«សូរ្យគ្រាសកងភ្លើង» នឹងកើតឡើងនៅតំបន់អាមេរិកឡាទីននៅដើមខែតុលា ឆ្នាំ២០២៤នេះ!
(បរទេស)៖ បាតុភូតសូរ្យគ្រាសដ៏ពិសេសមួយប្រភេទ នឹងកើតឡើងពីលើទ្វីបអាមេរិកខាងត្បូង នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ (ពេលវេលានៅតំបន់នោះ) ត្រូវនឹងយប់អធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ (ពេលវេលានៅប្រទេសកម្ពុជា)។
យោងតាមវែបសាយ Time and Date ដែលជំនាញខាងតាមដានព្រឹត្តិការណ៍ប្រភេទនេះបានឲ្យដឹងថា សូរ្យគ្រាសចិញ្ចៀនភ្លើង ឬកងភ្លើង (Annular Solar Eclipse ឬ Eclipse Ring of Fire) ខាងលើនេះនឹងកើតឡើងពីលើភាគខាងត្បូងនៃតំបន់អាមេរិកខាងត្បូង ចាប់ពីវេលាម៉ោង ៣៖០៣នាទីរសៀល ដល់ ៣៖០៩នាទីរសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់អាមេរិកខាងត្បូង) ត្រូវនឹងម៉ោង ២៖០៣នាទី ដល់ម៉ោង ២៖០៩នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅប្រទេសកម្ពុជា)។

សម្រាប់ថេរវេលាខាងលើនេះ គឺមានរយៈពេលតែ ៦នាទីប៉ុណ្ណោះ ប្រសិនបើយើងគិតពីភាពសាច់ការ នោះគឺពេលវេលាដែល «សូរ្យគ្រាសកងភ្លើងពេញលេញ» នឹងកើតមានឡើងឲ្យយើងទស្សនា និងផ្តិតរូបភាពឬវីដេអូ។ តែបើយើងគិតអំពីដំណើរនៃសូរ្យគ្រាសនេះចាប់ពីដើមរហូតដល់ចប់វិញនោះ គឺនឹងមានរយៈពេល ២ម៉ោង ៤៥នាទី និង ៦វិនាទី (បើតាមតាមពេលវេលានៅលើខេត្តមួយនៃភាគខាងត្បូងប្រទេសឈីលី ដែលសូរ្យគ្រាសកងភ្លើងពេញលេញដើរចំ)។

សម្រាប់នៅភាគខាងត្បូងប្រទេសឈីលី នោះគឺសូរ្យគ្រាសដោយផ្នែក (Partial Solar Eclipse) នឹងចាប់ផ្តើមនៅវេលាម៉ោង ១៥៖៥៦នាទី, កងភ្លើងចាប់ផ្តើមនៅម៉ោង ១៧៖២០នាទី, កងភ្លើងពេញលេញនៅម៉ោង ១៧៖២៣នាទី, កងភ្លើងបញ្ចប់នៅម៉ោង ១៧៖២៦នាទី និងបាតុភូតសូរ្យគ្រាសទាំងមូលបញ្ចប់នៅម៉ោង ១៨៖៤២នាទី (ម៉ោងនៅប្រទេសឈីលី)។ សម្រាប់កោះ Easter Island ដ៏ល្បីល្បាញរបស់ប្រទេសឈីលី ក៏ស្ថិតនៅលើដំណើរផ្លូវនៃសូរ្យគ្រាសកងភ្លើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នោះដែរ ខណៈភ្លៀវទេសចរនានាក៏ដូចជាអ្នករស់នៅលើកោះនោះផ្ទាល់ ក៏កំពុងត្រៀមទស្សនា និងផ្តិតយកទិដ្ឋភាពដ៏ពិសេសនោះដូចគ្នា។

ប្រសិនបើយើងគិតតែទៅលើសូរ្យគ្រាសកងភ្លើងពេញលេញតែម្តង នោះគឺនឹងកើតឡើងតែទៅលើទឹកដីរបស់ប្រទេសឈីលី និងអាហ្សង់ទីនប៉ុណ្ណោះ ប៉ុន្តែបណ្តាប្រទេសក្បែរខាង និងដែនដីមួយចំនួនលើមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិចដូចជា កោះហាវ៉ៃ និងកោះមួយចំនួនទៀតរបស់សហរដ្ឋអាមេរិក, ប្រទេសគិរីបាទី និងកោះ Falkland Islands ជាដើម នឹងអាចមើលឃើញត្រឹមដោយផ្នែក។
គួរបញ្ជាក់ថា សូរ្យគ្រាសកងភ្លើង (Annular Solar Eclipse) ក៏មិនសូវខុសពីសូរ្យគ្រាសពេញលេញ (Total Solar Eclipse) ប៉ុន្មានដែរ ព្រោះទាំង២បាតុភូតនេះសុទ្ធតែជាពេលដែលព្រះចន្ទ គោចរមកបាំងចំកណ្តាលវត្តមានរបស់ព្រះអាទិត្យលើផ្ទៃមេឃផែនដីដូចគ្នា។ សម្រាប់ចំណុចដែលខុសគ្នានោះ គឺសូរ្យគ្រាសពេញលេញ កើតឡើងនៅពេលព្រះចន្ទអាចបិទបាំងវត្តមានព្រះអាទិត្យទាំងស្រុងតែម្តង ដោយមិនឲ្យជះពន្លឺអ្វីសោះនៅលើតំបន់មួយផ្នែករបស់ផែនដី ខណៈសូរ្យគ្រាសកងភ្លើងវិញ គឺព្រះចន្ទមិនអាចបិទបាំងពន្លឺព្រះអាទិត្យជិតទាំងស្រុងឡើយ ដោយនាំឲ្យយើងឃើញទិដ្ឋភាពដែលប្រៀបដូចជា ថាសខ្មៅមួយត្រូវហ៊ុមព័ទ្ធដោយកងភ្លើង។

អ្វីដែលលោកអ្នកគួរចងចាំនោះ សូរ្យគ្រាសកងភ្លើង (Annular Solar Eclipse) កើតឡើងពេលព្រះចន្ទស្ថិតនៅឆ្ងាយពីផែនដី ខណៈសូរ្យគ្រាសពេញលេញ (Total Solar Eclipse) កើតឡើងនៅពេលព្រះចន្ទស្ថិតនៅកៀកផែនដី។ ព្រះចន្ទ និងភពផែនដីមានគម្លាតជាមធ្យម ៣៨៤,៤០០km ខណៈភពផែនដី និងព្រះអាទិត្យមានចម្ងាយជាមធ្យម ១៥០លានkm ពីគ្នា។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញ គឺស្ថិតនៅផ្នែកម្ខាងទៀតនៃផែនដី ដែលចំពេលយប់ ដូច្នេះប្រសិនបើបងប្អូនចង់ទស្សនាបាតុភូតខាងលើនេះ គឺនឹងអាចធ្វើបានតែតាមរយៈការ Live ប៉ុណ្ណោះ។
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Time and Date/SPACE/NASA (ថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០២៤)
