James Webb ទើបឆ្លុះបរិយាកាសផ្កាយតឿ (Brown Dwarf) ដែលនៅកៀកផែនដីបំផុត (វីដេអូ)
(បរទេស)៖ តេឡេស្កូបអវកាស James Webb នៃអង្គការ NASA ESA និង CSA ទើបតែបានឆ្លុះមើលទៅក្នុងបរិយាកាស ផ្កាយតឿពណ៌ត្នោត (Brown Dwarf) មួយគូ និងបញ្ចេញលទ្ធផលសិក្សាថ្មី ដែលត្រូវបានចាត់ទុកជារបាយការណ៍អាកាសធាតុដ៏លម្អិតបំផុត មិនធ្លាប់ត្រូវបានធ្វើឡើងពីមុនមកឡើយ ចំពោះវត្ថុអវកាសដែលក្រុមតារាវិទូតែងហៅថា «ផ្កាយបរាជ័យ ឬ failed stars» នោះ។
ផ្កាយតឿពណ៌ត្នោតទាំងពីរគឺជាប្រភេទ binary system ឬជាសម្ព័ន្ធនឹងគ្នា ដោយមានឈ្មោះរួម WISE 1049AB។ ពួកវាត្រូវបានរកឃើញដោយ តេឡេស្កូបអវកាសសង្កេតពន្លឺក្រហមអាំងហ្វ្រា Wide-field Infrared Survey Explorer (WISE) របស់អង្គការ NASA នៅក្នុងឆ្នាំ២០១៣ និងមានចម្ងាយតែ ៦.៥ឆ្នាំពន្លឺប៉ុណ្ណោះពីផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
ដោយសារតែពួកវាគឺជាផ្កាយតឿពណ៌ត្នោត ដែលនៅជិតព្រះអាទិត្យរបស់យើងបំផុតនោះហើយ ដូច្នេះទើបបង្កើតបានជាគោលដៅដ៏ល្អ សម្រាប់ឧបករណ៍សង្កេតពន្លឺក្រហមអាំងហ្វ្រា ដ៏មានឥទ្ធិពលរបស់ James Webb ឆ្លុះមើលឃើញបរិយាកាសរបស់ពួកវាដែលដូចគ្នានោះ យ៉ាងលម្អិតមិនធ្លាប់មាន។
ផ្កាយតឿ ឬបរាជ័យ (Brown Dwarfs) គឺជាវត្ថុអវកាសមួយប្រភេទ ដែលមិនមានទំហំធំគ្រប់គ្រាន់ ដើម្បីដុតចំហេះប្រតិកម្មនុយក្លេអ៊ែរនៃអ៊ីដ្រូសែន ឲ្យទៅអេល្យូមនៅក្នុងស្នូលរបស់វា ហើយក្លាយជាផ្កាយពេញលេញ (Stars) បាន ប៉ុន្តែពួកវាបែរជាធំពេក ដែលមិនអាចត្រូវបានចាត់ទុកថាជា ភព (Planet) នោះឡើយ។ ហេតុដូច្នេះ Brown Dwarfs ត្រូវបានក្រុមតារាវិទូគណនាថា ស្ថិតនៅចន្លោះរវាងភពយក្សឧស្ម័នដូចជាភពព្រហស្បតិ៍ (Jupiter) និងផ្កាយដែលមានម៉ាស់ទាបបំផុតនោះគឺ M-dwarf ដែលត្រូវមានឈ្មោះមួយកំណត់ឲ្យបែបនេះ។
- តើ James Webb ឆ្លុះឃើញអ្វីខ្លះក្នុងបរិយាកាស Brown Dwarf ភ្លោះ WISE 1049AB?
លទ្ធផលពី James Webb ដែលដឹកនាំការសិក្សាដោយតារាវិទូ Beth Biller មកពីសាកលវិទ្យាល័យ Edinburgh ប្រទេសស្កុកលែន បានបញ្ចេញនៅក្នុងខែកក្កដា ឆ្នាំ២០២៤ នេះបានបង្ហាញថា បរិយាកាសរបស់ផ្កាយតឿភ្លោះ WISE 1049AB (មួយឈ្មោះ WISE 1049A និងមួយទៀតឈ្មោះ WISE 1049B) ដោយប្រើប្រាស់ឧបករណ៍សង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម MIRI ចំនួន ៨ម៉ោង និងឧបករណ៍វាស់ស្ទង់ពន្លឺក្រហមអាំងហ្វ្រាជិត NIRSpec ចំនួន ៧ម៉ោង។
បើតាមទិន្នន័យពី James Webb បរិយាកាសនៃ Brown Dwarfs ទាំង ២ មានសភាពដូចគ្នា នោះគឺការគ្របដណ្តប់ទៅដោយបណ្តុំពពកដ៏ខ្មួលខ្មាញ់ ដែលអាចជាពពកនៃកម្ទេចស៊ីលីកាត (tumultuous clouds)។ ហេតុដូច្នេះទើបសីតុណ្ហភាពក្នុងបរិយាកាសរបស់ Brown Dwarfs ទាំងពីរក្តៅខ្លាំងចាប់ពីកម្រិត ៨៧៥អង្សាសេ ដល់ជាង ១,០០០អង្សាសេ។ ឧបករណ៍នៃ Webb ក៏បានប្រទះឃើញសញ្ញានៃវត្តមានកាបូនម៉ូណូអុកស៊ីត (Carbon monoxide), មេតាន (methane) និងចំហាយទឹក (water vapor) ក្នុងចំនួនតិចទៅច្រើន តាមរយៈការត្រួតពិនិត្យកម្រិតឡើងចុះនៃពណ៌របស់ពន្លឺ ដែលត្រូវបានបំប្លែងនៅក្នុងពពក Brown Dwarfs ទាំងនោះផងដែរ។
គួរបញ្ជាក់ថា ការរកឃើញខាងលើនេះ គឺជាការបញ្ចេញសមត្ថភាពដ៏អស្ចារ្យរបស់ James Webb ដែលអាចសម្រេចទៅបាន និងជាលើកដំបូងចំពោះវត្ថុអវកាសប្រភេទ Brown Dwarfs នោះ។ វាមិនត្រឹមតែមានប្រយោជន៍ចំពោះតែការសិក្សាអំពី Brown Dwarfs នោះឡើយ តែក៏ទៅលើការសិក្សាបរិយាកាសភពស្ថិតក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ផ្សេងៗទៀតដែល James Webb នឹងសង្កេតនៅថ្ងៃមុខ ឬក៏សម្រាប់តេឡេស្កូបអវកាសក្រោយៗទៀតដែលនឹងត្រូវអភិវឌ្ឍកែវភ្នែក ឲ្យអាចមើលបានជ្រៅជាង James Webb នេះផងដែរ៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE/NASA/ESA/CSA (ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤)