ផែនដីគោចរជុំវិញព្រះអាទិត្យ, ព្រះអាទិត្យគោចរជុំវិញ Milky Way, រួចចុះ Milky Way វិញ? (វីដេអូ)

1,364

(បរទេស)៖ ភពផែនដីវិលជុំវិញខ្លួនឯង (រង្វិលខ្ញាល់) ក្នុងល្បឿនជាង ១,៦០០km ក្នុង១ម៉ោង ហើយខណៈដែលកំពុងវិលជុំវិញខ្លួនឯងនេះ ផែនដីក៏កំពុងគោចរជុំវិញព្រះអាទិត្យ ដែលជាផ្កាយចំកណ្តាលប្រព័ន្ធរបស់យើងនេះដែរ នៅក្នុងល្បឿនរហូតដល់ទៅជាង ១០៧,០០០km ក្នុង១ម៉ោង។ បើនិយាយពីព្រះអាទិត្យ និងប្រព័ន្ធទាំងមូលរបស់យើងនេះតែម្តង នោះគឺកំពុងគោចរជុំវិញ ចំណុចកណ្តាលរបស់ Milky Way នៅក្នុងល្បឿនរហូតដល់ទៅ ២២០km ក្នុង១វិនាទីឯណោះ ខណៈព្រះអាទិត្យមានគម្លាតប្រមាណ ២៨,០០០ឆ្នាំពន្លឺពីចំណុចកណ្តាល Milky Way (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)

(Video From YouTube: Cambo Space Edu)

គ្រប់យ៉ាងដូចបានរៀបរាប់ខាងលើនេះ ហាក់ដូចជាស៊ីសង្វាក់គ្នាល្អខ្លាំងណាស់, ប៉ុន្តែតើលោកអ្នកធ្លាប់ឆ្ងល់ទេថា តើកាឡាក់ស៊ី Milky Way មួយនេះកំពុងអណ្តែតក្នុងចក្រវាល (Universe) ធម្មតាៗ ឬក៏កំពុងគោចរជុំវិញអ្វីមួយ ដែលយើងមិនទាន់អាចយល់បាន ឬរកឃើញ? សម្រាប់លោកអ្នកដែលមិនទាន់បានយល់ដឹងអំពីរឿងនេះ សូមចូលរួមតាមដាន និងឈ្វេងយល់លើប្រធានបទពិសេសមួយនេះទាំងអស់គ្នា។ ដើម្បីយល់ដឹងអំពីរឿងនេះ យើងត្រូវពន្យល់ឲ្យច្បាស់លាស់សិន អំពីគន្លឹះសំខាន់ៗនៃ «ទំនាញ» ឬ «gravity» នោះ។

ផែនដីគោចរជុំវិញព្រះអាទិត្យ (រូបភាពពីបរទេស)

ចូរគ្រប់គ្នាពិចារណាលើវត្ថុអវកាសពីរដែលគោចរជុំវិញគ្នា ដោយវត្ថុទាំងពីរនេះមានទំនាញប្រទាក់ក្រឡាគ្នាទៅវិញទៅមក និងរក្សាគន្លងនោះឲ្យឱ្យនៅជាប់គ្នា ដោយមិនរបូតចេញទៅណា។ វត្ថុមួយដែលគោចរជុំវិញ វត្ថុមួយទៀតមានម៉ាសធ្ងន់ជាងវា ប្រសិនបើអ្នកអាចជប់ប្រព័ន្ធនេះបាន នោះវត្ថុដែលជាដើរតួជា ចំណុចកណ្តាលនៃម៉ាសរបស់ប្រព័ន្ធនេះ នឹងអាចស្ថិតនៅលើម្រាមចង្អុលដៃរបស់អ្នក ប្រកបដោយតុល្យភាព។

រូបភាពតំណាង (រូបភាពពីបរទេស)

ប៉ុន្តែនៅក្នុងករណីនៃប្រព័ន្ធព្រះអាទិត្យ ឬផែនដី និងព្រះចន្ទ វត្ថុមួយក្នុងចំណោមនេះ មានមាឌធំជាងគេឆ្ងាយ (ចង់សម្តៅលើព្រះអាទិត្យ)។ ចំណុចកណ្តាលនៃម៉ាស គឺតែងស្ថិតនៅខាងក្នុងខ្លួនវត្ថុអវកាសដែលធំជាងគេ ដូច្នេះទើបធ្វើឲ្យវត្ថុធំមិនផ្លាស់ទីច្រើនទេ ហើយវត្ថុតូចជាងទើបជាអ្នកផ្លាស់ទី (គោចរ) យ៉ាងសកម្មលើគន្លងផ្លូវរាងជារង្វង់ ព័ទ្ធជុំវិញវត្ថុដែលធំជាងនោះ។

បើសម្លឹងទៅមើលមាត្រដ្ឋានកាន់តែធំ នោះអ្វីៗនឹងកាន់តែស្មុគស្មាញបន្តិច។ កាឡាក់ស៊ី Milk Way របស់យើងគឺជាសមាជិកមួយនៃចង្កោមកាឡាក់ស៊ីឈ្មោះ ឡូខល គ្រុប (Local Group) ដោយក្នុងនោះក៏មានកាឡាក់ស៊ី អ៊ែនដ្រូមេដា (Andromeda), កាឡាក់ស៊ី ត្រាយអ៊ែងហ្គូឡឹម (Triangulum) និងកាឡាក់ស៊ីមិនពេញលក្ខណៈ (dwarf galaxies) មួយចំនួន ព្រមទាំងកាឡាក់ស៊ីរណបទាំង ២ របស់ Milky Way នោះគឺ Large Magellanic Cloud និង Small Magellanic Cloud ផងដែរ ខណៈ Milky Way និង Andromeda គឺជាកាឡាក់ស៊ីធំជាងគេធំបំផុតនៅក្នុង Local Group នេះ។

ចង្កោមកាឡាក់ស៊ី Local Group (រូបភាពពី BBC)

ជុំវិញប្រធានបទខាងលើនេះ តារាវិទូមួយរូបឈ្មោះ សាំងម៉ូ ថូនី សុន (Sangmo Tony Sohn) មកពីវិទ្យាស្ថានវិទ្យាសាស្ត្រនៃកែវយឺតអវកាស (Space Telescope Science Institute ឬ STSI) ក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិកបានលើកឡើងថា «ដោយសារតែម៉ាសរបស់កាឡាក់ស៊ី Andromeda និង Milky Way អាចប្រៀបធៀបគ្នាបាន ដូច្នេះចំណុចកណ្តាលនៃម៉ាស គឺស្ថិតនៅចន្លោះរវាងកាឡាក់ស៊ីទាំងពីរនោះឯង។ យើងមិនឃើញមានអ្វីដែលធំជាងកាឡាក់ស៊ីទាំងពីរ (នៅក្នុង Local Group) ទៀតនោះឡើយ ហេតុដូច្នេះយើងអាចសន្មត់ថា កាឡាក់ស៊ីទាំង ២ គោចររវាងគ្នាទៅវិញទៅមក»។

(រូបភាពពីបរទេស)

ប៉ុន្តែគន្លងគោចររបស់ Milky Way មិនមានរាងជារង្វង់ ឬរាងពងក្រពើដូចគន្លងនៃភពនានា ជុំវិញព្រះអាទិត្យនោះទេ។ លោក Tony Sohn បានប្រាប់សារព័ត៌មាន Live Science ថា «វានឹងជារឿងចម្លែកប្រសិនបើយើងនិយាយថា Milky Way កំពុងគោចរជុំវិញអ្វីមួយ ពីព្រោះការលើកឡើងបែបនេះមានន័យថា មានវត្ថុធំជាង Milky Way ឬ Andromeda ទៅទៀតនៅក្នុងចង្កោមកាឡាក់ស៊ី Local Group។ ប៉ុន្តែ, នោះមិនមែនជាគំនិត សម្រាប់ពន្យល់នៅទីនេះទេ…»។

ផ្ទុយទៅវិញ ទាំងកាឡាក់ស៊ី Milky Way និង Andromeda សុទ្ធតែស្ថិតនៅក្នុងការគោចរ ដូចវត្ថុអវកាសភាគច្រើន។ ក្នុងន័យនេះលោក គ្រីស មីហូស (Chris Mihos) តារាវិទូមកពីសាកលវិទ្យាល័យ ខេស វែស្ទើន រីហ្សឺវ (Case Western Reserve) ក្នុងរដ្ឋ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក ក៏បានប្រាប់ Live Science ផងដែរថា «ចូរអ្នកស្រមៃមើលទៅលើទំនាញរវាងវត្ថុពីរ ដែលកំពុងទាញគ្នាទៅវិញទៅមក ហើយវាមិនផ្លាស់ទីក្នុងវិធីណាមួយផ្សេងឡើយ ក្រៅតែពីឥទ្ធិពលនៃទំនាញរវាងគ្នាទៅវិញទៅមកនោះ។ ពួកវានឹងនៅតែបន្តផ្លាស់ទីដោយផ្ទាល់ នៅលើបន្ទាត់ឆ្ពោះទៅរកគ្នាទៅវិញទៅមក។ នោះហើយគឺជាគន្លងនៃរ៉ាឌីកាល់ (radical orbit) សុទ្ធសាធ»។

ផែនដីគោចរជុំវិញព្រះអាទិត្យ, ព្រះអាទិត្យគោចរជុំវិញ Milky Way, រួចចុះ Milky Way វិញ? (វីដេអូ)
(Image Source: Vedaant R. Lathri)

ការគោចរក្នុងគន្លងនៃរ៉ាឌីកាល់របស់រវាងកាឡាក់ស៊ីទាំង ២ ទៅវិញទៅមកនោះមានន័យថា Milky Way និង Andromeda នឹងប៉ះទង្គិច ឬរួមបញ្ចូលគ្នា (merging) នៅប្រហែល ៤.៥ពាន់លានឆ្នាំទៀត គិតចាប់ពីពេលនេះទៅ។ មនុស្សជាច្រើនទំនងជាកំពុងគិតថា ព្រឹត្តិការណ៍នោះនឹងបង្កជាភាពចលាចលដោយសារតែភព និងផ្កាយនានានឹងបុកគ្នា ប៉ុន្តែវានឹងមិនកើតឡើងដូច្នោះទេ។ ផ្កាយនីមួយៗទំនងជានឹងមិនបុកគ្នាទេ ដោយសារតែគម្លាតឆ្ងាយៗរវាងពួកវា ដូច្នេះនៅក្នុងឱកាស merging នោះ កាឡាក់ស៊ីទាំងនឹងឆ្លងកាត់គ្នាទៅវិញទៅមកហើយក៏បំបែកគ្នាវិញ តែក៏នឹងមិនយូរនោះដែរ…។

តារាវិទូ Mihos បានសង្កត់ធ្ងន់ថា «នៅពេល merging នោះ កាឡាក់ស៊ីទាំងពីរនឹងឆ្លងកាត់គ្នា ហើយក៏បំបែកគ្នាវិញ រួចក៏គោចរជុំវិញគ្នា ហើយត្រលប់មករួមជាមួយគ្នាវិញ… នៅក្នុងរយៈពេលរាប់រយលាន ឬរាប់ពាន់លានឆ្នាំបន្ទាប់ពីនោះទៀត ទើបកាឡាក់ស៊ីទាំង២នឹងរួមបញ្ចូលគ្នាយ៉ាងពិតប្រាកដ ទៅជាកាឡាក់ស៊ីដ៏ធំមួយ»។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានគិតគូរពីឈ្មោះសម្រាប់ដាក់ឲ្យកាឡាក់ស៊ីថ្មីនោះឲ្យហើយផងដែរ ទោះបីជាមនុស្សលោកទំនងជានឹងមិនអាចរក្សាវត្តមានដល់ពេលនោះក៏ដោយ… ចុះលោកអ្នកចង់ដាក់ឈ្មោះអ្វីដែរ? សម្រាប់ខ្ញុំវិញសុំដាក់ឈ្មោះថា «កាឡាក់ស៊ី Milky Meda»

អនាគតនៃ Andromeda និង Milky Way (រូបភាពពី NASA)

ងាកមកកាន់សំនួរចម្បងរបស់យើងវិញថា តើ Milky Way កំពុងគោចរជុំវិញអ្វី? ចម្លើយពេលនេះគឺច្បាស់លាស់ហើយនោះគឺ «កាឡាក់ស៊ីយើងកំពុងគោចររវាងគ្នាទៅវិញទៅមក ជាមួយកាឡាក់ស៊ី Andromeda ដែលមានចម្ងាយ ២.៥លានឆ្នាំពន្លឺពីយើង» ខណៈកាឡាក់ស៊ីទាំង ជាមេធំជាងគេរបស់ចង្កោមកាឡាក់ស៊ីមួយ ឈ្មោះ Local Group។ ប៉ុន្តែ, ចុះ Local Group នេះ កំពុងគោចរជុំវិញអ្វីដែរ?

ជុំវិញចម្ងល់បន្តនេះ តារាវិទូ Mihos បានឆ្លើយតបបានជាបឋមសិនថា «ចំពោះគន្លងគោចរដែលស្ថិតនៅលើ មាត្រដ្ឋានធំជាងក្រុមកាឡាក់ស៊ី (ដូចជា Local Group) ទៅទៀតនោះ យើងហាក់នៅមានការយល់ដឹងតិចតួច ប៉ុន្តែយើងពិតជាដឹងថា Local Group របស់យើងនេះកំពុងផ្លាស់ទី។ Local Group កំពុងត្រូវបានទាញឲ្យឆ្ពោះទៅរកកញ្ចុំកាឡាក់ស៊ី វើហ្គោ (Virgo Cluster) ដែលមានវត្តមានកាឡាក់ស៊ីក្នុងចំនួនរាប់រយ ហើយស្ថិតនៅចម្ងាយប្រហែល ៦៥លានឆ្នាំពន្លឺពីយើង»។

(រូបភាពពីបរទេស)

ទោះជាបែបនេះក្តី តារាវិទូ Mihos បាននិយាយជាចុងក្រោយថា Local Group នឹងមិនអាចទៅដល់ Virgo Cluster នោះទេ ព្រោះការពង្រីកខ្លួនឥតឈប់ឈរនៃចក្រវាល (Universe) កំពុងទាញកាឡាក់ស៊ី Milky Way ឱ្យឃ្លាតឆ្ងាយលឿនជាងការអូសទាញ នៃទំនាញរបស់ Virgo កំពុងទាញវាចូលនោះទៅទៀត។ សម្រាប់សំនួរបន្ថែមទៀតថា តើ Virgo Cluster និង Local Group អាចកំពុងគោចរជុំវិញអ្វីដ៏មហិមាផ្សេងទៀតដែរ ឬមួយក៏អត់នោះ គឺមានតែការឈ្វេងយល់ក្នុងលទ្ធផលសិក្សាបន្ថែមទៀត នៅថ្ងៃអនាគតប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ Live Science (ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤)

480×240 Banner