ភពមួយក្នុងប្រព័ន្ធព្រះអាទិត្យយើង ស្រោបដោយ «ស្រទាប់ពេជ្រ» ដែលក្រាស់ស្ទើរមិនគួរឲ្យជឿ… (វីដេអូ)
(បរទេស)៖ សម្រាប់អ្នកដែលមិនទាន់បានដឹង សូមតាមដានអត្ថបទមួយនេះ ឲ្យបានចប់ផង ព្រោះនេះមិនមែនជាលទ្ធផលសិក្សាថ្មីបំផុតឡើយ តែក៏ជាការរម្លឹកឡើងវិញខ្លះសម្រាប់ការសិក្សាស្វែងយល់ទាំងអស់គ្នា ខណៈទិន្នន័យថ្មីៗបន្ថែមក៏ទើបត្រូវបានអង្គការ NASA បញ្ចេញប៉ុណ្ណោះ។
តូចតែខ្លឹម? យើងអាចដាក់រហស្សនាមបែបនេះ ឲ្យភពតូចជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងមួយនេះបាន ព្រោះបើយោងតាមទិន្ន័យបន្សល់ទុក ពីយានអវកាស MESSENGER របស់ NASA ដែលបានបញ្ចប់ប្រតិបត្តិការ រួចទៅហើយនោះ បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា នៅក្នុងភពដើមគេនៃប្រព័ន្ធព្រះអាទិត្យ យើងនេះមានស្រទាប់ពេជ្រ (diamond layer) ដែលមានកម្រាស់ក្រាស់ស្ទើរមិនគួរឲ្យជឿ។
លោកអ្នកមួយចំនួនប្រាកដជាស្មានដឹងហើយ នោះគឺយើងកំពុងសម្តៅទៅលើ ភពពុធ (Mercury) ដែលកំពុងគោចរនៅលំដាប់លេខរៀងទី ១ ពីព្រះអាទិត្យ និងជាភពតូចជាងគេផងដែរ ក្នុងចំណោមភពផ្លូវការទាំង ៨។ Mercury មានទំហំតូចណាស់ ជាមួយនឹងអង្កត់ផ្ចិតតែជាង ៤,៨៧៩km ប៉ុណ្ណោះ ដោយតូចជាងព្រះចន្ទ ហ្គែនីមីដ (Ganymede) របស់ភពព្រហស្បតិ៍ (Jupiter) ទៅទៀត (Ganymede មានអង្កត់ផ្ចិតប្រវែងជាង ៥,២៦៨km)។
អាថ៌កំបាំងធំៗរបស់ភពពុធ ដែលមិនទាន់ត្រូវបានសិក្សារកឃើញ ឲ្យបានច្បាស់លាស់នៅឡើយនោះ រួមមានដូចជា កត្តាដែលជំរុញឲ្យផ្ទៃ ភពតូចច្រឡឹងនេះមានពណ៌ក្រមៅៗ, ស្នូលដ៏តាន់ និងការបញ្ចប់ទៅយ៉ាងលឿនខុសប្រក្រតី នៃយុគភ្នំភ្លើង ឬកម្អែលភ្លើង ដែលហូរលើផ្ទៃសំបកភព ដែលមានគម្លាតជាមធ្យម ៥៨លានkm ពីព្រះអាទិត្យនោះ។
យោងតាមទិន្ន័យពីយានអវកាស MESSENGER របស់ NASA ដែលបានបិទបញ្ចប់ បេសកកម្មជុំវិញភពពុធកាលពីឆ្នាំ២០១៥ នោះបានបង្ហាញថា ភពពុធកំពុងលាក់ «ស្រទាប់ពេជ្រ» ដែលអាចមានកម្រាស់រហូតដល់ទៅជិត ១៧km ឯណោះ នៅពីក្រោមសំបក (Crust) ដែលមានកម្រាស់ជាមធ្យម ៣៥km។ គិតលេងៗ ប្រសិនបើចង់ស្វែងរកពេជ្រទាំងនោះ យើងត្រូវមានឧបករណ៍ខួងឲ្យដល់ជម្រៅចាប់ពី ៣៥km ចុះក្រោម នោះនឹងចូលដល់ស្រទាប់ពេជ្រទាំងនោះមិនខាន។
អ្នកជំនាញមួយរូបឈ្មោះ Olivier Namur មកពីសាកលវិទ្យាល័យ KU Leuven ប្រទេសប៊ែលហ្សិក បានប្រាប់សារព័ត៌មាន SPACE របស់អាមេរិកថា «យើងបានធ្វើការគណនាឡើងវិញ អំពីសម្ពាធនៅតំបន់ចន្លោះស្រទាប់រឹង (mantle layer) និងស្នូល (Core) របស់ភពពុធទើបយើងដឹងថា ភពនេះពោពេញដោយកាបូន (carbon-rich) ហើយកាបូនផ្ទុកដោយរ៉ែ ដែលមានវត្តមាននៅចន្លោះស្រទាប់រឹង និងស្នូលទាំងនោះ គឺជាពេជ្រ (diamond) មិនមែនកាបូនគ្រីស្តាល់ក្រាហ្វីត (graphite) ដូចការសន្និដ្ឋានពីមុននោះឡើយ»។
- តើកត្តាអ្វីទើបគេដឹងថា ក្នុងខ្លួនភពពុធមានពេជ្រ?
យានអវកាស MESSENGER របស់អង្គការ NASA ត្រូវបានបាញ់បញ្ជូនចេញពីផែនដី កាលពីខែសីហា ឆ្នាំ២០០៤ និងទៅដល់គន្លងគោចរជុំវិញភពពុធ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១។ នៅជាប់ខ្លួនយាននោះមាន ឧបករណ៍វាស់ស្ទង់សមាសធាតុផ្សំនៃបរិយាកាស និងផ្ទៃស្រទាប់លើរបស់ភពពុធ (Mercury Atmosphere and Surface Composition Spectrometer ឬ MASCS) ហើយក្នុងនោះក៏មានឧបករណ៍មួយផ្នែកទៀតឈ្មោះ Visual and Infrared Spectrometer (VIRS) មានតួនាទីវាស់ស្ទង់ជម្រៅ និងសមាសធាតុនៅក្នុងស្រទាប់ក្នុងៗរបស់ Mercury ផងដែរ។
បន្ថែមពីនេះយាន MESSENGER ក៏មានបំពាក់នូវកាមេរ៉ាថតមុំទូលាយ និងកៀក Mercury Dual Imaging System (MDIS) ដើម្បីផ្តិតរូបភាពពិតៗ ខណៈដែលវាធ្វើគោចរប្រៀបបីដូចជាផ្កាយរណបជុំវិញភពពុធនោះ។ គិតចាប់តាំងពីការបើកប្រតិបត្តិការ រហូតដល់បញ្ចប់នៅឆ្នាំ២០១៥ យាន MESSENGER ថតបានរូបភាពសរុបជាង ២៥០,០០០សន្លឹកពីភពពុធ។ ជាចុងក្រោយ យាននេះបានធ្លាក់លើផ្ទៃភពពុធ នៅខែចុងខែមេសា ឆ្នាំ២០១៥ ដោយសារតែការអស់ឥន្ធនៈទាំងស្រុង ដើម្បីគ្រប់គ្រងខ្លួនឯង៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤)