ភពផែនដីនឹងមាន «ព្រះចន្ទទី២» មួយរយៈពេលខ្លី, តើនេះមានន័យដូចម្តេច? (យល់ដឹង) (វីដេអូ)

835

(បរទេស)៖ នៅអំលុងពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤នេះ មានការចុះផ្សាយដោយសារព័ត៌មានធំៗរបស់សកលលោកតែម្តង អំពីការជិតមកដល់នៃ «ព្រះចន្ទទី២» របស់ផែនដី ដែលនឹងស្ថិតនៅជាមួយភពរបស់យើងនេះមួយរយៈពេលខ្លី។ ប្រិយមិត្តជាច្រើនទំនងជាមិនទាន់បានដឹង ឬយល់ចំពោះរឿងនេះនៅឡើយទេ ដូច្នេះ Cambo Space សូមធ្វើការបកស្រាយជូននៅក្នុងអត្ថបទថ្មីនេះតែម្តង។

(Video From YouTube: Cambo Space Edu)

ពេលឮថាព្រះចន្ទី២ បងប្អូនមួយចំនួនប្រហែលជាអាចគិតដល់ថា នឹងមានព្រះចន្ទចំនួន រះលើមេឃផងក៏មិនដឹង។ តែតាមការពិត​ គឺវានឹងមិនមែនបែបនោះទាល់តែសោះ។ ការអះអាងថា ផែនដីនឹងមានព្រះចន្ទទី ២ នោះ គឺយោងលើលក្ខខណ្ឌកំណត់ទូទៅនៃភាពជាព្រះចន្ទប៉ុណ្ណោះ ដូចជាព្រះចន្ទរបស់ផែនដីយើង ដែលកំពុងគោចរជាមធ្យម ៣៨០,០០០km ពីភពផែនដីនោះឯង នោះគឺការមានគន្លងគោចរត្រឹមត្រូវជុំវិញភពផែនដី និងទទួលរងឥទ្ធិពលទំនាញពីផែនដីជានិច្ច ដោយមិនរបូតចេញទៅណា។

អ្វីមួយដែលក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA បានអះអាងថា នឹងមកក្លាយជាព្រះចន្ទទី ២ របស់ភពផែនដីយើងនោះ នឹងមកដល់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ហើយត្រលប់ទៅវិញនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំដដែល ដូច្នេះមានន័យថា វានឹងដើរតួជាព្រះចន្ទទី ២ បានជិត ២ខែដែរ។ អូខេ! ចូលមកដល់ការពិតជាក់ស្តែងវិញ, ប្រសិនបើយើងចាត់ទុកវាជាព្រះចន្ទនោះ ក៏ហាក់ដូចជាឲ្យតម្លៃជ្រុលហួសហេតុពេក ព្រោះវាត្រឹមជាអាចម៍ផ្កាយមួយដុំប៉ុណ្ណោះ ដែលមានឈ្មោះសម្គាល់ថា 2024 PT5

គន្លងគោចរធម្មតានៃអាចម៍ផ្កាយ 2024 PT5 (រូបភាពពីបរទេស)

អាចម៍ផ្កាយ 2024 PT5 ត្រូវបានរកឃើញដោយ បណ្តាញតេឡេស្កូបសង្កេតរកអាចម៍ផ្កាយគ្រោះថ្នាក់ ដើម្បីចេញសារព្រមាន (Asteroid Terrestrial-impact Last Alert System ឬ ATLAS) របស់ NASA កាលពីអំលុងខែសីហា ឆ្នាំ២០២៤ថ្មីៗនេះប៉ុណ្ណោះ ដោយវាមានប្រភពពីតំបន់ជង្រុកអាចម៍ផ្កាយតូចៗឈ្មោះ Arjuna ដែលគោចរជុំវិញព្រះអាទិត្យក្នុងគន្លងកៀកជាមួយផែនដីផងដែរ (ផែនដីមានគម្លាតជាមធ្យម ១៥០លានkm ពីព្រះអាទិត្យ) និងត្រូវបានចាត់បញ្ជូនទៅក្នុង វត្ថុអវកាសកៀកៗផែនដី (NEOs) ហើយ Arjuna និងផែនដី គោចរជុំវិញព្រះអាទិត្យក្នុងគន្លងដូចទ្រនាប់ជើងសេះ (បណ្តាក់គ្នា)។ ទោះជាយ៉ាងណា វានឹងមិនបង្កការគំរាមកំហែងដល់ភពផែនដីយើងឡើយ។

តើលោកអ្នកចង់ដឹងថា 2024 PT5 មានទំហំប៉ុណ្ណាទេ? ចម្លើយគឺវាមានមុខកាត់ចន្លោះ ១០-៤០ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះទោះបីជាវាបានមកក្លាយជាព្រះចន្ទទី ២ ក៏មនុស្សលើផែនដីមិនអាចមើលឃើញវត្តមានរបស់វានោះដែរ។ ដូចអ្វីដែលយើងបានបញ្ជាក់ខាងលើនោះឯង យោងតាមលក្ខខណ្ឌបច្ចេកទេស នៃការកំណត់បុគ្គលិកលក្ខណៈរបស់ព្រះចន្ទ នោះវានឹងដើរតួជាព្រះចន្ទទី ២ មែនហើយ តែតាមការពិតជាក់ស្តែង វានឹងត្រឹមជាអាចម៍ផ្កាយតូចមួយ ដែលត្រូវបានឃាត់ទុកក្នុងគន្លងគោចរជុំវិញផែនដី មួយរយៈពេលខ្លីប៉ុណ្ណោះ។

(រូបភាពពីបរទេស)

សម្រាប់ការធ្លាក់ចូលក្នុងដែនទំនាញផែនដី និងក្លាយជាព្រះចន្ទមួយរយៈរបស់ 2024 PT5 នោះ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកញ្ញា ហើយបញ្ចប់ទៅវិញនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ (គិតតាមពេលវេលានៅសហរដ្ឋអាមេរិក) ខណៈក្រុមអ្នកវិទ្យាសាស្ត្រអាចដឹងបាន ព្រោះតែការត្រួតពិនិត្យលើល្បឿន និងគន្លងគោចរដែលវាកំពុងចល័តមកគឺ ៣,៥៤០km ក្នុងមួយម៉ោង ព្រមទាំងឱកាសដែលវានឹងត្រូវឃាត់ទុក ដោយដែនទំនាញផែនដីនៅពេលមកកៀកផែនដីបំផុតក្នុងចម្ងាយ ៤.៥លានkmនោះ។ បើតាម NASA អាចម៍ផ្កាយមួយនេះនឹងគោចរជុំវិញផែនដីជិត ២ខែ (៥៦.៦ថ្ងៃនៃពេលវេលាលើផែនដី) ហើយបន្ទាប់ពីនោះវានឹងរបូតចេញទៅកាន់គន្លងគោចរដើមនៅជុំវិញព្រះអាទិត្យវិញ។

ភពផែនដីនឹងមាន «ព្រះចន្ទទី២» មួយរយៈពេលខ្លី, តើនេះមានន័យដូចម្តេច? (យល់ដឹង) (វីដេអូ)
រូបតំណាង (Image credit: Robert Lea (created with Canva))

គួរបញ្ជាក់ថា នោះនឹងមិនមែនជាលើកទី១ ដែលភពផែនដីមានព្រះចន្ទទី ២ មួយរយៈខ្លីនោះឡើយ។ ជាការពិត ភពផែនដីក៏ធ្លាប់ជួបបទពិសោធន៍បែបនេះរួចមកហើយ ក្នុងនោះមានដូចជាជាមួយអាចម៍ផ្កាយ 2020 CD3 ដែលបានគោចរជុំវិញផែនដីប៉ុន្មានឆ្នាំដែរ មុនរបូតចេញទៅវិញកាលពីឆ្នាំ២០២០ ព្រមទាំងអាចម៍ផ្កាយ 2022 NX1 ដែលបានចូលមកគោចរជុំវិញផែនដីកាលពីឆ្នាំ១៩៨១ និងបានរបូតចេញទៅវិញកាលពីឆ្នាំ២០២២ ហើយវាត្រូវបានគេរំពឹងថា នឹងមកម្តងទៀតនៅឆ្នាំ២០៥១

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤)

480×240 Banner