ជាលើកដំបូង! ថតបាន «ផ្កាយកំពុងកញ្ជ្រោល» ស្តែងៗតែម្តងនៅចម្ងាយរាប់រយឆ្នាំពន្លឺពីយើង (វីដេអូ)

429

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិទើបតែផ្តិតបាននូវ ទិដ្ឋភាពលម្អិតជាលើកដំបូងមិនធ្លាប់មាន នៃភាពចលាចលនៅលើផ្ទៃអណ្តាតភ្លើងរបស់ផ្កាយមួយដួង។ វីដេអូជាលក្ខណៈ time-lapse មួយត្រូវបានចេញផ្សាយនាកំលុងខែកញ្ញា ឆ្នាំ២០២៤នេះ ដែលបង្ហាញពីពពុះឧស្ម័នក្តៅគគុក និងធំសម្បើមទាំងឡាយ កំពុងតែពុះកញ្ជ្រោលនៅលើផ្ទៃនៃផ្កាយដែលមានឈ្មោះថា «អរ ដរ៉ាដឹស (R Doradus)»

(Video From YouTube: Cambo Space Edu)

R Doradus ខាងលើនេះត្រូវបានគេដឹងថាជាប្រភេទ តារាយក្សក្រហម (Red Giant) មានទំហំធំជាងព្រះអាទិត្យរបស់យើងប្រហែល ៣០០ដង។ ទិដ្ឋភាពដ៏អស្ចារ្យពិតៗដែលត្រូវបានផ្តិតយកជាលើកដំបូងខាងលើនេះ គឺស្ថិតនៅចម្ងាយប្រហែល ១៨០ឆ្នាំពន្លឺពីយើង (១ឆ្នាំពន្លឺ=៩.៤៦ទ្រីលានkm) ដោយយើងអាចរកឃើញវានៅក្នុងតារានិករ ដរ៉ាដូ (Dorado) នៃផ្ទៃមេឃភាគខាងត្បូង។

ផ្កាយ R Doradus (Image credit: ALMA (ESO/NAOJ/NRAO)/W. Vlemmings et al.)

ជុំវិញសមិទ្ធផលថ្មីនេះ និស្សិតថ្នាក់បណ្ឌិតមួយរូបឈ្មោះ បេហ្សេដ បូចណូឌី អាបាប់ (Behzad Bojnodi Arbab) នៅសាកលវិទ្យាល័យបច្ចេកវិទ្យា ឆាលមើស (Chalmers) ប្រចាំប្រទេសស៊ុយអែត បានរៀបរាប់ថា «វាពិតជាអស្ចារ្យណាស់ដែលឥឡូវនេះ យើងអាចថតបានដោយផ្ទាល់នូវ ព័ត៌មានលម្អិតនៅលើផ្ទៃផ្កាយមួយដួង ដែលមានចម្ងាយឆ្ងាយសែនឆ្ងាយពីយើងបែបនេះ…។ អរគុណដល់រូបភាពថ្មីៗទាំងអស់, ក្រុមតារាវិទូឥឡូវនេះអាចធ្វើការវិភាគ និងសិក្សាតាមបែបរូបវិទ្យាបានហើយ ខណៈពីមុនយើងអាចមើលឃើញតែចំពោះព្រះអាទិត្យយើងផ្ទាល់ប៉ុណ្ណោះ…»។

តាមរយៈរូបភាពទាំងអស់នេះ ដែលត្រូវបានក្រុមតារាវិទូសន្មត់ថា ជារូបប្រកបដោយគុណភាពខ្ពស់ និងលម្អិតមិនធ្លាប់មាននោះ គេអាចឃើញពពុះនៃឧស្ម័នដ៏ក្តៅគគុកពីលើផ្ទៃរបស់ផ្កាយ R Doradus នោះតែម្តង។ ពពុះនីមួយៗ គឺអាចមានទំហំស្មើនឹង ៧៥ដង នៃទំហំរបស់ព្រះអាទិត្យយើងទៅហើយ ដែលនេះពិតជាធំធេងខ្លាំងណាស់។

ផ្កាយ R Doradus (Image credit: ALMA (ESO/NAOJ/NRAO)/W. Vlemmings et al.)

បើតាមក្រុមតារាវិទូពន្យល់ថា ពពុះដូចបណ្តុំនៃអណ្តាតភ្លើងប្រកបដោយភាពចលាចល ពីលើផ្ទៃរបស់តារាយក្សក្រហមដែលស្ថិតនៅចម្ងាយ ១៨០ឆ្នាំពន្លឺពីយើងនោះ ត្រូវបានបង្កឡើងដោយកម្តៅយ៉ាងមហិមា ផុសចេញពីក្នុងស្នូលរបស់ផ្កាយនោះ។ ប្រការនេះហើយទើបធ្វើឲ្យផ្ទៃស្រទាប់លើរបស់វា ហាក់ដូចជាកំពុងពុះកញ្ជ្រោលខ្លាំង និងធ្វើឲ្យទ្រង់ទ្រាយផ្កាយទាំងមូលប្រែប្រួលដូចក្នុងរូបភាពទាំងអស់នេះ។

បណ្តាញតេឡេស្កូប ALMA (រូបភាពពីបរទេស)

ជុំវិញលទ្ធផលដ៏គួរឲ្យរំភើបនេះដែរ អ្នកដឹកនាំការស្រាវជ្រាវមួយរូបឈ្មោះ វូតឺ ឡេមមីងស៍ (Wouter Vlemmings) ដែលជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Chalmers ដដែលបានរៀបរាប់ថា «យើងមិនធ្លាប់បានរំពឹងថា ទិន្នន័យ (រូបភាព) នេះនឹងមានគុណភាពខ្ពស់ ដែលនាំយើងឃើញព័ត៌មានលម្អិតជាច្រើន នៃសកម្មភាពលើផ្ទៃផ្កាយមួយបែបនេះទេ…»។ រូបភាពទាំងអស់នេះ ត្រូវបានផ្តិតយកយ៉ាងសម្រិតសម្រាំងចាប់ពីខែអំលុងខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

រូបភាពតារា R Doradus នោះត្រូវបានផ្តិតយកដោយបណ្តាញតេឡេស្កូបចាប់រលកវិទ្យុ Atacama Large Millimeter/submillimeter Array ឬហៅយ៉ាងខ្លីថា ALMA ដែលមានទីតាំងនៅប្រទេសឈីលី (Chile)។ ការសម្ងំយ៉ាងយូរដល់រាប់ខែនោះបាននាំឲ្យ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះយល់ដឹងថា ពពុះឧស្ម័ននៃផ្កាយ R Doradus គឺមានវដ្តនៃការងើបឡើង និងស្រកចុះទៅវិញរយៈពេល ១ខែ

ជាលើកដំបូង! ថតបាន «ផ្កាយកំពុងកញ្ជ្រោល» ស្តែងៗតែម្តងនៅចម្ងាយរាប់រយឆ្នាំពន្លឺពីយើង (វីដេអូ)
ផ្កាយ អរ ដូរ៉ាដឹស (រូបភាពពី ESO)

គួរបញ្ជាក់ថា R Doradus និងព្រះអាទិត្យរបស់យើងមានម៉ាសប្រហាក់ប្រហែលគ្នា ប៉ុន្តែដោយសារតែ R Doradus មានវ័យចាស់ជាង ដូច្នេះវាកំពុងស្ថិតក្នុងដំណាក់កាលនៃតារាយក្សក្រហមទៅហើយ។ ព្រះអាទិត្យយើងត្រូវបានគេដឹងថា នឹងក្លាយទៅជាបែបនោះដែរនៅរយៈពេល ៥ពាន់លានឆ្នាំទៀត ហើយប្រសិនបើពេលនោះមកដល់ ពពុះអណ្តាតភ្លើងបែបនោះនឹងរីកមាឌទៅដល់គន្លងគោចរនៃភពសុក្រ (Venus) ហើយចុងបញ្ចប់ក៏អាចមកដល់ផែនដីយើងដែរ…៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ Live Science (ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤)

480×240 Banner