ពេលវេលាល្អបំផុតដើម្បីទស្សនា ផ្កាយដុះកន្ទុយ Tsuchinshan-ATLAS និងភពខ្លះបង្ហាញខ្លួន (វីដេអូ)

1,020

(បរទេស)៖ មនុស្សភាគច្រើនប្រហែលជាកំពុងចាប់អារម្មណ៍តែចំពោះផ្កាយដុះកន្ទុយ Tsuchinsan-ATLAS ដែលកំពុងបង្ហាញវត្តមានឲ្យតេឡេស្កូប និងកាមេរ៉ាចាប់បានបណ្តើរៗនៅរៀងរាល់ព្រឹកព្រហាមដើមខែតុលា ឆ្នាំ២០២៤នេះប៉ុណ្ណោះ។ ប៉ុន្តែព្រឹត្តិការណ៍លើផ្ទៃមេឃផែនដីក៏មិនមែនមានតែមួយនេះដែរ ហើយសម្រាប់ការទស្សនាផ្កាយដុះកន្ទុយនេះដោយភ្នែកទទេនោះ គួរតែរង់ចាំពេលដែលល្អជាងនេះបន្តិចទៀត…។

(Video From YouTube: Cambo Space Edu)

១៖ ភពសុក្រ, សៅរ៍, អង្គារ និងព្រហស្បតិ៍ នឹងបង្ហាញខ្លួនពេញមួយខែតុលាតែម្តង

ភពសុក្រ (Venus) នឹងបង្ហាញវត្តមាននៅលើផ្ទៃមេឃទិសខាងលិច នៅក្រោយព្រះអាទិត្យលិចបន្តិច និងមេឃមិនទាន់ងងឹតខ្លាំង ខណៈពន្លឺរបស់ភពសុក្រនឹងបញ្ចេញខ្លាំង ដែលពេលខ្លះអាចធ្វើឲ្យយើងឆ្ងល់ថា តើផ្កាយអ្វីហ្នឹងកំពុងបញ្ចេញពន្លឺខ្លាំងម្ល៉េះ? តាមពិតនោះគឺប្អូនស្រីបង្កើតរបស់ភពផែនដីយើងទេតើ។

ដោយឡែកភពសៅរ៍ (Saturn) វិញ នឹងបង្ហាញខ្លួននៅក្រោយព្រះអាទិត្យលិច និងមេឃរាងងងឹតខ្លាំងបន្តិចនៅផ្ទៃមេឃភាគលិច។ ងាកទៅកាន់ភពអង្គារ (Mars) វិញនឹងចាប់ផ្តើមបង្ហាញខ្លួន (រះ) ពីទិសខាងកើតចំពេលកណ្តាលអធ្រាត្ររៀងរាល់ថ្ងៃក្នុងខែតុលានេះ ខណៈបន្ទាប់មកទៀតគឺ ភពព្រហស្បតិ៍ (Jupiter) ដែលនឹងរះនៅទិសខាងកើតនៅក្រោយរំលងអធ្រាត្របន្តិច។

(រូបភាពពី SPACE)

គួរបញ្ជាក់ថា ក្នុងចំណោមភពទាំង ខាងលើនេះមានតែភពសុក្រប៉ុណ្ណោះដែលងាយឲ្យយើងទស្សនា និងកត់ចំណាំជាងគេ ព្រោះតែការបង្ហាញវត្តមាននៅក្រោយថ្ងៃលិចបន្តិច និងការបង្ហាញចេញនូវពន្លឺខ្លាំងជាងផ្កាយនានា ខណៈភពក្រៅពីនោះមានតែលោកអ្នកស្វែងរក app ទស្សនាផ្ទៃមេឃដូចជា Star Walk ជាដើមទើបងាយស្វែងរក (ភពព្រហស្បតិ៍ក៏ងាយឲ្យស្វែងរកដែរ គ្រាន់តែការបង្ហាញខ្លួនច្បាស់ គឺនៅក្រោយរំលងអធ្រាត្រឯណោះ)។

២៖ ទស្សនាផ្កាយដុះកន្ទុយ Tsuchinsan-ATLAS រៀងរាល់ថ្ងៃ១៤-៣១ ខែតុលា

ការងើបទស្សនា Tsuchinsan-ATLAS ពីព្រឹកព្រហាមសម្រាប់ចុងខែកញ្ញា ដល់ដើមខែតុលា ឆ្នាំ២០២៤នេះពិតជាការលំបាក ប៉ុន្តែក៏ពិសេសមិនអាចរំលងបានផងដែរ សម្រាប់អ្នកទស្សនា និងផ្តិតយកបាតុភូតអវកាសពិសេសៗបែបនេះ។ តែប្រសិនបើចង់ឲ្យងាយ និងចំពេលវេលាល្អតែម្តងនោះ គឺយើងអាចរង់ចាំដល់ពេលវេលាចាប់ពីថ្ងៃទី១៤-៣១ ខែតុលា ដើម្បីអាចទស្សនាដោយភ្នែកទទេនៅរៀងរាល់ល្ងាចនៅទិសខាងលិច សម្រាប់បណ្តាប្រទេសនៅអឌ្ឍគោលខាងជើងផែនដី ក្នុងនោះរួមមានទាំងកម្ពុជាយើងផងដែរ។

ដំណើរនៃផ្កាយដុះកន្ទុយ Tsuchinsan-ATLAS (រូបភាពពី Star Walk)

ប្រាកដណាស់ អ្វីដែលលោកអ្នកត្រូវការបំផុតនោះគឺមេឃស្រឡះល្អ ហើយត្រូវឆក់យកឱកាសនៃការទស្សនាឲ្យបានលឿន នោះគឺនៅក្រោយព្រះអាទិត្យលិចតែបន្តិចប៉ុណ្ណោះ។ Tsuchinsan-ALTAS អាចមានកន្ទុយទៅបាន នោះគឺដោយសារតែឧស្ម័ន ដែលរំសាយពីក្រោយខ្លួនវាត្រូវពន្លឺព្រះអាទិត្យចាំងចំ ហើយនៅពេលយើងមើលពីផែនដីទៅ គឺមានប្រៀបបីដូចជាផ្កាយដែលមានកន្ទុយយ៉ាងដូច្នោះឯង។ យើងក៏នឹងត្រូវការតេឡេស្កូបចាប់ពីកម្រិតតូចល្មមឡើងទៅដែរ ដើម្បីបង្ការក្រែងលោមិនអាចឃើញវាច្បាស់។

ផ្កាយដុះកន្ទុយ Tsuchinsan-ATLAS (រូបភាពពីបរទេស)

៣៖ រង់ចាំទស្សនាភពសៅរ៍ជួបព្រះចន្ទជិតពេញវង់នៅយប់ថ្ងៃទី១៣-១៤ ខែតុលា

ងាយៗប៉ុណ្ណោះ ដោយនៅក្រោយព្រះអាទិត្យលិច និងមេឃងងឹត លោកអ្នកអាចចោលក្រសែភ្នែកទៅកាន់ទិសអាគ្នេយ៍ ឬខាងកើត នោះនឹងឃើញព្រះចន្ទជិតពេញវង់ រះអមនឹងភពសៅរ៍ដែលមានពន្លឺដូចផ្កាយ។ កុំភ្លេចព្យាយាមថតទិដ្ឋភាពនោះផងណា និងបង្ហោះចូល Group ក្រុមអ្នកអវកាស និងវិទ្យាសាស្ត្រលើ Facebook

ពេលវេលាល្អបំផុតដើម្បីទស្សនា ផ្កាយដុះកន្ទុយ Tsuchinshan-ATLAS និងភពខ្លះបង្ហាញខ្លួន (វីដេអូ)
(រូបភាពពី Star Walk)

៥៖ ព្រះចន្ទពេញបូណ៍មីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

សម្រាប់ចន្ទពេញបូណ៍មីនៅយប់ថ្ងៃទី១៧ ខែតុលានោះ នៅប្រទេសលោកខាងលិចមិនមានឈ្មោះអ្វីឡើយ (ចន្ទពេញបូណ៍មីធម្មតា) តែសម្រាប់នៅកម្ពុជាយើងដែលគោរពប្រតិបត្តិពុទ្ធសាសនាវិញ នោះគឺជាថ្ងៃបុណ្យចេញព្រះវស្សា និងឆ្លងចូលរដូវបុណ្យកឋិនទាន

(រូបភាពពីបរទេស)

៦៖ ព្រះចន្ទរះក្បែរភពព្រហស្បតិ៍នៅយប់ថ្ងៃទី២០ ខែតុលា

នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ (កំលុងម៉ោង១០យប់) ព្រះចន្ទនឹងត្រូវរះអមដោយភពព្រហស្បតិ៍ ហើយភពព្រហស្បតិ៍នៅយប់នោះ ក៏នឹងបង្ហាញចេញនូវពន្លឺខ្លាំងផងដែរ។ ប៉ុន្តែវាអាចនឹងពិបាកឲ្យស្វែងរកបន្តិច ព្រោះទាំងព្រះចន្ទ និងភពព្រហស្បតិ៍នោះ នឹងចាប់ផ្តើមរះពីជើងមេឃទិសខាងកើត ហើយឱកាសរះទន្ទឹមគ្នាគឺក្នុងពេលនោះឯង។

៧៖ ព្រះចន្ទមួយចំណិតជួបភពអង្គារជាថ្មីនៅព្រឹកព្រហាម ថ្ងៃទី២៣-២៤ ខែតុលា

អាចថាពិបាកទស្សនាបន្តិច ព្រោះវានឹងកើតឡើងនៅពេលព្រឹកព្រហាម ដែលព្រះអាទិត្យមិនទាន់រះ (មេឃនៅរាងងងឹតម៉ោង ៤៖៣០នាទី – ៥៖០០នាទី)។ លោកអ្នកអាចងើបពីគេង ហើយងើលមើលទៅកាន់ផ្ទៃមេឃចំពីលើក្បាលតែម្តង នោះនឹងឃើញព្រះចន្ទមួយចំហៀងរះទន្ទឹមគ្នានឹងភពអង្គារ ដែលមានលក្ខណៈដូចផ្កាយពណ៌ទឹកក្រូច៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤)

480×240 Banner