នៅឆ្នាំ២០២៥ ជប៉ុននឹងបាញ់បញ្ជូនថាមពលព្រះអាទិត្យ ពីទីអវកាសមកកាន់ផ្ទៃផែនដី (មានវីដេអូ)

516

(បរទេស)៖ លោកអ្នកប្រាកដបានដឹងឮរួចមកហើយអំពីគម្រោងរបស់ជប៉ុន ក្នុងការបញ្ជូនឧបករណ៍ស្រូបយកថាមពលពីព្រះអាទិត្យ (Solar Panel) ទៅដាក់បណ្តែតនៅទីអវកាស ហើយបាញ់បញ្ជូនថាមពលទាំងនោះ មកកាន់ភពផែនដីវិញ (beam) ដែលនឹងកើតឡើងនៅឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ។ ប៉ុន្តែ, តើគម្រោងដ៏អស្ចារ្យនេះ អាចទៅរួចទៅដល់កម្រិតណាដែរ?

(Video From YouTube: Cambo Space Edu)

ការធ្វើបែបនេះ នឹងបង្កើនសង្វាក់ផ្គត់ផ្គង់ថាមពលកកើតឡើងវិញដូចជា ថាមពលព្រះអាទិត្យ (Solar Energy) នេះ ដែលមានស្ថិរភាពជាងលើផែនដី ព្រោះផែនដីតែងមានអាកាសធាតុប្រែប្រួលជាប្រចាំ និងរដូវផ្លាស់ប្តូរថែមទៀត។ បន្ថែមពីនេះ វានឹងគាំទ្រគោលគំនិតនៃការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ហើយឈានទៅទប់ទល់ការប្រែប្រួលអាកាសធាតុ ដែលកំពុងតែបង្កផលលំបាកយ៉ាងធ្ងន់ធ្ងរ ដល់អនាគតមនុស្សជាតិលើភពផែនដី។

តាមពិតទៅគម្រោងបង្កើត ស្ថានីយស្រូបថាមពលព្រះអាទិត្យ នៅលំហអវកាសជុំវិញភពផែនដីនេះ មិនមែនជាគំនិតថ្មីរបស់ជប៉ុននោះឡើយ ដោយពីដំបូងឡើយយើងបានឃើញ ក្រុមវិស្វករជំនាញផ្នែកនេះ នៅសហរដ្ឋអាមេរិក ជាអ្នកបំផុសចេញមក។ យ៉ាងណាក៏ដោយ កាលពីអំលុងខែមេសា ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវទីអវកាសរបស់ជប៉ុន បានប្រកាសអំពីគម្រោងខាងលើនេះនៅក្នុង សន្និបាតស្តីពីថាមពលមកពីទីអវកាស (International Conference on Energy from Space) ប្រារព្ធឡើងនៅទីក្រុង Koichi Ijichi ប្រទេសជប៉ុនផ្ទាល់។

នៅឆ្នាំ២០២៥ ជប៉ុននឹងបាញ់បញ្ជូនថាមពលព្រះអាទិត្យ ពីទីអវកាសមកកាន់ផ្ទៃផែនដី (មានវីដេអូ)
រូបតំណាង (Image credit: Air Force Research Laboratory (AFRL))

នៅក្នុងគម្រោងនោះ វិទ្យាស្ថានស្រាវជ្រាវទីអវកាសជប៉ុនចង់បង្កើតឲ្យមាន ស្ថានីយស្រូបយកថាមពលព្រះអាទិត្យខ្នាតតូចមួយ ដែលគោចរនៅក្នុងគន្លងកម្រិតទាបរបស់ភពផែនដី (Low Earth Orbit) ដែលមានរយៈកម្ពស់ពីផ្ទៃដីចាប់ពី ២៥០km ឡើងទៅ។ ពេលស្រូបថាមពលរួច ស្ថានីយនោះអាចផ្ទេរថាមពលមកកាន់ឧបករណ៍ស្រូប និងរក្សាទុកថាមពលនៅលើផែនដីដោយឥតខ្សែ។

នៅក្នុងគម្រោងនោះបានគូសបញ្ជាក់ថា៖ «យើងនឹងមានផ្កាយរណបខ្នាតតូចមួយ ដែលមានទម្ងន់ប្រមាណ ១៨០kg (បំពាក់បន្ទះសូឡាប្រវែង ២ម៉ត្រ) ដែលនឹងស្រូបរួចបាញ់បញ្ជូនថាមពលព្រះអាទិត្យ ពីក្នុងគន្លងគោចរកម្ពស់ ៤០០km ពីផ្ទៃដីនោះមកកាន់ផ្ទៃផែនដី…»។ នេះអាចជាការធ្វើតេស្តដំបូងមួយ នៅក្នុងបញ្ជូនថាមពលកម្រិត ១គីឡូវ៉ាត់ (ថាមពលកម្រិតនេះអាចទ្រទ្រង់ដំណើរការនៃម៉ាស៊ីនលាងចានខ្នាតតូចមួយគ្រឿង បានក្នុងរយៈពេល១ម៉ោង)។

ដោយសារតែផ្កាយរណបស្រូបថាមពលព្រះអាទិត្យ ត្រូវគោចរក្នុងល្បឿនយ៉ាងលឿនដល់ទៅ ២៨,០០០km/១ម៉ោង ដូច្នេះបណ្តាញអង់តែងសម្រាប់ទទួលយកថាមពលដែល beam ចេញពីផ្កាយរណបនោះ នឹងត្រូវដាក់ពង្រាយបណ្តាក់ៗគ្នាក្នុងរយចម្ងាយ ៤០km ហើយអង់តែនិមួយៗ ត្រូវមានគម្លាត ៥km ពីគ្នា ខណៈការស្រូបថាមពលអស់ពីផ្កាយរណបត្រូវការពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

ប្រសិនបើដំណាក់កាលបឋមដែលនឹងកើតឡើងនៅឆ្នាំ២០២៥ ខាងមុខនេះទទួលបានជោគជ័យ នោះផ្កាយរណបស្រូបថាមពលបន្ថែមទៀត នឹងត្រូវបញ្ជូនទៅកាន់ទីអវកាស ដើម្បីបង្កើតជាស្ថានីយស្រូប និងបញ្ជូនថាមពលតែម្តង។ សម្រាប់សំនួរថា តើគម្រោងនេះអាចទៅរួចដល់កម្រិតណានោះ គឺមានតែរង់ចាំដល់ឆ្នាំ២០២៥ ប៉ុណ្ណោះ ដោយនេះយើងនិយាយចំពោះគម្រោងខាងលើដែលមានឈ្មោះថា OHISAMA របស់ប្រទេសជប៉ុន។

រូបតំណាង (រូបភាពពីបរទេស)

ដោយឡែកសម្រាប់សហរដ្ឋអាមេរិកវិញ កាលពីឆ្នាំ២០២៣កន្លងទៅនេះ វិទ្យាស្ថានបច្ចេកវិទ្យា Caltech នៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចជោគជ័យរួចទៅហើយ ក្នុងការបាញ់បញ្ជូន (beam) ថាមពលព្រះអាទិត្យ ដែលត្រូវបានស្រូបយកដោយផ្កាយរណបមកកាន់ផ្ទៃផែនដីវិញ ដែលជាលើកដំបូងបំផុតសម្រាប់ពិភពលោក ប៉ុន្តែវាគឺជាគំនិតដើមបំផុតរបស់ អតីតវិស្វករនៃបេសកកម្ម Apollo របស់ NASA គឺលោក Peter Glaser តាំងតែពីឆ្នាំ១៩៦៨

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០២៤)

480×240 Banner