពន្លឺពីគ្នាឯណោះ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានKm) ខណៈកាឡាក់ស៊ី Milky Way និង Andromeda វិញមានគម្លាត ២.៥លានឆ្នាំពន្លឺពីគ្នា។
Arp 142 ត្រូវបានគេគណនាថា មានចម្ងាយប្រមាណ ៣៦៦លានឆ្នាំពន្លឺពីភពផែនដី។ យោងតាមក្រុមតារាវិទូ កាឡាក់ស៊ីផេនឃ្វីន និងស៊ុតរបស់វានោះ នឹងរួមបញ្ចូលគ្នានៅរយៈពេលរាប់រយលានឆ្នាំទៀត បើយើងគិតទៅលើពន្លឺដែលយើងឃើញជាបន្តបន្ទាប់ពេលនេះ ប៉ុន្តែបើយោងទៅលើធាតុពិតនៃពន្លឺ ដែលត្រូវការពេលរាប់រយលានឆ្នាំ ទម្រាំមកដល់ភ្នែកយើងវិញនោះ ពួកវាទាំងពីរបានរួមបញ្ចូលគ្នាក្លាយជាកាឡាក់ស៊ីតែមួយរួចទៅហើយ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល ២ឆ្នាំមកនេះ តេឡេស្កូបអវកាស James Webb បានបំពេញប្រតិបត្តិការពីក្នុងគន្លងគោចរ L2 ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី ប្រកបដោយភាពរលូន។ យោងតាមគម្រោងដើម James Webb នឹងបំពេញប្រតិបត្តិស្នូល (primary mission) ដោយមានរយៈពេលសរុប ១០ឆ្នាំ (ដល់ឆ្នាំ២០៣២) ខណៈអង្គការ NASA និងដៃគូសហការបានគណនាថា តេឡេស្កូបអវកាសនេះនឹងអាចបន្តប្រតិបត្តិការបន្ថែម ១០ឆ្នាំទៀត (ដល់ឆ្នាំ២០៤២)៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA/ESA/CSA (ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤)