តើផ្កាយដែល NASA ថានឹងកើតមាន Nova Outburst នោះផ្ទុះហើយឬនៅ? (មានវីដេអូបកស្រាយ)
(ភ្នំពេញ)៖ សួស្តីប្រិយមិត្ត Cambo Space ទាំងអស់គ្នា… បងប្អូនជាច្រើន (សរុបទៅប្រហែល ១០នាក់ដែរ) បានសួរមកខ្ញុំតាមរយៈផេក Facebook ក៏ដូចជាតាមយូធូប និងតិកតុកផងដែរ អំពីផ្កាយដែលក្រុមតារាវិទូអង្គការ NASA ថា នឹងកើតមានករណីផ្ទុះតាមវដ្ត (Nova Outburst) នោះ តើមកទល់ពេលនេះផ្ទុះហើយឬនៅ? ចម្លើយយ៉ាងខ្លី គឺគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ វាមិនទាន់ផ្ទុះឡើយ…បងប្អូនប្រិយមិត្តទាំងឡាយអើយ។ ប៉ុន្តែ ខ្ញុំមានវីដេអូជាឧទាហរណ៍ពិសេសមួយ ជូនបងប្អូននៅចុងការបកស្រាយនេះ ហើយវានឹងបង្ហាញបងប្អូនថា ពេលព្រឹត្តិការណ៍កើតឡើងជាក់ស្តែងហ្នឹង នឹងមានទិដ្ឋភាពដូចម្តេច។ (វីដេអូស្ថិតនៅចុងអត្ថបទនេះ)
Hmmm… មួយទៀត, សម្រាប់សំនួរថា តើវានឹងផ្ទុះនៅពេលណានោះ រឿងហ្នឹងខ្ញុំក៏មិនទាន់អាចឆ្លើយបានដែរ… (ខ្ញុំបានឆែករកព័ត៌មានជាច្រើនដែរ ក៏នៅតែមិនទាន់ឃើញមានការជូនដំណឹង ឬអះអាងពីការសង្កេតឃើញទេ) ប៉ុន្តែបើយើងសម្លឹងទៅកាន់កំលុងពេលដែល NASA បានអះអាងប្រាប់យើង កាលពីអំលុងដើមឆ្នាំ២០២៤នេះ (គឺចាប់ពីខែកុម្ភៈ ដល់ខែកញ្ញា) យើងនៅសល់ពេលជាងកន្លះខែទៀតដែរ…។ ដូចខ្ញុំបានបញ្ជាក់ជូនបងប្អូនអ៊ីចឹងពេលវេលាដែលវាអាចកើតឡើង គឺនៅចន្លោះពេល ៨ខែឆ្នាំហ្នឹងឯង ដូច្នេះមានតែបន្តការរង់ចាំទាំងអស់គ្នាប៉ុណ្ណោះ… គ្មានចម្លើយអ្វីផ្សេងពីនេះទេ។
ឥលូវនេះ ចូរបងប្អូនទស្សនាវីដេអូ animation របស់អង្គការ NASA នេះឡើងវិញម្តងទៀត… បងប្អូនឃើញទេ មានបណ្តុំឧស្ម័នតូចមួយកំពុងគោចរជុំវិញផ្កាយធំៗ ហើយមួយចង្កោមហ្នឹងយើងហៅវាថា T Coronae Borealis ឬ T CrB ដែលមានចម្ងាយខ្ទង់ ៣,០០០ឆ្នាំពន្លឺពីផែនដី។ តើបងប្អូនឃើញផ្កាយតូចកំពុងគោចរជុំវិញផ្កាយធំ ហើយសុខៗក៏មានការផ្ទុះ និងជះពន្លឺឡើងហ្នឹងទេ? នឹងហើយគឺជាព្រឹត្តិការណ៍ Nova Outburst។ បើនិយាយឲ្យងាយយល់ វាប្រៀបបីដូចជាការធ្វើប្រតិកម្មនៃកម្លាំងជំនោរ និងទំនាញរវាងផ្កាយភ្លោះទាំង ២ ពេលដែលគោចរទៅដល់ចំណុចមួយ ដែលត្រូវកើតមានប្រតិកម្មរវាងគ្នា ហើយការកើតមានឡើងនេះគឺក្នុងអំលុងពេលខ្ទង់ ៨០ឆ្នាំម្តង នៃពេលវេលាលើផែនដី (លើកចុងក្រោយគឺកាលពីឆ្នាំ១៩៤៦) ដូច្នេះយើងអាចហៅបានថា ជាព្រឹត្តិការណ៍កើតមានតែម្តងក្នុងមួយជីវិតមនុស្សលោកប៉ុណ្ណោះ។
មានអ្នកសួរមកកាន់ Cambo Space បែបនេះថា តើព្រឹត្តិការណ៍នឹងអស្ចារ្យមែនទេ? Hmm… អាស្រ័យលើការគិតរបស់បងប្អូន និងទៅតាមចំណង់ចំណូលចិត្ត (ខ្ញុំសូមនិយាយបែបហ្នឹងទៅចុះ)។ ខ្ញុំមិនចង់និយាយអំពីចក្រវាលទេ គឺធំធេងពេកហើយ ព្រោះយើងមិនទាន់រកទីបំផុតឃើញ តែខ្ញុំសូមលើកយកតែត្រឹមកាឡាក់ស៊ី Milky Way យើងនេះមកប្រៀបធៀប គឺវាធំធេងពេកណាស់ទៅហើយ។ មានផ្កាយរាប់រយពាន់លានដួងនៅក្នុងកាឡាក់ស៊ីយើង និងរាប់លានដួងប៉ុណ្ណោះដែលយើងអាចសង្កេតឃើញ នៅលើផ្ទៃមេឃផែនដីពេលរាត្រី… ផ្កាយនិមួយៗពិតជាធំធេងណាស់ ហើយភាគច្រើនគឺសុទ្ធតែធំធេងជាងព្រះអាទិត្យយើងហើយ ទើបយើងអាចមើលឃើញនឹងភ្នែកលើមេឃហ្នឹង, ដោយឡែកភាគរយនៃការកើតមានទិដ្ឋភាពអ្វីខុសប្រក្រតីលើមេឃ ក៏កាន់តែកម្រមហាកម្រទៅទៀតហើយ…។
ដូច្នេះ ប្រសិនបើសុខៗមានពន្លឺអ្វីមួយលេចចេញនៅលើមេឃដែលយើងចំណាំថា មិនដែលធ្លាប់មានអ្វីសោះនៅត្រង់ចំណុចនោះទេតាំងពីយើងចាប់កំណើត និងចេះសម្លឹងមើលផ្ទៃមេឃមក… ត្រង់ចំណុចនេះ, បងប្អូនសាកសួរចិត្តខ្លួនឯងវិញថា តើអស្ចារ្យទេ? សម្រាប់ខ្ញុំផ្ទាល់គិតថាអស្ចារ្យ ហើយខ្ញុំក៏ជឿជាក់ថា ក្រុមអ្នកតារាសាស្ត្រក៏ចាត់ទុកនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតដែរ ព្រោះពួកគេមិនត្រឹមតែជាអ្នកនិយមតាមដានផ្ទៃមេឃនោះទេ តែគឺជាអ្នកដែលសិក្សាស្រាវជ្រាវ ដើម្បីឈ្វេងយល់អំពីព្រឹត្តិការណ៍អវកាសទាំងអស់នោះ… បើពុំដូច្នោះទេ បងប្អូនរួមទាំងរូបខ្ញុំផ្ទាល់ក៏មិនមានមេរៀនល្អៗពិតៗដើម្បីសិក្សា ឬដឹងអំពីព្រឹត្តិការណ៍ Nova Outburst ដូចខាងលើនេះដែរ។
អូខេ សុំផ្អាកត្រឹមហ្នឹងសិន ឥលូវចូលមកកាន់អ្វីដែលខ្ញុំសន្យាថានឹងបង្ហាញបងប្អូនវិញ… គឺវីដេអូមួយនេះ… បងប្អូនឃើញទេ? នៅសុខៗមានផ្កាយមួយលេចឡើងឲ្យយើងឃើញ… ហ្នឹងហើយគឺជាការផ្ទុះ Nova Outburst របស់ផ្កាយ T Crb… ប្រសិនបើវាកើតឡើង នោះគឺនឹងដូចក្នុងវីដេអូនេះឯង។ វានឹងស្ថិតនៅតំបន់ចន្លោះតារានិករ Hercules និងតារានិករ Corona Borealis (មើលតាម app លើទូរស័ព្ទនឹងងាយស្វែងរក)។ បើតាមយោបល់របស់ខ្ញុំ គឺបងប្អូនមិនចាំបាច់សង្កេតរកមើលលើផ្ទៃមេឃអ្វីដោយខ្លួនឯងនោះទេ ព្រោះយើងប្រាកដជាពិបាក និងខាតពេល… ម្យ៉ាងរដូវនេះគឺរដូវភ្លៀងផង យើងនឹងកាន់តែពិបាកមិនខាន… យល់ល្អ យើងទាំងអស់គ្នាគួររង់ចាំមើលតែក្រុមតារាវិទូបរទេសជូនដំណឹង និងផ្តិតរូបភាព ហើយរីករាយជាមួយទិដ្ឋភាពទាំងនោះ គឺជារឿងដ៏ប្រពៃបំផុតហើយ៕
រៀបរៀង៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA (ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤)