ហេតុអ្វីតេឡេស្កូបមិនថតរូប «ភពនៅប្រព័ន្ធផ្កាយផ្សេង» ឲ្យច្បាស់ៗ? (James Webb ថតរូបដទៃស្តែងៗ) (វីដេអូ)
(បរទេស)៖ ប្រិយមិត្តរបស់ Cambo Space មួយចំនួនធ្លាប់បានសួរថា៖ តើយើងអាចថតរូបភាព ភពនៅប្រព័ន្ធផ្កាយផ្សេង (Exoplanet) ដែរឬទេ? ឬថា៖ តើហេតុអ្វីគេមិនថតភពទាំងនោះឲ្យច្បាស់ៗតែម្តងទៅ? ចម្លើយពី James Webb នឹងបង្ហាញឲ្យលោកអ្នកឃើញ និងយល់ដឹងបន្ថែមអំពីរឿងនេះ។
ហេតុអ្វីភពណិបទូន (Neptune) ស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យ តែតេឡេស្កូបពីផែនដីនៅតែអាចថតច្បាស់ តែភពភ្លូថូ ឬភ្លុយតុង (Pluto) វិញ នៅក្នុងប្រព័ន្ធផ្កាយយើងដូចគ្នាដែរ បែរជាសឹងតែមើលមិនឃើញ? ចម្លើយគឺងាយយល់ប៉ុណ្ណោះ ព្រោះភពណិបទូនមានទំហំធំ ខណៈភពភ្លុយតុងវិញមានទំហំតូចខ្លាំង (តូចជាងព្រះចន្ទផែនដីទៅទៀត)។ ការមានទំហំតូចហើយស្ថិតនៅកាន់តែឆ្ងាយ នោះនឹងកាន់តែពិបាកឲ្យភ្នែកយើងមើលឃើញ ឬថតបានច្បាស់ ដែលទាំងនេះជារឿងធម្មតា។

ភពភ្លុយតុងមានចម្ងាយត្រឹមតែ ៧.៥ពាន់លានគីឡូម៉ែត្រពីផែនដី ក៏មិនអាចឲ្យតេឡេស្កូបនានាលើផែនដី ថតបានរូបភាពច្បាស់លាស់ផង ចុះទម្រាំភពនៅប្រព័ន្ធផ្កាយដទៃ ឧទាហរណ៍គឺ Proxima b ដែលស្ថិតនៅចម្ងាយ ៤.២ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លានkm) តើតេឡេស្កូបមហាអស្ចារ្យមួយណា អាចសង្កេតឃើញលម្អិតទៅរួចនោះ? ទោះបីជាថ្ងៃមុខ យើងអាចថតរូបវាបាន តែក៏ត្រឹមជាស្រមោល ឬចំណុចនៃពន្លឺមួយប៉ុណ្ណោះ ដោយយើងមិនអាចមើលឃើញផ្ទៃរបស់វាច្បាស់លាស់នោះឡើយ លុះត្រាណាតែយើងបញ្ជូនយានទៅរយៈចម្ងាយជិតសមរម្យមួយពីភព Proxima b នោះ។

តែសម្រាប់សំនួរថា៖ តើយើងអាចថតភពដទៃស្តែងៗ ពេលវាកំពុងគោចរជុំវិញផ្កាយមេរបស់វាដែរឬទេ? ចម្លើយគឺ «អាច» ហើយកាលពីចុងខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ តេឡេស្កូបអវកាស James Webb ទើបតែសម្រេចកិច្ចការនេះបាន និងជាភាពអស្ចារ្យមួយផងដែរ នោះគឺទៅលើប្រព័ន្ធផ្កាយមួយដែលមានចម្ងាយ ១២ឆ្នាំពន្លឺពីផែនដី។
យើងកំពុងនិយាយអំពីប្រព័ន្ធផ្កាយ អ៊ែបស៊ីឡន អ៊ីនឌី អេ (Epsilon Indi A) ដែលមានភពយក្សឧស្ម័នមួយគោចរជុំវិញវា ហើយត្រូវបានតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង ESA ថតបានទាំងព្រមតែម្តង។ នេះក៏ជាការសង្កេតរូបរាងដោយផ្ទាល់ (មិនមែនទៅលើស្រទាប់បរិយាកាស) ចំពោះភពដ៏ត្រជាក់នោះផងដែរ។

សម្រាប់ប្រភេទភពយក្សឧស្ម័ន (Gas Giant) ដែលតេឡេស្កូប James Webb បានសង្កេតពីមុនៗ គឺជាប្រភេទភពយក្សឧស្ម័នក្តៅគគុក ដោយខ្លួនពួកវាមានការបញ្ចេញធាតុវិទ្យុសកម្មពាសពេញ ព្រោះតែភពទាំងនោះស្ថិតនៅវ័យក្មេងនៅឡើយ ហើយងាយឲ្យតេឡេស្កូបសង្កេតពន្លឺក្រហមអាំងហ្វ្រា (Infrared) ថតបាន។ តែនៅពេលដែលភពទាំងនោះមានវ័យចាស់ទុំ នោះពួកវានឹងមិនខុសពីភពរបស់ផ្កាយ Epsilon Indi A មួយនេះឡើយ ដោយនឹងក្លាយជា ភពយក្សឧស្ម័នត្រជាក់ ដែលតម្រូវឲ្យ James Webb ប្រើប្រាស់ឧបករណ៍សង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម MIRI ទើបអាចចាប់យកវត្តមានបានច្បាស់។

បើនិយាយថាច្បាស់នោះ យើងមិនមែនសម្តៅលើការឃើញផ្ទៃរបស់ភពនោះច្បាស់លាស់នោះឡើយ តែជាការឃើញចំណុចនៃពន្លឺមួយដែលជា ពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម បញ្ចេញដោយខ្លួនភពនោះ ខណៈវាកំពុងគោចរជុំវិញផ្កាយ Epsilon Indi A។ ភពយក្សឧស្ម័នមួយនេះមានឈ្មោះ Epsilon Indi Ab ត្រូវបានចាត់ទុកជាភពត្រជាក់បំផុតមួយ ដែលត្រូវបានផ្តិតរូបភាព ហើយបុគ្គលិកលក្ខណៈរបស់វាគឺស្រដៀងនឹង ភពព្រហស្បតិ៍ (Jupiter) នៅក្នុងប្រព័ន្ធផ្កាយយើងដែរ។

គួរបញ្ជាក់ថា ការផ្តិតរូបភាពប្រព័ន្ធផ្កាយមួយស្តែងៗនឹងភ្នែកបែបនេះ គឺមិនមែនជាលើកទីមួយនោះឡើយ ដោយកាលពីកំលុងខែកក្កដា ឆ្នាំ២០២០ តេឡេស្កូបនៅលើដីមួយឈ្មោះ VLT (The Very Large Telescope) របស់អង្គការអឺរ៉ុប ESO ក៏បានផ្តិតរូបភាពដោយផ្ទាល់លើ ប្រព័ន្ធផ្កាយមួយឈ្មោះ TYC 8998-760-1 ដែលមានភពចំនួន ២ គោចរជុំវិញវាផងដែរ និងមានចម្ងាយ ៣០០ឆ្នាំពន្លឺពីផែនដី (ដូចក្នុងរូបភាពខាងលើនេះ)៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/ESA/CSA/ESO (ថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤)
