ជាលើកដំបូង! ប្រទះឃើញផ្កាយធំបំផុតមួយត្រូវ Supermassive Black Hole យកធ្វើជាចំណី (វីដេអូ)

3,079

(បរទេស)៖ ព្រឹត្តិការណ៍ប្រហោងខ្មៅ (Black Hole) លេបត្របាក់ផ្កាយ (Star) ជាច្រើនទម្រង់រួចមកហើយ ត្រូវបានក្រុមតារាវិទូអន្តរជាតិរកឃើញ និងសិក្សាឈ្វេងយល់ ប៉ុន្តែក៏មិនមែនមានន័យថា ព្រឹត្តិការណ៍កម្រិតថ្មីៗមិនអាចមានទៀតនោះដែរ។ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រទើបតែចាប់បាន សញ្ញាដែលបង្ហាញអំពីការពុះហែក និងលេបត្របាក់យកផ្កាយមួយដួងដោយ ប្រហោងខ្មៅមហាយក្ស (supermassive black hole) មួយ ដែលមានចម្ងាយរាប់ពាន់លានឆ្នាំពន្លឺពីភពផែនដី និងជាព្រឹត្តិការណ៍ពិសេសថ្មីមិនធ្លាប់មាន។

(Video From YouTube: Cambo Space Edu)

យើងកំពុងនិយាយអំពី supermassive black hole មួយដែលមានម៉ាស់ធ្ងន់ជាងព្រះអាទិត្យយើងដល់ទៅ ១០លានដង និងស្ថិតនៅចម្ងាយ ៩ពាន់លានឆ្នាំពន្លឺ ពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ ចម្ងាយកម្រិតនេះក៏អាចមានន័យថា ព្រឹត្តិការណ៍នោះបានកើតមានឡើងកាលពីប្រមាណ ៩ពាន់លានឆ្នាំមុន ដែលចក្រវាលយើងទើបមានអាយុ ៤.៨១ពាន់លានឆ្នាំ ខណៈបច្ចុប្បន្ននេះ អាយុរបស់ចក្រវាលគឺ ១៣.៨១ពាន់លានឆ្នាំ, នេះបើយោងតាមទ្រឹស្តីនៃការកកើតចក្រវាល និងការគណនាចុងក្រោយដោយវិទ្យាស្ថាន the Planck Collaboration របស់អង្គការអវកាសអឺរ៉ុប ESA កាលពីឆ្នាំ២០១៥។

ជាលើកដំបូង! ប្រទះឃើញផ្កាយធំបំផុតមួយត្រូវ Supermassive Black Hole យកធ្វើជាចំណី (វីដេអូ)
រូបតំណាងនៃព្រឹត្តិការណ៍ Black Hole ពុះហែក និងលេបផ្កាយ (Image credit: ESA/C. Carreau)

ព្រឹត្តិការណ៍នេះពិសេសត្រង់ថា supermassive black hole ខាងលើនេះ បានពុះហែកផ្កាយមួយដួង ដែលមានម៉ាស់ធ្ងន់បំផុតរហូតដល់ ៩ដង នៃម៉ាស់ព្រះអាទិត្យយើង ហើយវាត្រូវបានដាក់ឈ្មោះសម្គាល់ថា AT2023vto។ ក្រុមអ្នកវិទ្យាសាស្ត្រពិតជាមិនដែលបានជួបប្រទះ ព្រឹត្តិការណ៍ Black Hole ពុះហែក និងលេបត្របាក់ផ្កាយ ដ៏ធំធេងបែបនេះឡើយពីមុនមក ខណៈព្រឹត្តិការណ៍ប្រភេទៗនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រហៅថា Tidal Disruption EventsTDEs ដែលសម្រាយជាភាសាខ្មែរថា «ការរំខាន ឬជះឥទ្ធពលលើវត្ថុអ្វីមួយ ដោយកម្លាំងជំនោរដ៏ខ្លាំងមហាសាលរបស់ Black Hole»

លទ្ធផលសង្កេតដោយតេឡេស្កូបលើព្រឹត្តិការណ៍ AT2023vto (រូបភាពពីបរទេស)

ព្រឹត្តិការណ៍ TDE មួយអាចកើតឡើងទៅបាន គឺនៅពេលដែលតារាមួយដួង ចល័តទៅកៀកនឹង Black Hole ខ្លាំងពេក ដែលនាំឲ្យ Black Hole នោះអាចពុះហែកតារានោះឲ្យខ្ទេចខ្ទីបាន ដោយកម្លាំងជំនោរដ៏មហាសាល ដែលត្រូវបានបង្កើតឡើងដោយកម្លាំងទំនាញ ដ៏មានឥទ្ធិពលរបស់វានោះ។ ប្រមាណ ១% នៃព្រឹត្តិការណ៍ TDE ដែលត្រូវបានគេអង្កេតដឹងកន្លងមក សុទ្ធតែបានជះចេញនូវកំសួលថាមពល (jets) នៃធាតុផ្លាស្មា (plasma) និងវិទ្យុសកម្ម (radiation) ចេញពីប៉ូលនៃ Black Hole ទាំងនោះ។

លទ្ធផលសង្កេតដោយតេឡេស្កូបលើព្រឹត្តិការណ៍ AT2023vto (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ AT2023vto ខាងលើនេះមិនត្រឹមតែត្រូវបានចូលរួមដោយ ផ្កាយមានម៉ាស់ធ្ងន់បំផុតមិនធ្លាប់មានប៉ុណ្ណោះទេ តែវាក៏ជាប់ឈ្មោះជាព្រឹត្តិការណ៍ TDE ដែលជះពន្លឺខ្លាំងបំផុត មិនធ្លាប់ត្រូវបានជួបប្រទះផងដែរ, នេះបើតាមការគូសបញ្ជាក់ពី ក្រុមការងារសិក្សាអំពីព្រឹត្តិការណ៍អវកាសប្រភេទនេះ មកពីសាកលវិទ្យាល័យរដ្ឋ Oregon សហរដ្ឋអាមេរិក នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ។ ពួកគេបានសង្កត់ធ្ងន់ថា ទោះបីជា TDE AT2023vto កើតមាននៅចម្ងាយ ៩ពាន់លានឆ្នាំពន្លឺពីផែនដីក្តី តែនៅពេលវាជះចេញនូវពន្លឺខ្លាំងបែបនេះ តេឡេស្កូបនានាលើផែនដីក៏ងាយនឹងចាប់បានផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/arXiv (ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤)

480×240 Banner