កំណប់លើវាលខ្សាច់! យាន Curiosity របស់ NASA ប្រទះឃើញ «បណ្តុំថ្មពណ៌លឿង» លើភពព្រះអង្គារ (វីដេអូ)
(បរទេស)៖ ការបន្តចល័តសន្សឹមៗ ទាំងដែលកង់មួយចំនួនរបស់ខ្លួន រងការបាក់បែកយ៉ាងដំណំទៅហើយ បាននាំឲ្យយានកង់៦ឈ្មោះ Curiosity របស់ NASA រកឃើញអ្វីមួយដ៏ពិសេសនោះគឺ «បណ្តុំថ្មគ្រីស្តាល់ពណ៌លឿង» ដែលប្រៀបបីដូចជាអ្នកបានប្រទះឃើញ «ទឹកមួយថ្លុក» នៅចំកណ្តាលវាលខ្សាច់ ពេលដែលអ្នកកំពុងដើរយ៉ាងហត់ ស្ទើរខ្សោះអស់ជាតិទឹកពីក្នុងខ្លួនយ៉ាងដូច្នោះឯង។
យោងតាមសេចក្តីថ្លែងការណ៍របស់ NASA បានគូសបញ្ជាក់ថា បណ្តុំថ្មផ្ទុកទៅដោយរ៉ែ ស៊ុលផួ ឬស្ពាន់ធ័រ (Sulfur) ដែលត្រូវបានរកឃើញកន្លងមក គឺតែងតែមានលាយឡំនឹងរ៉ែផ្សេងទៀតដែរដូចជា ម៉ាញេស្យូម (magnesium) និង កាល់ស្យូម (calcium) ជាដើម។ តែសម្រាប់ ស្ពាន់ធ័រ ដែលត្រូវបានរកឃើញថ្មីនេះ មានលក្ខណៈពិសេសបំផុត ព្រោះវាជា «ស្ពាន់ធ័រសុទ្ធ (Pure Sulfur)» ដែលជាលើកដំបូងសម្រាប់ Curiosity ក្នុងការប្រទះឃើញ។
ជុំវិញការរកឃើញថ្មីនេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Ashwin Vasavada មកពីមន្ទីរពិសោធន៍ JPL របស់អង្គការ NASA ស្ថិតនៅរដ្ឋ California នៃសហរដ្ឋអាមេរិក បានរៀបរាប់ថា «ការរកឃើញថ្មដែលជាស្ពាន់ធ័រសុទ្ធបែបនេះ គឺដូចជាការរកឃើញប្រភពទឹកនៅលើវាលខ្សាច់យ៉ាងដូច្នេះឯង។ វាដូចជាមិនសមមានវត្តមាននៅទីនោះឡើយ (ចង់សម្តៅលើថ្មស្ពាន់ធ័រសុទ្ធ)»។
សម្រាប់នៅលើផែនដី រ៉ែស្ពាន់ធ័រ គឺត្រូវបានប្រើប្រាស់ក្នុងការផលិតអាគុយរថយន្ត, ជីកសិកម្ម, ការចម្រាញ់ប្រេង, ការកែច្នៃទឹក និងការចម្រាស់សារធាតុរ៉ែផ្សេងៗទៀតជាដើម។ ការរកឃើញរ៉ែស្ពាន់ធ័រ នឹងអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រពន្យល់បន្ថែមទៀត អំពីការប្រែប្រួលផ្នែកភូមិសាស្ត្រ, អាកាសធាតុកាលពីអតីតកាល និងបច្ចុប្បន្ន ព្រមទាំងភាពដែលអាចទ្រទ្រង់ជីវិត របស់ភពអង្គារកាលពីអតីតកាល។
តាមរយៈរូបភាពថ្មីនេះ គ្រប់គ្នាអាចមើលឃើញតំបន់មួយចំកណ្តាល ដែលពោពេញដោយដុំគ្រីស្ទាលពណ៌លឿងៗជាច្រើនព័ទ្ធជុំវិញដោយដី ឬខ្សាច់ក្រហមរបស់ភពអង្គារ។ បើតាម NASA ថ្មស្ពាន់ធ័រទាំងនោះមានទំហំតូចៗ និងផុយណាស់ ដែលពិបាកឲ្យ Curiosity ខួងបន្តិច។ តែយ៉ាងណា យាននេះត្រឹមចតនៅកៀកបណ្តុំរ៉ែនោះដើម្បីថតរូប និងខួងថ្មទីនោះបន្តិច រួចយកកម្ទេចវាខ្លះមករក្សាទុកក្នុងខ្លួន ដើម្បីវិភាគបន្ថែមទៅថ្ងៃមុខ។
គួរបញ្ជាក់ថា បើគិតាមពេលវេលាលើភពផែនដី យាន Curiosity បានស្ថិតនៅលើភពអង្គារជាង ១២ឆ្នាំហើយ។ បច្ចុប្បន្ននេះ Curiosity នៅតែកំពុងដំណើរការយ៉ាងល្អនៅតំបន់ Gediz Vallis (ជាតំបន់ធ្លាប់មានវត្តមានទឹក យ៉ាងច្រើនហូរកាត់ក្នុងរយៈយូរ) ស្ថិតនៅជម្រាលភ្នំ Mount Sharp ចំកណ្តាលរណ្តៅ Gale Crater ខណៈ NASA មានការសង្ស័យថា ទីនោះអាចកំពុងលាក់ «តំរុយនៃជីវិត» ដែលធ្លាប់បានកើតមានកាលពីអតីតកាលលើភពក្រហមនោះ៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA/SPACE (ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤)