HOT NEWS៖ អង្គការ NASA រកឃើញ «មហាសមុទ្រលាក់ខ្លួន» ក្នុងភពអង្គារ, ច្រើនបំផុតស្ទើរមិនគួរឲ្យជឿ (វីដេអូ)

821

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រ NASA តាមរយៈទិន្នន័យពីយានស្រាវជ្រាវភពអង្គារ InSight ដែលបានទៅដល់ភពអង្គារកាលពីចុងឆ្នាំ២០១៨ និងបានចូលនិវត្តទៅហើយកាលពីចុងឆ្នាំ២០២២នោះ បានរកឃើញ «មហាសមុទ្រលាក់ខ្លួន» ដ៏ធំនិងជ្រៅមួយ ស្ថិតនៅក្រោមផ្ទៃភពព្រះអង្គារ (Mars) ហើយបរិមាណទឹកដែលត្រូវបានគណនាជាបឋមនោះ គឺច្រើនលើសពីការស្មាន, នេះបើតាមការដកស្រង់លទ្ធផលសិក្សាពី ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋ កាលីហ្វ័រញ៉ា (UC Berkeley) នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ។

(Video From YouTube: Cambo Space Edu)

នេះគឺជារបកគំហើញដ៏មិនគួរឲ្យជឿនោះឡើយ ដោយមហាសមុទ្រលាក់ខ្លួន ដូចត្រូវបានបញ្ជាក់ខាងលើនេះ កំពុងសម្ងំនៅក្រោមផ្ទៃភពអង្គារក្នុងជម្រៅចាប់ពី ១១.៥km ទៅ ២០ km គិតចាប់ពីផ្ទៃខាងលើ (surface)។ ប្រការនេះក៏កំពុងបង្ហាញឲ្យក្រុមអ្នកវិទ្យាសាស្ត្រ កាន់តែជឿជាក់ថែមមួយកម្រិតទៀតថា ភពអង្គារទំនងជានៅមានលក្ខខណ្ឌសមស្របក្នុងការទ្រទ្រង់ជីវិត ហើយជីវិតទាំងនោះក៏អាចកំពុងសម្ងំ នៅក្នុងរន្ធថ្មតូចៗនៅក្នុងសមុទ្រលាក់ខ្លួននោះផងដែរ។

ការវិភាគអំពីជម្រៅនៃវត្តមាន «សមុទ្រលាក់ខ្លួន» ក្នុងភពអង្គារ (Credit: Scripps Institution of Oceanography)

គន្លឹះដ៏សំខាន់អំពីទឹកនេះ នឹងអាចជួយយើងដោះស្រាយអាថ៌កំបាំង ពាក់ព័ន្ធនឹងប្រវត្តិនៃការប្រែប្រួលអាកាសធាតុរបស់ភពអង្គារ និងថាតើធ្លាប់មានជីវិតកកើត និងរស់នៅទីនោះដែរ ឬអត់។ ទោះជាបែបនេះក្តី គម្រោងក្នុងការខួងឲ្យដល់មហាសមុទ្រលាក់ខ្លួនទាំងនោះ នឹងក្លាយជាភាពប្រកួតប្រជែងធំបំផុតមួយ សម្រាប់មនុស្សលោកពីផែនដីទៅកាន់ភពក្រហមនោះនៅថ្ងៃអនាគត។

រូបតំណាងអំពីវត្តមានសមុទ្រ ប្រសិនបើមានលើផ្ទៃភពអង្គារ (Credit: MARK GARLICK/SCIENCE PHOTO LIBRARY//Getty Images)

ឧទាហរណ៍ជាក់ស្តែងមួយនៅលើផែនដី នោះគឺការខួងចូលក្នុងផ្ទៃដីភពអង្គារនោះ នឹងមានជម្រៅជ្រៅជាងរណ្តៅដែលជ្រៅបំផុតស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដែលមានជម្រៅរហូតដល់ទៅ ១២.៣km នោះទៅទៀត។ វានឹងក្លាយជាការប្រកួតប្រជែងបំផុត ព្រោះទី១៖ យើងត្រូវតែអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ខួងក្នុងជម្រៅជ្រៅ, ទី២៖ យើងត្រូវអភិវឌ្ឍយានដើម្បីដឹកវាទៅកាន់ភពអង្គារ និងទី៣៖ យើងត្រូវចំណាយពេលយូរ និងធនធានដ៏ច្រើនដើម្បីតែបេសកកម្មទាំងអស់នោះ។

HOT NEWS៖ អង្គការ NASA រកឃើញ «មហាសមុទ្រលាក់ខ្លួន» ក្នុងភពអង្គារ, ច្រើនបំផុតស្ទើរមិនគួរឲ្យជឿ (វីដេអូ)
ប្រសិនបើភពអង្គារមានសមុទ្រលើផ្ទៃ (Credit: NASA)

យោងតាមទស្សនវិស័យជាបឋម នៅក្នុងការទាញយកប្រយោជន៍ចេញពីរបកគំហើញខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្រនឹងត្រូវស្វែងរកទិន្នន័យបន្ថែម ដោយការប្រើវិធីសាស្ត្រដូចទៅនឹងការសិក្សាស្វែងយល់់អំពីស្រទាប់ និងស្នូលក្នុងៗរបស់ភពអង្គារដោយយាន InSight ដែរ នៅក្នុងថ្ងៃអនាគត។ ការបញ្ជូនឧបករណ៍ទៅសិក្សាលើសញ្ញាជះចេញពីគ្រោះរញ្ជួយដីលើភពអង្គារ ពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀត ដោយឆ្លងកាត់ស្រទាប់ក្នុងៗរបស់ភពនោះ នឹងអាចឲ្យពួកគេយល់ដឹង អំពីតំបន់ណាដែលមានផ្ទៃសំបកស្តើងបំផុត ងាយឲ្យបេសកកម្មទៅថ្ងៃអនាគត ខួងចូលទៅដល់សមុទ្រលាក់ខ្លួននោះបាន។

បេសកកម្ម InSight របស់ NASA (Credit: NASA)

ជុំវិញសំនួរថា តើបរិមាណទឹកនៅក្នុងមហាសមុទ្រលាក់ខ្លួននោះ មានច្រើនដល់កម្រិតណានោះ ក្រុមអ្នកវិទ្យាសាស្ត្រ UC Berkeley បានប្រាប់ថា «ប្រសិនបើយើងអាចទាញយកទឹក ពីក្នុងមហាសមុទ្រនោះទាំងអស់ មកស្រោចស្រពលើផ្ទៃភពអង្គារនោះ ភពក្រហមនោះនឹងមានមហាសមុទ្រ ដែលមានជម្រៅទឹកដល់ទៅជិត ២km ឯណោះ»

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/PNAS (ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤)

480×240 Banner