រកឃើញភព១គោចរជុំវិញផ្កាយ១ដួង ដែលស្ថិតនៅកៀកព្រះអាទិត្យបំផុតលំដាប់លេខ២, តើអាចជាភពមានជីវិត? (លម្អិត) (វីដេអូ)
(បរទេស)៖ អាចនិយាយបានថា ការរកឃើញភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) ថ្មីៗ លែងសូវជារឿងដែលធ្វើឲ្យគ្រប់គ្នារំភើបខ្លាំងទៀតហើយ ព្រោះចាប់តាំងពីប្រតិបត្តិការរុករក ភពនៅប្រព័ន្ធផ្កាយដទៃបានកើតឡើង ៣០ឆ្នាំមកនេះ មនុស្សលោកបានរកឃើញ ភពផ្លូវការចំនួនជាង ៥,៦៣០ភពហើយ គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤នេះ។
ប៉ុន្តែ, អ្វីដែលទំនងជាអាចធ្វើឲ្យលោករំភើបខ្លាំងនោះ គឺការរកឃើញភពស្ថិតនៅប្រព័ន្ធផ្កាយ ដែលស្ថិតនៅកៀកៗនឹងព្រះអាទិត្យយើងខ្លាំង… កាន់តែកៀកខ្លាំងគឺកាន់តែគួរឲ្យរំភើប ហើយវាក៏មិនសូវខុសពីការរកឃើញភព Proxima B ជុំវិញផ្កាយ Promixa Centauri ដែលស្ថិតនៅកៀកព្រះអាទិត្យយើងជាងគេបំផុតគឺ ៤.២ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) នោះឡើយ ដែល Proxima Centauri នោះជាដៃគូនៃផ្កាយភ្លោះមួយគូទៀតនោះគឺ Alpha Centauri A និង B ដែលមានចម្ងាយជាមធ្យម ៤.៣៤ឆ្នាំពន្លឺពីយើង (ផ្កាយភ្លោះ ៣ នេះយើងហៅរួមគ្នាថា Centaurus)។
នៅដើមខែតុលា ឆ្នាំ២០២៤នេះ ក្រុមតារាវិទូអន្តរជាតិតាមរយៈតេឡេស្កូបលើដីដ៏ធំមួយឈ្មោះ The Very Large Telescope ឬអាចហៅយ៉ាងខ្លីថា VLT នៃមន្ទីរសង្កេតតារា Paranal Observatory របស់អង្គការសង្កេតផ្ទៃមេឃអឺរ៉ុប (ESO) ដែលមានមូលដ្ឋាននៅប្រទេសឈីលី បានប្រកាសពីការរកឃើញភពដំបូង គោចរជុំវិញផ្កាយ បាណាដ (Barnard’s Star ឬហៅយ៉ាងខ្លីថា Barnard) ដែលស្ថិតនៅចម្ងាយត្រឹមតែ ៦ឆ្នាំពន្លឺពីភពផែនដីរបស់យើងប៉ុណ្ណោះ។
បើគិតពីកម្រិតជិតវិញ ផ្កាយ Barnard នេះស្ថិតក្នុងលំដាប់លេខរៀងទី ២ បន្ទាប់ពីក្រុមផ្កាយភ្លោះទាំង ៣ ខាងលើ។ រឿងរ៉ាវនៅមិនទាន់ចប់នោះឡើយ ដោយក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា មានបេក្ខភាពភពចំនួន ៣ទៀតឯណោះ កំពុងស្ថិតនៅក្នុងការសង្កេតរកនៅជុំវិញផ្កាយ Barnard។ ដូច្នេះប្រសិនបើទាំងអស់នោះត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ នោះផ្កាយកៀកប្រព័ន្ធព្រះអាទិត្យយើងបំផុតលំដាប់លេខ២នេះ នឹងមានភពរហូតដល់ទៅ ៤ គោចរជុំវិញ តែក៏មិនប្រាកដថា មានតែចំនួនប៉ុណ្ណឹងនោះដែរ…។
ប្រសិនបើប្រិយមិត្តធ្លាប់ទស្សនាវីដេអូមួយរបស់ Cambo Space កាលពីអំលុងឆ្នាំ២០១៨ នោះនឹងបានស្គាល់ផ្កាយ Barnard ជាក់ជាមិនខាន ព្រោះវាជាផ្កាយមួយដួងក្នុងចំណោមផ្កាយទាំង ៧ ដែលស្ថិតនៅកៀកនឹងប្រព័ន្ធព្រះអាទិត្យយើងជាងគេបំផុត ហើយវីដេអូកាលណោះបានបង្ហាញថា ក្រុមតារាវិទូមិនបានរកឃើញភពណាមួយ គោចរជុំវិញផ្កាយនេះនៅឡើយទេ ប៉ុន្តែពួកគេនៅពេលនោះក៏កំពុងសង្ស័យ និងបានសន្យាថានឹងស្វែងរកឲ្យឃើញផងដែរ។
នៅទីបំផុតការព្យាយាមពិតជាបានសម្រេចមែន ដោយភពថ្មីដំបូងនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យថា «Barnard b» ហើយវាគោចរជុំវិញផ្កាយ Barnard ដែលប្រភេទផ្កាយក្រហមទំហំតូចជាងព្រះអាទិត្យ (ស្ថិតក្នុងជំពូក Red Dwarf) ដែលមានកម្រិតពន្លឺ M4 ដ៏ស្រទន់ និងមានទំហំស្មើតែ ២០% ប៉ុណ្ណោះនៃទំហំរបស់ព្រះអាទិត្យយើង (ព្រះអាទិត្យមានអង្កត់ផ្ចិត ១.៣លានkm)។ ដូច្នេះយើងមិនអាចមើលឃើញផ្កាយនេះ ដោយភ្នែកទទេនោះឡើយ នៅលើផ្ទៃមេឃផែនដី លុះត្រាណាតែប្រើប្រាស់តេឡេស្កូបទើបរកវាឃើញ។
ជាបឋមក្រុមអ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីផ្កាយ Barnard មកពីវិទ្យាស្ថាន Astrofísica de Canarias នៅប្រទេសអេស្ប៉ាញបានឲ្យដឹងថា ភព Barnard b នោះគោចរជុំវិញផ្កាយ Barnard ក្នុងគម្លាតកៀកជាងគម្លាតរវាងភពពុធ (Mercury) និងព្រះអាទិត្យរបស់យើងទៅទៀតនោះគឺ ២.៨៩លានគីឡូម៉ែត្រ ខណៈភពពុធមានគម្លាតជាមធ្យម ៥៨លានគីឡូម៉ែត្រ ពីព្រះអាទិត្យ។ តែយ៉ាងណា ផ្កាយប្រភេទ Red Dwarf នោះតែងតែតូចជាង និងមានកម្តៅខ្សោយជាងព្រះអាទិត្យយើងឆ្ងាយ។
បន្ថែមពីនេះ ភព Barnard b ត្រូវបានគេដឹងថា គោចរយ៉ាងលឿនជុំវិញផ្កាយមេរបស់វា ដោយមួយជុំ ឬមួយឆ្នាំរបស់វាស្មើតែ ៣.១៥ថ្ងៃ នៃពេលវេលាលើភពផែនដីប៉ុណ្ណោះ ខណៈម៉ាសរបស់វាវិញ គឺស្រាលស្ទើរមិនគួរឲ្យជឿ ដោយស្មើតែពាក់កណ្តាលនៃម៉ាសភពសុក្រ (Venus) នៃប្រព័ន្ធផ្កាយយើងទេ។ យោងតាមការគណនាអំពីគម្លាត និងកម្រិតកម្តៅរបស់ផ្កាយ Barnard នោះ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា ភព Barnard b មានកម្តៅជាមធ្យម ១២៥អង្សាសេ នៅលើផ្ទៃរបស់វាតែម្តង។
គួរបញ្ជាក់ថា ភពមួយអាចចាត់ទុកថាមានឱកាសឲ្យជីវិតកកើតនោះ គឺត្រូវតែជាភពដែលកំពុងគោចរក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ហើយសម្រាប់ភព Barnard b នោះគឺកំពុងគោចរនៅកៀកផ្កាយមេរបស់វា ជាងតំបន់ Habitable Zone ជុំវិញផ្កាយវាទៅទៀត, ដូច្នេះផ្ទៃរបស់វាមានកម្តៅក្តៅបន្តិចដល់ទៅលើស ១០០អង្សាសេ ដែលកម្រិតបែបនេះគឺមិនអាចឲ្យវារក្សាវត្តមានទឹករាវលើផ្ទៃស្រទាប់លើបានឡើយ ហើយក៏ទំនងជាគ្មានជីវិតណាអាចកកើតក្នុងបរិស្ថានបែបនោះទៅរួចដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ PHYS ORG (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០២៤)