HOT NEWS: តើនេះពិតជា «ដាននៃជីវិត» លើភពអង្គារឬ? យាន Perseverance របស់ NASA ទើបថតបានរូបភាពនេះ (វីដេអូ)

1,820

(បរទេស)៖ រូបភាពតែមួយសន្លឹកប៉ុណ្ណោះពីយាន Perseverance របស់អង្គការ NASA ដែលកំពុងស្ថិតក្នុងរណ្តៅ Jezero នៃភពអង្គារ (Mars) នោះ បាននិងកំពុងធ្វើឲ្យពិភពអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែនោះអាចជាដានបន្សល់ទុកពីជីវិត ដែលធ្លាប់បានកើតមានឡើងនៅលើភពក្រហមនោះ។

(Video From YouTube: Cambo Space Edu)

ជាបឋមក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA បានពណ៌នាថា ថ្មដែលមានស្ថានភាពដូចក្នុងរូបភាពនេះ អាចជាជម្រកនៃអតិសុខុមប្រាណ ឬមីក្រុប (microbial life) ដែលធ្លាប់កកើតឡើងលើផ្ទៃភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន។ ប៉ុន្តែយើងមិនអាចសន្មត់យកបែបនេះបានតែម្តងនោះឡើយ ដោយការពិតនឹងទៅជាយ៉ាងណានោះ គឺមានតែការសិក្សាបន្ត ឬយកថ្មទាំងនោះមកចូលក្នុងបន្ទប់ពិសោធន៍សិនប៉ុណ្ណោះ។

យានស្រាវជ្រាវភពអង្គារ Perseverance (Credit: NASA/JPL-Caltech)

នៅក្នុងរូបភាពថ្មីដែលត្រូវបានថតនៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ គ្រប់គ្នាអាចមើលឃើញថ្មពណ៌សរាងវែងៗ និងដុំក្រួសពណ៌ត្នោតដែលមានរាងដូចក្បាលព្រួញនៅលាយឡំគ្នា ហើយក្រុមការងារគ្រប់គ្រងបេសកកម្មយាន Perseverance បានដាក់ឈ្មោះឲ្យពួកវាថា Cheyava Falls។ ស្ថានភាពបែបនេះ កាន់តែជំរុញឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ចោទជាសំនួរឡើងព្រមៗគ្នាថា៖ តើនេះជាដានបន្សល់ទុកដោយជីវិត (អតិសុខុមប្រាណ) ពីអតីតកាលដ៏យូរលុងលើភពអង្គារឬ?

បណ្តុំថ្ម Cheyava Falls (Credit: NASA/JPL-Caltech/MSS)

អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាអន្ទះសានោះ គឺការធ្វើតេស្តដោយឧបករណ៍វិភាគ នៅក្នុងខ្លួនយាន Perseverance ផ្ទាល់បានចេញលទ្ធផលមកថា «ថ្មនេះមានលក្ខណៈសម្បត្តិ ដែលសមស្របនឹងនិយមន័យនៃភាពដែលអាចទៅរួចថា ជាជីវិតដែលធ្លាប់បានកើតមានកាលពីអតីតកាល។ ថ្មនេះក៏បង្ហាញពីដាននៃសារធាតុគីមី និងរចនាសម្ព័ន្ធ ដែលអាចត្រូវបានបង្កើតឡើងដោយជីវិតកាលពីរាប់ពាន់លានឆ្នាំមុន នៅពេលដែលទីនោះមានវត្តមានទឹក»។

កាមេរ៉ារបស់ Perseverance បានផ្តិតរូបភាពនេះកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលត្រូវបាននឹងការស្ថិតនៅលើភពអង្គាររយៈពេល ១,២១២ថ្ងៃ ឬសូល (sol) នៃយាននេះ ព្រមទាំងបានខួងវាយកទៅវិភាគនៅថ្ងៃទី២១ ខែកក្កដា។ សម្រាប់ថ្មវែងៗពណ៌សនោះ ត្រូវបានគេដឹងថាផ្ទុកទៅដោយសារធាតុ កាល់ស្យូមស៊ុលផាត (calcium sulfate) ខណៈថ្មពណ៌ក្រហមក្រមៅ ឬត្នោតតូចៗ ដែលខ្លះមានរាងដូចក្បាលព្រួញនោះ គឺជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ ហើយវាគឺផ្ទុកទៅដោយសារធាតុ ហេម៉ាទីត (hematite / ភាគច្រើនដូចដែកច្រែះ) ដែលសំបូរខ្លាំងណាស់លើភពអង្គារ ទើបនាំឲ្យតំបន់ជាច្រើនលើភពនេះ មានពណ៌ក្រហមក្រមៅដូចជាដែកច្រែះនោះ។

បណ្តុំថ្ម Cheyava Falls (Credit: NASA/JPL-Caltech/MSS)

តែចំណុចដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺទៅ «ចំណុចខ្លារខិន (Leopard Spot)» ដូចដែលត្រូវបានគូសរង្វង់ក្រហមបញ្ជាក់ នៅក្នុងរូបភាពនោះឯង។ វាមានឈ្មោះបែបនេះ ព្រោះតែការមានចំណុចសនៅចំកណ្តាល និងរង្វង់ខ្មៅពណ៌ជុំវិញ ប្រៀបបីដូចជាក្រលានៃរោម លើស្បែកសត្វខ្លាររខិន ប៉ុន្តែទំហំរបស់វាគឺតូចណាស់ តែខ្ទង់មីល្លីម៉ែត្រប៉ុណ្ណោះ។

បណ្តុំថ្ម Cheyava Falls (Credit: NASA/JPL-Caltech/MSS)

ស្ថានភាពដូចក្នុងរូបភាពនៅលើថ្ម និងដីវ័យចំណាស់បែបនេះ អាចកកើតឡើងនៅពេលដែលប្រតិកម្មគីមីមានការចូលរួមពីសារធាតុ ហេម៉ាទីត (hematite) ដែលអាចប្រែក្លាយថ្មពីពណ៌ក្រហមទៅជាស។ ប្រតិកម្មទាំងនោះ ក៏អាចបញ្ចេញធាតុដែក (Iron) និងផូស្វាត (phosphate) ដែលអាចបណ្តាលឱ្យមាន ដុំពកខ្មៅៗ (ដូចក្នុងរូបភាព) ហើយពួកវាអាចជាប្រភពថាមពល សម្រាប់អតិសុខុមប្រាណ ដែលធ្លាប់កើតមាននៅទីតាំងនោះ។

យ៉ាងណាក៏ដោយ ការវិភាគអំពីបណ្តុំថ្ម Cheyava Falls នេះ នៅតែត្រូវការពេលទៅមុខទៀត ហើយក្រុមអ្នកវិទ្យាសាស្ត្រនៅតែអះអាងដដែលថា ពួកគេត្រូវការការសិក្សា និងវិភាគបន្ថែម ដើម្បីសន្មត់យកចម្លើយរួមថា «វាជាថ្មត្រូវបានបន្សល់ទុកដោយជីវិត ដែលធ្លាប់កើតមានកាលពីអតីតកាល នៅលើភពអង្គារ» ហើយប្រសិនបើជាបែបនេះមែន វាប្រាកដណាស់នឹងក្លាយជាការបំបែកទស្សនៈដ៏ធំមហិមាកន្លងមកនេះដែលថា «មានតែផែនដីមួយគត់ ដែលអាចឲ្យជីវិតកកើត ឬគេឃើញមានជីវិតដូចបច្ចុប្បន្ន និងដាននៃជីវិតដ៏ច្រើន រាប់ចាប់តាំងពីអតីតកាលរាប់រយលានឆ្នាំមុនមក» ជាក់ជាមិនខាន។

HOT NEWS: តើនេះពិតជា «ដាននៃជីវិត» លើភពអង្គារឬ? យាន Perseverance របស់ NASA ទើបថតបានរូបភាពនេះ (វីដេអូ)
បណ្តុំថ្ម Cheyava Falls (Credit: NASA/JPL-Caltech/MSS)

គួរបញ្ជាក់ថា សំណាក (sample) នៃបណ្តុំថ្ម Cheyava Falls ខាងលើនេះ ត្រូវបានយាន Perseverance ប្រមូល និងច្រកចូលទៅក្នុងបំពង់ទី ២២ ក្នុងចំណោមបំពង់ស្តុក sample ទាំង ៤០ របស់យានកង់ ៦ មួយនេះរួចទៅហើយ ដោយរង់ចាំតែ NASA និងដៃគូ ចេញបេសកកម្មទៅដឹកយកមកកាន់ភពផែនដី (Mars Sample Return) ប៉ុណ្ណោះ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ NASA មិនទាន់កំណត់ថា នឹងចេញបេសកកម្ម Mars Sample Return នៅពេលណាឲ្យប្រាកដនោះឡើយ ដោយខ្លួនកំពុងរង់ចាំលទ្ធផលសិក្សាជាថ្មី អំពីហានិភ័យ, ការចំណាយ និងភាពស្មុគស្មាញផ្សេងៗទៀតក្នុងបេសកកម្មទាំងមូល៕

(ភាពលម្អិតបន្ថែមអំពីថ្មនេះ នឹងត្រូវបញ្ជាក់ក្នុងវីដេអូដែលនឹងចេញផ្សាយក្នុងយូធូប Cambo Space Edu នៅល្ងាចថ្ងៃសុក្រនេះ, សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា)

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤)

480×240 Banner