Oops! អាចម៍ផ្កាយដែល NASA បានបុកអាចនឹងបង្កបញ្ហាដល់ផែនដី? (លទ្ធផលសិក្សាថ្មី) (វីដេអូ)
(បរទេស)៖ មិនខុសពីការលាន់មាត់របស់មនុស្សមួយចំនួន ក្រោយអង្គការ NASA នៃសហរដ្ឋអាមេរិកបានសម្រេចជាផ្លូវការនូវ បេសកកម្ម DART (Double Asteroid Redirection Test) ដែលជាការធ្វើតេស្តបញ្ជូនយាន ឲ្យហោះទៅបុកដើម្បីបង្វែរទិសដៅអាចម៍ផ្កាយកាលពីខែកញ្ញា ឆ្នាំ២០២២នោះឡើយ ដោយពេលនេះ ឥទ្ធិពលនៃការបុកនោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រព្យាករថា នឹងជះមកលើភពផែនដីនៅមួយទសវត្សរ៍ខាងមុខ។ ប៉ុន្តែ, តើនោះអាចជាការបង្កគ្រោះដល់ភពផែនដី ឬមួយក៏មនុស្សលោកយើងទេ?
មុននឹងស្វែងយល់អំពីហានិភ័យ ដែលផែនដីអាចនឹងជួបប្រទះនោះ ចូរគ្រប់គ្នារម្លឹកឡើងវិញបន្តិចសិន អំពីបេសកកម្មដែលអង្គការ NASA បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នោះគឺការបញ្ជាយាន DART ឲ្យបុកអាចម៍ផ្កាយភ្លោះ ដោយអាតូចមានឈ្មោះថា ដាយម៉ូហ្វូស (Dimorphos) មានអង្កត់ផ្ចិត ១៧០ម៉ែត្រ និងអាធំឈ្មោះ ឌីឌីម៉ូស (Didymos) មានអង្កត់ផ្ចិត ៧៨០ម៉ែត្រ។
ការបុកខាងលើនេះបានកើតមានឡើងនៅចម្ងាយ ១១លានគីឡូម៉ែត្រពីផែនដី ដោយយាន DART ត្រូវបានបញ្ជាឲ្យបុក Dimorphos ដែលយើងអាចចាត់ទុកថាជាព្រះចន្ទ (Moon) របស់ Didymos បាន ព្រោះវាគោចរជុំវិញអាចម៍ផ្កាយធំមួយនេះ។ ក្រោយការបុកចំ Dimorphos នៅក្នុងល្បឿនរហូតដល់ទៅ ២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ អង្គការ NASA មិនអាចគណនាភ្លាមៗបានទេ អំពីផលក្រោយការប៉ះទង្គិច ប៉ុន្តែតាមរយៈតេឡេស្កូបនៅលើដី និងទីអវកាស ក្នុងនោះបូករួមទាំង James Webb ផងដែរ ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញ បំណែករបស់ Dimorphos (ដុំថ្មតូចធំ និងកម្ទេចកម្ទីធូលី) បែកខ្ចាត់ខ្ចាយយ៉ាងច្រើនសម្បើម។
រយៈពេលមួយឆ្នាំក្រោយការត្រួតពិនិត្យ និងបូកសរុបលទ្ធផល ក្រោយយាន DART បុកអាចម៍ផ្កាយនោះ ទើបអង្គការ NASA បានចេញមុខអះអាងថា បេសកកម្មកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នោះ «បានទទួលជោគជ័យលើសពីការស្មាន»។ ការទទួលជោគជ័យនោះ គឺយោងទៅលទ្ធផលថា DART បានធ្វើឲ្យថេរវេលានៃការគោចររបស់ Dimorphos ជុំវិញ Didymos ថយចុះប្រមាណ ៣០នាទី ហើយប្រការនេះមានន័យថា អាចម៍ផ្កាយដែលគេយកមកធ្វើជាឧបករណ៍ពិសោធន៍ នឹងមិនអាចបុកភពផែនដីនោះឡើយ ខណៈមុនការបុកនោះអង្គការ NASA បានសន្មត់ថា វាកំពុងហោះមកបុកភពផែនដី។
ប៉ុន្តែ, តើភពផែនដីអាចរងគ្រោះដែរឬទេ ក្រោយការបុកអាចម៍ផ្កាយកាលពី ២ឆ្នាំមុននោះ? យោងតាមលទ្ធផលសិក្សាថ្មីដោយ ក្រុមអ្នកជំនាញផ្នែកវិស្វកម្ម និងអវកាសមកពីវិទ្យាស្ថាន តារាសាស្ត្រ និងបច្ចេកវិទ្យាប្រចាំទីក្រុង Milan ប្រទេសអ៊ីតាលី ដែលត្រូវបានបញ្ចេញក្នុងខែសីហា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា «ដុំថ្មតូចៗរាប់លានដុំ ដែលត្រូវបានបង្កឡើងដោយការបុករបស់យាន DART ទៅនឹងអាចម៍ផ្កាយ Dimorphos នោះ ទំនងជាកំពុងស្ថិតក្នុងគន្លងផ្លូវ មកកាន់ផែនដី ហើយធ្លាក់ស្រោចមកលើផែនដី នៅអំលុងមួយទសវត្សរ៍ខាងមុខ…»។
ជុំវិញសំនួរថា តើយើងនឹងរងគ្រោះដែរឬអត់នោះ ក្រុមអ្នកសិក្សាខាងលើនេះបានអះអាងថា «ពួកវាត្រឹមជាដុំថ្មតូចៗប៉ុណ្ណោះ ហើយប្រសិនបើវាធ្លាក់ស្រោចមកលើផែនដីមែន ក៏មិនខុសនឹងដុំថ្មអវកាសខ្នាតតូច (meteorite) ទូទៅនោះដែរ នោះគឺនឹងធ្លាក់បុកបរិយាកាសផែនដី ហើយឆាបឆេះក្លាយជាធូលីផេះផង់អស់មិនខាន»។ ទោះបីជាពួកវាមិនបង្កហានិភ័យដល់ផែនដី ឬសូម្បីតែមនុស្សលោក ក៏បាតុភូតពិសេសមួយនឹងកើតឡើងផងដែរ នោះគឺវានឹងបង្កទៅជា «ទេពច្យុតស្នាដៃមនុស្សជាលើកដំបូង» ដែលធ្លាក់មកលើភពផែនដី។ តែយ៉ាងណា នេះក៏ជាមេរៀនធំមួយផ្សេងទៀតសម្រាប់ NASA ក៏ដូចជាអង្គការអវកាសផ្សេងទៀត ដែលគ្រោងធ្វើដូច NASA នោះផងដែរ…៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤)