ការព្យាករណ៍ថ្មី៖ «វដ្តថ្មីនៃព្រះអាទិត្យ (Sun Cycle 26) អាចនឹងមកដល់លឿនជាងរាល់ដង…» (វីដេអូ)

516

(បរទេស)៖ ព្រះអាទិត្យអាចនឹងចាប់ផ្តើម ចូលទៅកាន់វដ្តរយៈពេល ១១ឆ្នាំ បន្ទាប់របស់ខ្លួនលឿនជាងវដ្តមុនៗ ខណៈបើតាមទម្លាប់នៃវដ្តកន្លងមក នៅក្នុងឆ្នាំ២០២៤នេះគឺស្ថិតនៅអំលុងពេលនៃពាក់កណ្តាលវដ្ត២៥ (Solar Cycle 25) ប៉ុណ្ណោះ, នេះបើយោងតាមលទ្ធផលនៃការសង្កេតថ្មីចុងក្រោយ ទៅលើសកម្មភាពព្រះអាទិត្យ។

(Video From YouTube: Cambo Space Edu)

ការតាមដានដំណើរនៃវដ្តព្រះអាទិត្យ (Solar Cycles) កន្លងមក គឺជាការវាស់វែងទៅលើសកម្មភាពនៃព្រះអាទិត្យ ដែលជាមេនៃប្រព័ន្ធរបស់យើង។ ចំណុលកញ្ជ្រោលដែលស្ថិតនៅពាក់កណ្តាលនៃវដ្តមួយ ត្រូវបានគេស្គាល់ថា ជាភាពពុះកញ្ជ្រោលកម្រិតអតិបរមានៃព្រះអាទិត្យ (Solar Maximum)។ បច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងកំលុងពេលនៃ Solar Maximum របស់វដ្ត ២៥ នៃព្រះអាទិត្យ ដោយវដ្ត ២៥ នេះត្រូវបានរាប់ចាប់តាំងពីការចាប់ផ្តើមធ្វើ កំណត់ត្រានៃវដ្តព្រះអាទិត្យបែបនេះដំបូង ចាប់តាំងឆ្នាំ១៧៥៥មកម្ល៉េះ។

(រូបភាពពី NASA)

ក្នុងអំឡុងពេលនៃ Solar Maximum ក្រុមតារាវិទូបានកត់សម្គាល់ឃើញ ចំនួននៃចំណុចខ្មៅព្រះអាទិត្យ (Sunspots) កាន់តែច្រើន, ការផ្ទុះជះអណ្តាតភ្លើងព្រះអាទិត្យ (Solar Flares) កាន់តែញឹកញាប់ និងជះចេញនូវ បណ្តុំអណ្តាតភ្លើងរាងពងក្រពើពីស្រទាប់ខូរ៉ណានៃព្រះអាទិត្យ (Coronal Mass Ejections ឬ CMEs) ផងដែរ។ ព្រឹត្តិការណ៍បែបនេះ អាចបណ្តាលឱ្យមានការកើនឡើង នៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច និងភាគល្អិតដែលមានថាមពលខ្ពស់ជះចេញពីព្រះអាទិត្យ សម្តៅមកកាន់ផែនដីក្នុងល្បឿនលឿន។

ការព្យាករណ៍ថ្មី៖ «វដ្តថ្មីនៃព្រះអាទិត្យ (Sun Cycle 26) អាចនឹងមកដល់លឿនជាងរាល់ដង…» (វីដេអូ)
ព្រឹត្តិការណ៍ CME លើផ្ទៃព្រះអាទិត្យ (រូបភាពពី NASA/Goddard)

ព្រឹត្តិការណ៍ដូចខាងលើនេះ (ដូចអ្វីដែលបានកើតមានរួចមកហើយ កាលពីអំលុងខែឧសភា ឆ្នាំ២០២៤) អាចបណ្តាលឱ្យកើតមាននូវពន្លឺសំរាំងប៉ូល (Aurora) លេចចេញនៅលើតំបន់ប៉ូលទាំង ២ នៃផែនដី និងអាចបង្កការរំខានដល់បណ្តាញផ្គត់ផ្គង់អគ្គិសនីលើដី ព្រមទាំងអាចរំខាន ឬបំផ្លិចបំផ្លាញផ្កាយរណបនានា ដែលគោចរជុំវិញភពផែនដីផងដែរ។

សេចក្តីរាយការណ៍ព័ត៌មានមួយនៅក្នុងខែកក្កដា ឆ្នាំ២០២៤ នេះបានឲ្យដឹងថា ព្រឹត្តិការណ៍ព្យុះភូមិសាស្ត្រម៉ាញេទិច (geomagnetic storm) ដែលបានកើតមានឡើងកាលពីខែឧសភា ឆ្នាំ២០២៤នោះ បានបង្កឲ្យផ្កាយរណបក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាន ត្រូវបង្ខំឲ្យទម្លាក់រយៈកម្ពស់នៃគន្លងគោចររៀងៗខ្លួន ឲ្យមកនៅទាបបំផុត ដើម្បីគេចចេញពីព្យុះព្រះអាទិត្យកម្រិតធ្ងន់នោះ។

ភាពកញ្ជ្រោលអតិបរិមានៃ វដ្ត២៥ របស់ព្រះអាទិត្យត្រូវបានគេរំពឹងថា នឹងបន្តដល់ឆ្នាំ២០២៥ ប៉ុន្តែសម្រាប់វដ្តបច្ចុប្បន្ននេះ ទំនងជាមិនអាចនឹងបន្តរហូតដល់រយៈពេល ៦ឆ្នាំទៀត (គ្រប់១១ឆ្នាំ) ដូចកាលពីវដ្តមុនៗនោះឡើយ។ យោងតាមក្រុមតារាវិទូនៃ សាកលវិទ្យាល័យ Birmingham ចក្រភពអង់គ្លេស បានសង្ស័យថា ព្រះអាទិត្យពេលនេះហាក់ដូចជា កំពុងចាប់ផ្តើមបង្ហាញ «សញ្ញានៃការជិតឈានចូលវដ្តបន្ទាប់ (វដ្ត២៦ ឬ Solar Cycle 26)» រួចទៅហើយ។

(រូបភាពពី NASA)

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញការរកឃើញរបស់ពួកគេ នៅឯកិច្ចប្រជុំផ្នែកតារាសាស្ត្រថ្នាក់ជាតិនៃស្ថាប័ន Royal Astronomical Society នៅទីក្រុង Hull ភាគខាងជើងនៃប្រទេសអង់គ្លេស។ ពួកគេ​អះអាង​ថា​បាន​រក​ឃើញ​ភស្តុតាង​ដែល​បញ្ជាក់ថា ​វដ្ដ​ព្រះអាទិត្យ​ទី ២៦ (Solar Cycle 26) កំពុងជិត​ចាប់​ផ្ដើម

ការហ៊ានអះអាងបែបនេះ គឺយោងទៅលើការត្រួតពិនិត្យដំណើរនៃរង្វិលខ្ញាល់របស់ព្រះអាទិត្យ ដែលជះឥទ្ធិពលប្រៀបដីដូចជារំយោលទៅវិញទៅមក ទៅកាន់ផ្ទៃក្នុងយ៉ាងជ្រៅនៃព្រះអាទិត្យ រហូតចេញមកដល់ផ្នែកខាងក្រៅវិញ។ ដំណើរបែបនេះ គឺប្រៀបបានទៅដឹងចង្វាក់តន្ត្រី ដែលមានឡើងមានចុះ និងទាំងក្នុងល្បឿនលឿន និងយឺត។ រំយោលបែបនេះតែងកើតមាននៅតំបន់អេក្វាទ័រ និងប៉ូលនៅអំលុងវដ្តរបស់ព្រះអាទិត្យ ហើយការវិលយ៉ាងលឿន នៃខ្សែរំយោលនោះ ភាគច្រើនគឺបង្ហាញចេញតែនៅមុនពេលដែល វដ្តថ្មីនៃព្រះអាទិត្យចាប់ផ្តើមពិតប្រាកដប៉ុណ្ណោះ។

ការព្យាករណ៍ពីមុននៃ Solar Maximum ក្នុងវដ្ត២៥ព្រះអាទិត្យ (រូបភាពពី NASA/NOAA)

ហេតុដូច្នេះទើបក្រុមតារាវិទូ នៃសាកលវិទ្យាល័យ Birmingham ជឿថាពួកគេបានឃើញ «សញ្ញានៃការជិតឈានចូលវដ្តថ្មីនៃព្រះអាទិត្យ» ដែលយ៉ាងហោចណាស់ក៏ជាស្រមោលតិចៗដែរ។ ជុំវិញលទ្ធផលនេះ បណ្ឌិត Rachel Howe បានពន្យល់ថា «យើងទំនងជាបានឃើញសញ្ញាដំបូងនៃវដ្តទី ២៦ ដែលអាចនឹងមិនចាប់ផ្តើមជាផ្លូវការរហូតទៅដល់ឆ្នាំ២០៣០ នោះឡើយ…»។ បណ្ឌិត Howe គឺជាអ្នកដែលបានតាមដាន ដំណើរនៃវដ្តរបស់ព្រះអាទិត្យប្រមាណ ២៥ឆ្នាំមកហើយ ខណៈក្រុមតារាវិទូពេលនេះមានទិន្នន័យពីវដ្ត ២៣, ២៤ និង ២៥ ដើម្បីធ្វើការប្រៀបធៀប។

(រូបភាពពី NASA, ARC)

គួរបញ្ជាក់តាមបណ្ឌិត Howe បានរម្លឹកថា «ប្រសិនបើអ្នកត្រលប់ទៅមើល វដ្តព្រះអាទិត្យកាលពីឆ្នាំ២០១៧ នោះអ្នកអាចឃើញអ្វីមួយស្រដៀងគ្នាពេលនេះ… លក្ខណៈពិសេសនោះ អាចកើតឡើងលើវដ្តព្រះអាទិត្យបច្ចុប្បន្ន គឺវដ្តទី ២៥…​។ វា​គួរ​ឱ្យ​រំភើប​ចិត្ត​ដែល​បាន​ឃើញ​តម្រុយ​ដំបូង​ ដែល​ជាលំនាំ​នឹង​កើតឡើង​ម្តងទៀត​ក្នុង​វដ្ត​ទី ២៦ ដែលធ្លាប់ត្រូវ​បានគេព្យាករថា នឹងចាប់ផ្តើមទាល់តែរយៈពេល ៦​ឆ្នាំទៀតនោះ​»។ យ៉ាងណាក៏ដោយ វដ្តព្រះអាទិត្យថ្មីកំពុងជិតចាប់ផ្តើមនៅឆ្នាំ២០២៤នេះមែន ឬមួយក៏យ៉ាងណានោះ គឺតម្រូវឲ្យមានការសង្កេត និងសិក្សាទៅលើឥរិយាបថ នៃព្រះអាទិត្យបន្ថែមទៀតមុខទៀត៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ Cosmos Magazine (ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤)

480×240 Banner