ព្រះអាទិត្យបញ្ចេញអការៈកញ្ជ្រោល «លើសពីការរំពឹងទុក»! តើមានន័យដូចម្តេចចំពោះផែនដី? (វីដេអូ)
(បរទេស)៖ ត្រឹមតែមើលទៅលើមេឃពេលថ្ងៃ លោកអ្នកប្រាកដជាឃើញថា ព្រះអាទិត្យមានសភាពធម្មតាៗ ដូចតែរាល់ថ្ងៃយ៉ាងដូច្នោះឯង។ ប៉ុន្តែតាមការពិតទៅ ព្រះអាទិត្យក៏មានពេលស្ងប់ស្ងាត់បំផុត (Solar Minimum) និងកញ្ជ្រោលឡើងបំផុត (Solar Maximum) ផងដែរ ដូចអត្ថបទមុនៗដែល Cambo Space ធ្លាប់បានប្រែសម្រួល និងចងក្រងសម្រាប់ប្រិយមិត្តរួចមកហើយនោះឯង។
យើងកំពុងនិយាយអំពី «វដ្តព្រះអាទិត្យ» (Sun Cycle) ដែលមានរយៈពេលម្តងៗ ១១ឆ្នាំម្តង ហើយនៅក្នុងឆ្នាំ២០២៤នេះ យើងកំពុងស្ថិតនៅក្នុងវដ្តព្រះអាទិត្យទី ២៥ (Sun Cycle 25) គិតចាប់តាំងពីការធ្វើកំណត់ត្រាដំបូងនៅឆ្នាំ១៧៥៥មក។ ប្រការនេះក៏មិនមែនមានន័យថា ការព្យាករណ៍កន្លងសុទ្ធតែត្រឹមត្រូវតាមភាពជាក់ស្តែង ១០០% នោះដែរ ព្រោះវដ្តព្រះអាទិត្យខ្លះក៏អាចមានពេលដែល Solar Maximum (ភាពកញ្ជ្រោលខ្លាំងបំផុត នៃព្រះអាទិត្យនៅកណ្តាលវដ្ត) កើតឡើងលឿនជាងការព្យាករណ៍ផងដែរ។
តួយ៉ាងសម្រាប់វដ្តទី ២៥ ដែលយើងកំពុងជួបប្រទះនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA ធ្លាប់បានព្យាករណ៍ទុកមុនកាលពីឆ្នាំ២០២២ថា ឱកាសនៃ Solar Maximum នៅចំកណ្តាលវដ្តនេះ នឹងមកដល់រហូតដល់ឆ្នាំ២០២៥ឯណោះ។ ប៉ុន្តែដោយយោងលើសកម្មភាពពុះកញ្ជ្រោលនៃព្រះអាទិត្យ កាលពីឆ្នាំ២០២៣ ពួកគេបានធ្វើការព្យាករណ៍ជាថ្មីដោយថា នៅឆ្នាំ២០២៤នេះ គឺជាពេលនៃ Solar Maximum ហើយ ហើយយើងពិតជាឃើញព្រះអាទិត្យ បញ្ចេញសកម្មពុះកញ្ជ្រោលយ៉ាងខ្លាំងក្លាពិតប្រាកដមែន ប៉ុន្តែនេះក៏មិនត្រឹមត្រូវទាំងស្រុងដែរ…។
សកម្មភាពកញ្ជ្រោលខ្លាំងរបស់ព្រះអាទិត្យ នៅក្នុងឆ្នាំ២០២៤នេះមានដូចជា ការជះចេញនូវអណ្តាតភ្លើង (Solar Flare) ញឹកញាប់, ការបង្ហាញចេញនូវចំណុចខ្មៅព្រះអាទិត្យ (Sunspots) ខ្នាតធំ និងការជះចេញនូវបណ្តុំអណ្តាតភ្លើងរាងពងក្រពើ (Coronal Mass Ejections ឬ CMEs) ដែលជះចេញមកកាន់ទិសដៅរបស់ភពផែនដី និងបានបង្កឲ្យភពយើងនេះរងនូវឥទ្ធិពល «ព្យុះភូមិសាស្ត្រម៉ាញេទិចដ៏ខ្លាំងក្លាបំផុត (geomagnetic storm)» ដែលមិនធ្លាប់បានជួបប្រទះគិតចាប់តាំងពីឆ្នាំ២០០៣។
ទោះជាបែបនេះក្តី នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ព្រះអាទិត្យហាក់ដូចជាបានបញ្ចេញសកម្មភាពពុះកញ្ជ្រោល «ខ្លាំងជាងការព្យាករណ៍» ទុកជាមុននោះទៅទៀត ដែលបាននិងកំពុងធ្វើឲ្យពួកគេងឿងឆ្ងល់ផងដែរ…។ តើការជះឥទ្ធិពលខ្លាំងរបស់ព្រះអាទិត្យលើសពីការស្មាននៅក្នុងឆ្នាំ២០២៤នេះ មានន័យដូចម្តេចចំពោះភពផែនដីយើង?
មុននឹងឆ្លើយសំនួរនេះ ចូរគ្រប់គ្នាសម្លឹងមើលរបាយការណ៍ នៃស្ថាប័នតាមដានមហាសមុទ្រ និងបរិយាកាសជាតិ នៃសហរដ្ឋអាមេរិក (NOAA) នោះសិន ដោយកាលពីដើមខែសីហា ឆ្នាំ២០២៤ NOAA តាមរយៈតេឡេស្កូបសង្កេតព្រះអាទិត្យជាប្រចាំបានឲ្យដឹងថា ចំណុចខ្មៅនៃព្រះអាទិត្យ ឬ Sunspot បានលេចចេញរហូតដល់ទៅចំនួន ២៩៩ចំណុច នៅក្នុងថ្ងៃតែមួយ ដែលតួលេខនេះទំនងជាច្រើនជាងចំនួន sunspot លេចឡើងលើផ្ទៃអណ្តាតភ្លើងព្រះអាទិត្យក្នុងពេលតែមួយថ្ងៃ ដែលត្រូវបានសង្កេតឃើញកាលពី ២២ឆ្នាំមុននោះទៅទៀត។
ការសង្កេតមើលចំនួន និងទំហំរបស់ចំណុចខ្មៅព្រះអាទិត្យនេះ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះវាអាចប្រាប់យើងអំពីឥទ្ធិពលព្រះអាទិត្យ ដែលនឹងជះចេញទៅកាន់ប្រព័ន្ធទាំងមូល ជាពិសេសគឺការជះចេញនូវ Solar Flare កម្រិតខ្ពស់បំផុតនោះគឺ X Class និងព្រឹត្តិការណ៍ CME សម្តៅមករកភពផែនដី។ ព្រឹត្តិការណ៍ទាំងអស់នេះអាចគំរាមកំហែងសន្តិសុខផែនដី ដូចជាការធ្វើឲ្យដាច់ចរន្តអគ្គិសនី, បង្អាក់ដំណើរនៃប្រព័ន្ធចង្អុលទិសដៅ (GPS) ហើយក៏អាចបង្កឲ្យផ្កាយរណបធ្លាក់ពីគន្លងគោចរ និងខូចខាតផងដែរ។
បច្ចុប្បន្ននេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក នៅតែកំពុងសិក្សាដើម្បីឈ្វេងយល់អំពីឥរិយាបថរបស់ព្យុះព្រះអាទិត្យ (Solar Storm) ទាំងនោះនៅឡើយ ដោយពួកគេមិនអាចសន្មត់ឲ្យបានច្បាស់លាស់ អំពីអ្វីដែលនឹងកើតឡើងនោះទេ។ ការព្យាយាមសិក្សាអំពី Solar Storm ដូចសព្វថ្ងៃនេះ គឺដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាចបង្កើតកម្មវិធីគណនាឲ្យបានច្បាស់លាស់ជាងមុន អំពីស្ថានភាពព្រះអាទិត្យដែលនឹងវិវឌ្ឍ ជាពិសេសគឺការត្រៀមខ្លួនដើម្បីទប់ទល់ទៅនឹង សេណារីយ៉ូដែលអាចកើតឡើងអាក្រក់បំផុត។
- ព្រះអាទិត្យបញ្ចេញសកម្មភាពកញ្ជ្រោលខ្លាំងលើសពីការស្មាន, តើមានន័យដូចម្តេចចំពោះផែនដី?
ពេលខ្លះការជះ Solar Flare កម្រិតដល់ X class ចេញពីផ្ទៃព្រះអាទិត្យ គឺគួរឲ្យគយគន់ណាស់ បើយើងមើលត្រឹមវីដេអូ ដែលត្រូវបានថតតាមរយៈតេឡេស្កូប ប៉ុន្តែតើអ្នកដឹងទេថា រាល់ការជះ Flare នោះ ក៏ជាការជះចេញផងដែរនូវ ភាគល្អិតផ្ទុកថាមពលកម្រិតខ្ពស់ (high-energy particles) ពីផ្ទៃព្រះអាទិត្យ ក្នុងល្បឿនដល់ទៅជាង ១,៦០០km ក្នុងមួយម៉ោងឯណោះ។
ប្រសិនបើការជះនេះសម្តៅមកកាន់ផែនដី នោះភាគល្អិតមានបន្ទុកទាំងនោះ នឹងជះឥទ្ធិពលលើដែនម៉ាញេទិចផែនដី ព្រមទាំងបរិយាកាសផ្នែកខាងលើ ហើយក៏កកើតទៅជាព្យុះភូមិសាស្ត្រម៉ាញេទិច (geomagnetic storms) ហើយក៏បញ្ចេញជាពន្លឺសំរាំងប៉ូល (Aurora)។ ទោះបី Aurora ជាពន្លឺដ៏ស្អាតអស្ចារ្យ ពេលដែលវាបង្ហាញខ្លួនកាន់តែច្រើនពីលើប៉ូលទាំង ២ របស់ភពផែនដីក៏ពិតមែន តែទិដ្ឋភាពទាំងនោះក៏បង្ហាញថា ភពផែនដីកំពុងនឿយហត់កម្រិតធ្ងន់ ក្នុងការទប់ទល់ព្យុះព្រះអាទិត្យ និងការពារសន្តិសុខអាយុជីវិតនានា នៅលើភពបៃតងមួយនេះផងដែរ។
ភាគល្អិតផ្ទុកថាមពលកម្រិតខ្ពស់ពីព្រះអាទិត្យនោះ ក៏អាចបង្កការរំខានដល់ប្រព័ន្ធទាក់ទងផ្នែករលកវិទ្យុក្នុងកម្រិតប្រេកង់ខ្ពស់របស់យោធា, ក្រុមហ៊ុនអាកាសចរណ៍ និងប្រព័ន្ធ GPS ផ្សេងៗទៀត ដែលពឹងផ្អែកលើវាផងដែរ។ គិតចាប់តាំងពីខែមករា មកទល់នឹងខែសីហា ឆ្នាំ២០២៤នេះ ទ្វីបចំនួន ៤ រួចមកហើយដូចជា អាមេរិកខាងជើង និងខាងត្បូង, ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក បានរាយការណ៍អំពីការដាច់រលកវិទ្យុទាក់ទង ដោយសារតែឥទ្ធិពលនៃ «ព្យុះព្រះអាទិត្យកម្រិតធ្ងន់» ជាបន្តបន្ទាប់នោះ។
មួយវិញទៀត នៅពេលដែលប្រព័ន្ធ GPS មិនអាចដំណើរការដោយត្រឹមត្រូវនោះ គឺពិតជាបង្កការរំខានដល់វិស័យអាកាសចរណ៍ជាចម្បង។ សម្រាប់នៅសហរដ្ឋអាមេរិក ប្រសិនបើប្រព័ន្ធទូរគមនាគមន៍ប្រភេទនេះជួបបញ្ហា នោះជើងហោះហើរនានានឹងត្រូវបញ្ជាឲ្យចុះចតមកវិញសិន (ក្នុងករណីកំពុងហោះហើរ) និងត្រូវពន្យារពេលហោះហើរសិន (ក្នុងករណីជិតចាប់ផ្តើមហោះហើរ) ព្រោះយន្តហោះនានាមិនអាចហោះហើរបាន ដោយគ្មានប្រព័ន្ធវិទ្យុទាក់ទង និងផ្កាយរណបនោះឡើយ។
គួរបញ្ជាក់ថា នៅក្នុងលទ្ធផលព្យាករណ៍ផ្លូវការរបស់ NOAA កំលុងពេលនៃ Solar Maximum សម្រាប់វដ្តទី ២៥ នៃព្រះអាទិត្យនេះ នឹងឈានមកដល់នៅអំលុងត្រីមាសទី ៣ នៃឆ្នាំ២០២៥ ហើយក្រុមអ្នកវិទ្យាសាស្ត្រកំពុងតាមដានអំពីស្ថានភាពព្រះអាទិត្យបន្តទៅដល់ពេលនោះ។ ការឆ្លងផុតពាក់កណ្តាលវដ្តមានន័យថា ព្រះអាទិត្យនឹងចាប់ផ្តើមចុះថយភាពកញ្ជ្រោលវិញបន្តិចម្តងៗ ដោយយើងនឹងមិនសូវឃើញមានចំណុចខ្មៅព្រះអាទិត្យ, ការជះអណ្តាតភ្លើង និងការបញ្ចេញ CME ជាដើម៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ Live Science (ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤)