បកស្រាយរឿងផ្កាយដុះកន្ទុយ «ស៊ូឈិនសាន-អាត្លាស់» ដែលនឹងបង្ហាញខ្លួននៅខែតុលា ឆ្នាំ២០២៤ (វីដេអូ)

431

(បរទេស)៖ ផ្កាយដុះកន្ទុយ «ស៊ូឈិនសាន-អាត្លាស់ (Tsuchinshan-ATLAS)» ឬ C/2023 A3 ដែលត្រូវបានដាក់ឈ្មោះបែបនេះព្រោះតែការរកឃើញដំបូង ដោយបណ្តាញតេឡេស្កូបនៅប្រទេសចិន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ និងក្រោយមកទៀតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំដដែល ដោយតេឡេស្កូប ATLAS (Asteroid Terrestrial-Impact Last Alert System) នៅប្រទេសអាហ្វ្រិកខាងត្បូងនោះ នឹងបង្ហាញវត្តមានលើផ្ទៃមេឃផែនដី នៅអំលុងខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះហើយ។

(Video From YouTube: Cambo Space Edu)

ក្រុមតារាវិទូបាននិងកំពុងធ្វើការតាមដានយ៉ាងលម្អិត អំពីដំណើរមកដល់របស់ ស៊ូឈិនសាន-អាត្លាស់ ដោយស្ថិតក្នុងន័យសិក្សាអំពីផ្កាយដុះកន្ទុយនោះផង និងទៅលើឥទ្ធិពលរបស់ព្រះអាទិត្យទៅលើវាផង ខណៈដែលព្រះអាទិត្យក្នុងឆ្នាំ២០២៤នេះ មានស្ថានភាពពុះកញ្ជ្រោលខ្លាំង ព្រោះតែកំពុងស្ថិតនៅក្នុងដំណាក់កាលកញ្ជ្រោលកម្រិតអតិបរិមា (Solar Maximum)

គន្លងគោចរនៃ ស៊ូឈិនសាន-អាត្លាស់ (Image Source: Sky & Telescope)

នៅក្នុងដំណាក់កាល Solar Maximum ស្ថិតនៅកណ្តាលវដ្តព្រះអាទិត្យដែលមានថេរវេលា ១១ឆ្នាំម្តងនោះ ព្រះអាទិត្យតែងតែជះចេញនូវអណ្តាតភ្លើងទៅកាន់ប្រព័ន្ធទាំងមូល ហើយមិនថាតែភពផែនដីនោះទេ សូម្បីតែផ្កាយដុះកន្ទុយដែលកំពុងគោចរមកកៀកព្រះអាទិត្យនោះ ក៏អាចរងឥទ្ធិពលដូចជាការផ្ទុះបំបែកខ្លួន ឬដាច់កន្ទុយជាដើម។ ប៉ុន្តែ, ងាកមកកាន់ ស៊ូឈិនសាន-អាត្លាស់ វិញគឺពិតជាសំណាងមែនទែន ដែលវាបានឆ្លងផុតចង្កូម នៃឥទ្ធិពលព្រះអាទិត្យ ហើយក្រុមអ្នកវិទ្យាសាស្ត្រទើបតែបានបង្ហើបឲ្យដឹងថា វានឹងអាចបង្ហាញខ្លួនលើផ្ទៃមេឃផែនដី នៅអំលុងខែតុលា ឆ្នាំ២០២៤ (នឹងអាចឲ្យឃើញច្បាស់ដោយភ្នែកទទេ)

ផ្កាយដុះកន្ទុយ ស៊ូឈិនសាន-អាត្លាស់ ថតដោយ Rio Hurtado Valley, Chile កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ (Image credit: Taras Prystavski)

ជុំវិញព័ត៌មាននេះ បណ្ឌិត Zdeněk Sekanina ដែលជាតារាវិទូ និងក៏ជាអ្នកជំនាញផ្នែកផ្កាយដុះកន្ទុយផងដែរបានលើកឡើងថា «កាលពីអំលុងខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានដែលថាផ្កាយដុះកន្ទុយ ស៊ូឈិនសាន-អាត្លាស់ បានរងឥទ្ធិពលពីព្រះអាទិត្យហើយផ្ទុះបែកនោះ ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រៀត… ប៉ុន្តែតាមការពិតទៅ នោះគឺជាដំណាក់កាលទូទៅរបស់អាចម៍ផ្កាយ (នៅពេលគោចរមកកាន់តែកៀកនឹងព្រះអាទិត្យ) ប៉ុណ្ណោះ…។ ប្រាកដណាស់ ២ខែក្រោយមក លទ្ធផលសង្កេតជាថ្មីបានបង្ហាញថា ស៊ូឈិនសាន-អាត្លាស់ នៅតែមានលក្ខណៈល្អដដែល»។

  • តើយើងអាចមើលឃើញផ្កាយដុះកន្ទុយ ស៊ូឈិនសាន-អាត្លាស់ ហើយឬនៅ?

គិតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ បណ្តាប្រទេសនៅអឌ្ឍគោលខាងជើងដូចជា សហរដ្ឋអាមេរិក អឺរ៉ុប និងកម្ពុជារបស់យើងផងដែរ មិនទាន់អាចមើលឃើញវត្តមានរបស់ ស៊ូឈិនសាន-អាត្លាស់ នោះឡើយ លើកលែងតែប្រទេសនៅអឌ្ឍគោលខាងត្បូង នៃភពផែនដីប៉ុណ្ណោះ។

ផ្កាយដុះកន្ទុយ ស៊ូឈិនសាន-អាត្លាស់ ថតដោយបណ្តាញតេឡេស្កូប VTP កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ (Image credit: Gianluca Masi/The Virtual Telescope Project)

ប្រទេសនៅអឌ្ឍគោលខាងត្បូងដូចជា អូស្ត្រាលី ឈីលី អាហ្សង់ទី និងអាហ្វ្រិកខាងត្បូងជាដើម អាចព្យាយាមសង្កេតរកផ្កាយដុះកន្ទុយនោះបាន ដោយការប្រើប្រាស់តេឡេស្កូបល្អមួយរួចសម្លឹងទៅកាន់តារានិករ សិចតាន (Sextan the Sextant) នៅទិសខាងលិចក្រោយថ្ងៃលិច តែក៏នឹងពិបាកឲ្យរកមើលបន្តិចដែរ ព្រោះតែពន្លឺរបស់ ស៊ូឈិនសាន-អាត្លាស់ នៅមានកម្រិតខ្យោយ។

  • ពេលវេលាល្អសម្រាប់ការស្វែងរក និងទស្សនាស៊ូឈិនសាន-អាត្លាស់

បណ្តាប្រទេសនៅអឌ្ឍគោលខាងជើងដូចជាសហរដ្ឋអាមេរិក ចិន អឺរ៉ុប និងកម្ពុជាយើងផងដែរ អាចនឹងមើលឃើញវត្តមានរបស់ Tsuchinshan-ATLAS ដោយភ្នែកទទេនៅអំលុងចាប់ពី «ថ្ងៃទី២៧ ខែកញ្ញា ដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ (ដែលជាពេលល្អបំផុត)» ខណៈថ្ងៃទី២៧ ខែកញ្ញានោះ ក៏ជាពេលដែលផ្កាយដុះកន្ទុយនេះ គោចរទៅកៀកនឹងព្រះអាទិត្យបំផុតដែរ។

សម្រាប់ពេលវេលា និងទីតាំងវិញ នៅចុងខែកញ្ញា និងដើមខែតុលា យើងអាចរកមើលវត្តមានផ្កាយដុះកន្ទុយនេះនៅម្តុំជើងមេឃភាគខាងកើត និងអាគ្នេយ៍ នៅវេលាមុនថ្ងៃរះប្រមាណ ៤៥នាទី ហើយបើតាមការគណនា ស៊ូឈិនសាន-អាត្លាស់ នឹងបញ្ចេញពន្លឺប្រហាក់ប្រហែលនឹងផ្កាយ Polaris តារាខាងជើង (North Star) ដែលល្មមនឹងអាចឲ្យឃើញព្រាលៗដោយភ្នែកទទេ ឬអាចប្រើតេឡេស្កូប ប្រសិនបើចង់ឲ្យច្បាស់តែម្តង។

បកស្រាយរឿងផ្កាយដុះកន្ទុយ «ស៊ូឈិនសាន-អាត្លាស់» ដែលនឹងបង្ហាញខ្លួននៅខែតុលា ឆ្នាំ២០២៤ (វីដេអូ)
រូបតំណាងនៃផ្កាយដុះកន្ទុយ (រូបភាពពីបរទេស)

សម្រាប់ឱកាសដែល «ល្អបំផុត» នោះគឺនៅអំលុងសប្តាហ៍ទី ២ និងទី ៣ នៃខែតុលា ឆ្នាំ២០២៤ ដោយបណ្តាប្រទេសនៅអឌ្ឍគោលខាងជើងបូករួមទាំងកម្ពុជា អាចសម្លឹងរកមើលវត្តមានរបស់ ស៊ូឈិនសាន-អាត្លាស់ នៅម្តុំផ្ទៃមេឃនៃទិសខាងលិច និងនិរតីនៅក្រោយថ្ងៃលិច និងមេឃរាងងឹតបន្តិច

ប៉ុន្តែ, យើងក៏ត្រូវត្រៀមចិត្តទុកមុនផងដែរ ព្រោះថាអ្វីៗអាចនឹងប្រែប្រួលទៅតាមឥទ្ធិពលរបស់ព្រះអាទិត្យ និងដំណើរគោចររបស់ផ្កាយដុះកន្ទុយនោះ។ ឥទ្ធិពលរបស់ព្រះអាទិត្យ និងការប្រែប្រួលភ្លាមៗរបស់ Tsuchinshan-ATLAS នោះ ក៏អាចធ្វើឲ្យរូបរាងរបស់វាប្រែប្រួល ហើយពន្លឺចុះខ្សោយផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤)

480×240 Banner