ចិនគ្រោងធ្វើតាម NASA និង ESA ក្នុងបេសកកម្មការពារ «សន្តិសុខភពផែនដី»

221

(បរទេស)៖ ចិន​កំពុង​រៀបចំ​ផែនការឈានទៅរកបេសកកម្ម​ដំបូង​របស់ខ្លួន​ ដើម្បីបុក និងបង្វែរទិសដៅអាចម៍ផ្កាយ​ ស្ថិតក្រោមស្លាកការពារ​ភពផែនដី។ បេសកកម្មនេះនឹងមានឧបករណ៍ចំនួននោះគឺទី១៖ យានអវកាសដែលនឹងមានមុខងារបុកទង្គិចអាចម៍ផ្កាយ ដើម្បីបង្វែរទិសដៅ និងទី២៖ យានអវកាសជាដៃគូរបស់វា ដែលនឹងទៅសង្កេតដុំថ្មអវកាសនោះ ដើម្បីយល់ដឹងបន្ថែមអំពីលទ្ធផលក្រោយការប៉ះទង្គិចផង និងឆ្លៀតសិក្សាស្វែងយល់អំពីការកកើតនៃប្រព័ន្ធព្រះអាទិត្យ តាមរយៈអាចម៍ផ្កាយនោះផង។

រដ្ឋបាលអវកាសជាតិចិន (CNSA) ទំនងជាបានជ្រើសរើសបេក្ខភាពល្អមួយរួចហើយ នោះគឺវត្ថុអវកាសកៀកផែនដី (Near Earth Object ឬ NEO) មួយដែលមានឈ្មោះថា 2015 XF261 ដែលជាអាចម៍ផ្កាយមានអង្កត់ផ្ចិតប្រមាណ ៣០ម៉ែត្រ។ សម្រាប់វត្ថុអវកាស 2015 XF261 នេះត្រូវបានរកឃើញដោយអង្គការ NASA កាលពីឆ្នាំ២០១៥ ហើយវាទើបតែបានហោះមកកៀកផែនដី ក្នុងគម្លាតប្រមាណ ៥០លានគីឡូម៉ែត្រ ជាមួយនិងល្បឿន ៤២,០០០គីឡូម៉ែត្រក្នុង១ម៉ោង ឬស្មើនឹង ៣០ដងនៃល្បឿនសំឡេង កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នេះប៉ុណ្ណោះ។

អាចម៍ផ្កាយ 2015 XF261 (រូបភាពពី The Planetary Society)

យោងតាមក្រុមការងារអន្តរជាតិមួយឈ្មោះ Planetary Society ដែលជាស្ថាប័នមិនរកប្រាក់កម្រៃបានរាយការណ៍ថា នេះជាការបោះជំហានថ្មីចុងក្រោយ ដែលគេទទួលបានព័ត៌មានពីវិស័យអវកាសចិន ខណៈប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់លេខលើពិភពលោកមួយនេះ ត្រូវបានគេមើលឃើញថា មានការចាប់អារម្មណ៍កាន់តែខ្លាំង ទៅលើបេសកកម្មការពារភព។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនក៏បានប្រើប្រាស់តេឡេស្កូបលើដី ដើម្បីឆ្លុះរកមើលអាចម៍ផ្កាយគ្រោះថ្នាក់ និងផ្កាយដុះកន្ទុយជាច្រើនមកហើយដែរ។

  • ការដើរតាមគន្លងរបស់បេសកកម្ម DART របស់ NASA និង Hera របស់ ESA

បេសកកម្មដែលបានគ្រោងទុកនេះ កំពុងដើរតាមគន្លងនៃ បេសកកម្មការពារភពផែនដីរបស់ NASA នោះគឺ DART (Double Asteroid Redirection Test) ដែលជាយានអវកាសមានទម្ងន់ ៥៧០kg។ កាលពីខែកញ្ញា ឆ្នាំ២០២២ យាន DART បានបុកបង្វែរទិសដៅអាចម៍ផ្កាយភ្លោះ ដោយអាចម៍ផ្កាយតូច (ដែលយាននេះបានបុក) ឈ្មោះ Didymos (មុខកាត់ ១៦០ម៉ែត្រ) និងអាចម៍ផ្កាយធំឈ្មោះ Dimorphos (មុខកាត់ ៧៨០ម៉ែត្រ) ប្រកបដោយជោគជ័យ។

ការបុកអាចម៍ផ្កាយ Didymos ដែលចល័តក្នុងល្បឿន ២២,៥០០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ បានផ្លាស់ប្តូរឥរិយាបថ នៃអាចម៍ផ្កាយទាំងគូនោះតែម្តង ដោយពួកវាបានបង្កើនល្បឿននៃការគោចរ ហើយបើតាមការគណនារបស់ NASA តាមកុំព្យូទ័រ កម្រិតនៃការប្រែប្រួលនេះ គឺសមល្មមឲ្យពួកវាងាករេចេញពីទិសដៅនៃភពផែនដីបាន នៅក្នុងករណីដែលអាចម៍ផ្កាយភ្លោះនោះ កំពុងឆ្ពោះមកបុកភពរបស់យើង។

រូបតំណាងនៃបេសកកម្ម DART (រូបភាពពីបរទេស)

បន្ថែមពីខាងលើនេះ នៅខែតុលា ឆ្នាំ២០២៤ ខាងមុខ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) នឹងបាញ់បង្ហោះយានអវកាស Hera ទៅកាន់អាចម៍ផ្កាយ Didymos ដើម្បីវាយតម្លៃបន្ថែមទៀត អំពីឥទ្ធិពលនៃការបុកទង្គិចដោយ DARTHera ត្រូវបានគេរំពឹងថានឹងសង្កេតដោយផ្ទាល់ចំពោះអាចម៍ផ្កាយ Dimorphos និង Didymos នៅឆ្នាំ២០២៦

ដោយឡែកបេសកកម្មចិនទៅរកអាចម៍ផ្កាយ 2015 XF261 នោះនឹងមានយានអវកាសចំនួន ២គ្រឿង ដើម្បីបំពេញបេសកកម្ម ២លើកជាបន្តបន្ទាប់ ក្នុងនោះយានអវកាសទី ១ អាចនឹងធ្វើដូចបេសកកម្ម DART ខណៈយានអវកាសទី ២ នឹងមានដំណើរការដូច Hera ដោយនៅក្រោយការបុកទង្គិចអាចម៍ផ្កាយនោះ នៅឆ្នាំ២០៣០ ដោយយានទី១នោះ យានទី២នឹងចេញបេសកកម្មទៅសង្កេត និងស្រង់លទ្ធផលនៅរយៈពេល ៦ខែ ទៅ ១ឆ្នាំ បន្ទាប់ពីនោះទៀត។

ចិនគ្រោងធ្វើតាម NASA និង ESA ក្នុងបេសកកម្មការពារ «សន្តិសុខភពផែនដី»
(រូបភាពពីបរទេស)

គួរបញ្ជាក់ថា ឱកាសល្អដែលអាចម៍ផ្កាយ 2015 XF261 នឹងហោះមកកៀកផែនបំផុត ដោយទាន់បេសកកម្មចិនខាងលើនេះរៀបចំរួចដែរនោះ គឺអាចនៅអំលុងខែមេសា ឆ្នាំ២០២៩ ដោយវានឹងគោចរមកក្នុងគម្លាតតែ ៦.៨លានគីឡូម៉ែត្រប៉ុណ្ណោះពីភពផែនដី ដែលនឹងក្លាយជាឱកាសល្អបំផុតសម្រាប់ CNSA ក្នុងការបញ្ជូនយាន ទៅធ្វើតេស្តបុកទង្គិចវា។ តែយ៉ាងណា ប្រសិនបើរំលងឱកាសនេះ CNSA ក៏នឹងមានឱកាសម្តងទៀតនៅខែមេសា ឆ្នាំ២០៣០ នៅពេលដែលអាចម៍ផ្កាយមានមុខកាត់ ៣០ម៉ែត្រនោះ ហោះមកកៀកផែនដីក្នុងគម្លាត ៧.១លានគីឡូម៉ែត្រ

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/CNSA (ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤)

480×240 Banner