រកឃើញប្រភពនៃ «អាចម៍ផ្កាយខ្នាតធំ» ដែលបានធ្វើឲ្យពពួកដាយណូស័រ សល់ត្រឹមហ្វូស៊ីល… (វីដេអូ)
(បរទេស)៖ វត្ថុអវកាសដែលបានផ្តាច់ពូជដាយណូស័រកាលពី ៦៦លានឆ្នាំមុននោះ គឺជាការវាយប្រហារដ៏កម្រជាទីបំផុត នៃអាចម៍ផ្កាយមកពីតំបន់មួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង, នេះបើយោងតាមលទ្ធផលសិក្សាថ្មី ដែលត្រូវបានចេញផ្សាយក្នុងខែសីហា ឆ្នាំ២០២៤នេះ។ ការសិក្សារកប្រភពដើម និងឈ្វេងយល់លើអាចម៍ផ្កាយធំៗនានា ដែលបានវាយប្រហារផែនដី និងជាពិសេសគឺ ឈីកសឹលឹប (Chicxulub) នោះ ពិតជារឿងដ៏សំខាន់បំផុត ដើម្បីឲ្យយើងអាចត្រៀមខ្លួនប្រកបដោយភាពត្រឹមត្រូវ ក្នុងការទប់ទល់មហន្តរាយដែលអាចកើតមានឡើងបែបនោះទៀត នៅថ្ងៃអនាគត។
ក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ស្របថា ស្លាកស្នាមដែលមានមុខកាត់ ១៤៥គីឡូម៉ែត្រ ស្ថិតនៅតំបន់ឈូងសមុទ្រ យូកាតាន់ (Yucatan) នៃប្រទេសម៉ិកស៊ិកបច្ចុប្បន្ននេះ គឺត្រូវបានបង្កឡើងដោយអាចម៍ផ្កាយមួយដ៏កម្រ ដែលមានប្រភពមកពីតំបន់គន្លងគោចរជុំវិញព្រះអាទិត្យ ដែលស្ថិតនៅហួសភពព្រហស្បតិ៍។ ទោះជាយ៉ាងណា ការកំណត់ប្រភពដើមរបស់វាតែម្តង នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ព្រោះក្រុមអ្នកវិទ្យាសាស្ត្រនៅខ្វះភស្តុតាងផ្នែកគីមីសាស្ត្រដ៏សំខាន់ (សម្តៅលើភស្តុតាងនៃសមាសធាតុគីមី ដែលមិនទាន់លាយឡំ ឬបំប្លែងជាមួយសមាសធាតុគីមីនានាដែលមានស្រាប់លើផែនដី)។
ឥលូវនេះ តាមរយៈសំណល់ដែលត្រូវបានបន្សល់ទុកពីអាចម៍ផ្កាយឈ្មោះ Chicxulub ដែលត្រូវបានរកឃើញក្នុងសំបកផែនដី (Crust) នៅត្រង់តំបន់អឺរ៉ុបនោះ ក្រុមអ្នកវិទ្យាសាស្ត្របានវែករកឃើញ សមាសធាតុគីមីដ៏កម្រម្យ៉ាងឈ្មោះ រូថេនៀម (Ruthenium) ដូចទៅនឹងអ្វីដែលមាននៅក្នុងពពួកអាចម៍ផ្កាយ ដែលគោចរក្នុងតំបន់ចន្លោះភពព្រហស្បតិ៍ និងភពអង្គារនោះដែរ ដោយយើងគ្រប់គ្នាស្គាល់ថា ជាតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (asteroid belt)។
សមាសធាតុ Ruthenium ពិតជាភស្តុតាងដ៏សំខាន់មួយដែលបង្ហាញថា អាចម៍ផ្កាយ Chicxulub ដែលមានមុខកាត់ជាង ១០គីឡូម៉ែត្រ និងបានបុកភពផែនដីកាលពី ៦៦លានឆ្នាំមុននោះ គឺជាអាចម៍ផ្កាយមកពីតំបន់ asteroid belt នៅចន្លោះភពព្រហស្បតិ៍ និងភពអង្គារ, នេះបើតាមការលើកឡើងដោយអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ ម៉ារីអូ ហ្វីសឺ ហ្គដ (Mario Fischer-Gödde) មកពីសាកលវិទ្យាល័យ ខឹឡូន (Cologne) ប្រទេសអាល្លឺម៉ង់ ប្រាប់សារព័ត៌មាន Live Science ក្រោយការសិក្សាជាក្រុមលើប្រធានបទខាងលើនេះ។
ភពព្រហស្បតិ៍មានរហស្សនាមថាជា «អ្នកមានគុណរបស់ផែនដី» ហើយការហ៊ានអះអាងបែបនេះ ក៏ព្រោះតែកម្លាំងទំនាញ និងជំនោរដ៏ខ្លាំងមហិមារបស់ភពឧស្ម័នយក្សនោះ អាចគ្រប់គ្រងឥរិយាបថរបស់ពពួកអាចម៍ផ្កាយនៅក្នុងតំបន់ asteroid belt ឲ្យស្ថិតក្នុងរបៀបរៀបរយ នោះទើបមិនមានអាចម៍ផ្កាយណា អាចគំរាមកំហែងផែនដីបាន។ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា បើគ្មានវត្តមានភពព្រហស្បតិ៍ទេ នោះភពផែនដីនឹងរងការវាយប្រហារដោយអាចម៍ផ្កាយខ្នាតធំ និងផ្កាយដុះកន្ទុយ យ៉ាងហោចណាស់រាប់សែនឆ្នាំម្តង ហើយប្រាកដណាស់ជីវិតនានាលើផែនដីនឹងគ្មានឱកាសកកើតនោះឡើយ។
ប៉ុន្តែ, ហេតុអ្វីបានជា Chicxulub អាចចល័តពីទីនោះ ហើយមកបុកភពផែនដីបាន? ជុំវិញសំនួរនេះ ក្រុមអ្នកវិទ្យាសាស្ត្របានបកស្រាយថា វាទំនងជាបានកើតមានឡើង ដោយសារតែ «ការប៉ះទង្គិចគ្នារវាងអាចម៍ផ្កាយនឹងអាចម៍ផ្កាយ» នៅក្នុងតំបន់ asteroid belt នោះ ទើបអាចរុញច្រានឲ្យ Chicxulub របូតចេញពីដែនឥទ្ធិពលរបស់ភពព្រហស្បតិ៍ ហើយក៏ចល័តមកបុកភពផែនដីតែម្តង។
គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបលទ្ធផលខាងលើនេះ ទៅនឹងសំណាកនៃអាចម៍ផ្កាយ ដែលត្រូវបានរកឃើញនៅកន្លែងរងផលប៉ះពាល់ដោយអាចម៍ផ្កាយផ្សេងៗទៀត ដូចជានៅប្រទេសអាហ្រ្វិកខាងត្បូង កាណាដា និងរុស្សីជាដើម ព្រមទាំងសំណាក់អាចម៍ផ្កាយតូចៗ (meteorites) ផ្ទុកដោយកាបូន ដែលត្រូវបានគេដឹងថា មានក្នុងអាចម៍ផ្កាយភាគច្រើននៅតំបន់ asteroid belt។ នៅក្នុងលទ្ធផលសិក្សា ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែសីហា ក្នុងកាសែត Science ឲ្យដឹងថា សមាសធាតុគីមី Ruthenium នៅក្នុងសំណាកអាចម៍ផ្កាយ Chicxulub គឺដូចគ្នាទៅនឹងពពួកអាចម៍ផ្កាយផ្ទុកដោយកាបូន ដែលមានច្រើនបំផុតនៅតំបន់ប្រព័ន្ធព្រះអាទិត្យក្រៅ (outer solar system) ដែលរាប់ចាប់ពីតំបន់ asteroid belt ទៅដល់ភពណិបទូននោះឯង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Live Science (ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤)