ក្រុមអ្នកវិទ្យាសាស្ត្រ៖ «បាចភាគល្អិត២ប្រភេទ ចូលបរិយាកាសភពអង្គារ នឹងនាំឲ្យកើនឡើងកម្តៅ» (វីដេអូ)
(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកបានគណនាថា មនុស្សលោកអាចធ្វើឲ្យភពអង្គារ (Mars) កើនឡើងកម្តៅទៅរួច តាមរយៈការបញ្ចេញភាគល្អិត ២ប្រភេទទៅក្នុងបរិយាកាសភពនោះ ហើយការធ្វើឱ្យភពក្រហមនោះ កើនឡើងកម្តៅជាអតិបរមាដល់ ២៨អង្សាសេ នឹងអាចកែសម្រួលស្ថានភាពបានមួយកម្រិត សម្រាប់ការស្វាគមន៍ជីវិតទៅរស់នៅដូចជាមនុស្សជាដើម ព្រោះទឹកកកនៅទីនោះនឹងរលាយ ដែលនឹងអនុញ្ញាតឱ្យអតិសុខុមប្រាណរីកដុះដាលជាបន្តបន្ទាប់។
ប្រមាណមួយភាគបីនៃផ្ទៃភពអង្គារ គឺធ្លាប់បានគ្របដណ្តប់ដោយទឹក ហើយតំបន់ដែលមានទឹកហូរចុងក្រោយបំផុត ទំនងជាទើបនឹងបញ្ចប់ទៅកាលពី ៦០០,០០០ឆ្នាំមុនប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ Mars ត្រឹមជាភពត្រជាក់ស្ងួត និងពុល ដែលមិនអាចឲ្យជីវិតរស់នៅបានឡើយ។ ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសអង្គការ NASA បានព្យាយាមស្វែងយល់អំពីរបៀប ដែលអាចធ្វើឲ្យភពអង្គារកើនឡើងកម្តៅ ប៉ុន្តែបច្ចេកវិទ្យាដែលត្រូវបានរំលេចចេញមក ភាគច្រើនបំផុតមានតម្លៃថ្លៃ និងពិបាកក្នុងការអនុវត្តន៍ថែមទៀត។
ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ ឈីកាហ្គោ (Chicago), សាកលវិទ្យាល័យ ណតស៍ វែស្ទើន (Northwestern) ក្នុងរដ្ឋ អ៊ីល្លីណយស៍ (Illinois) និងសាកលវិទ្យាល័យ សិនត្រល ផ្លរីដា (Central Florida) បានលើកឡើងថា ពួកគេអាចប្រើប្រាស់ភាគល្អិត (glitter) ដែលផលិតចេញពីដែក និងអាលុយមីញ៉ូម ដើម្បីបង្កើតចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យទៅក្នុងបរិយាកាសភពអង្គារផង និងអន្ទាក់ដែលបង្ខាំងទុកកម្តៅនៅលើភពអង្គារផង។
គំនិតខាងលើនេះ ស្ថិតក្នុងដំណើរការដូចគ្នាទៅនឹងអ្វីដែលមនុស្សលោក បាននិងកំពុងធ្វើរួចទៅហើយនៅលើផែនដីនេះ បើទោះបីនេះជាអ្វីដែលមនុស្ស មិនចង់បានក៏ដោយ។ យើងកំពុងនិយាយពីការបញ្ចេញសារធាតុពុល (CO2) ចូលទៅក្នុងបរិយាកាសផែនដី ដោយសកម្មភាពប្រចាំថ្ងៃរបស់មនុស្សលោក ហើយឧស្ម័នផ្ទះកញ្ចក់នោះហើយ ដែលតែងស្រូបទុកកម្តៅព្រះអាទិត្យ និងបង្កឲ្យបរិយាកាសភពផែនដី កើនឡើងកម្តៅជាប្រចាំនោះ។
ជាការពិតណាស់ នៅក្នុងបរិយាកាស និងខ្យល់អាកាសភពអង្គារ គឺពោពេញដោយ CO2 ស្រាប់ទៅហើយ ដូច្នេះអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រត្រូវការ នោះគឺជាភាគល្អិតដែលធ្វើចេញពីដែក និងអាលុយមីញ៉ូម។ ភាគល្អិតទាំងពីរប្រភេទនេះ នឹងតម្រូវឲ្យមានទំហំតូចៗប៉ុនកម្ទេចភ្លឺផ្លេក (glitter) ដែលមនុស្សលោកតែងផ្សំជាមួយគ្រឿងសម្អាង, សម្លៀកបំពាក់ និងរបស់តុបតែងមួយចំនួនទៀតនោះឯង។
អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Edwin Kite មកពីសាកលវិទ្យាល័យ ឈីកាហ្គោ បានពន្យល់បែបនេះថា៖ «សម្រាប់ភពអង្គារ ការធ្វើឲ្យកម្តៅកើនឡើង គឺជារឿងចាំបាច់… វាជាជំហានដំបូង ដែលត្រូវធ្វើដើម្បីបង្កើនលទ្ធភាពអាចទ្រទ្រង់ជីវិតរបស់ភពក្រហមនោះ…»។
លទ្ធផលសិក្សាខាងលើនេះ បានគូសបញ្ជាក់ទៀតថា៖ «នៅពេលដែលភាគល្អិត (ដែក និងអាលុយមីញ៉ូមទាំងនោះ) ត្រូវបានបាចទៅក្នុងបរិយាកាសភពអង្គារ វានឹងមិនងាយធ្លាក់ចុះមកលើដីដូចជាកម្ទេចធូលីនោះឡើយ…។ ភាគល្អិតទាំងនោះ នឹងស្ថិតនៅក្នុងបរិយាកាសភពក្រហមនោះ ក្នុងរយៈពេលយូរ…»។
សម្រាប់សំនួរថា ចំនួនប៉ុន្មានទៅទើបគ្រប់នោះ អ្នកវិទ្យាសាស្ត្រ Edwin Kite បានបង្ហើបប្រាប់ថា៖ «យើងនឹងត្រូវការភាគល្អិតដូចខាងលើនេះ ក្នុងចំនួនរាប់លានតោនឡើងទៅ ដើម្បីធ្វើឲ្យភពអង្គារកើនឡើងកម្តៅ។ ទោះជាបែបនេះក្តី ចំនួននេះក៏នឹងតិចជាង ៥ពាន់ដង បើធៀបនឹងគម្រោងពីមុនៗ ដើម្បីធ្វើឲ្យកើនឡើងកម្តៅ ទូទាំងភពអង្គារដែរនោះ…»។
គួរបញ្ជាក់ថា អ្វីៗដូចដែលត្រូវបានលើកឡើងមកនេះ គឺត្រឹមជាលទ្ធផលនៃការសិក្សាប៉ុណ្ណោះ ដោយយើងនៅមិនទាន់ឃើញអង្គការ ឬក្រុមហ៊ុនអវកាសរបស់ប្រទេសណាមួយ ចាប់អារម្មណ៍ចង់ធ្វើវាឲ្យចេញជារូបរាងនោះឡើយ។ បច្ចុប្បន្ននេះ ភពអង្គារត្រឹមជាទីឋានដែលពោពេញដោយកាបូនឌីកអុកស៊ីត (CO2) ប្រមាណជាង ៩០% នៅក្នុងបរិយាកាស ហើយមនុស្សមិនអាចដកដង្ហើមដោយផ្ទាល់លើភពអង្គារ ដោយគ្មានឧបករណ៍អុកស៊ីហ្សែនជំនួយ និងសម្លៀកបំពាក់ការពារខ្លួនពីរលកធាតុវិទ្យុសកម្ម ព្រមទាំងបរិយាកាសដ៏ត្រជាក់ពិសពុលនោះឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Sky News/Science Advances (ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤)