ប្រព័ន្ធបាញ់ឡាស៊ែររបស់ NASA កាត់ទីអវកាស ទើបបំបែកកំណត់ត្រាថ្មី! (យល់ដឹងបន្ថែម)
(បរទេស)៖ មនុស្សលោកលើផែនដីពិតជាធ្លាប់បានដឹងឮព័ត៌មានរួចមកហើយ អំពីការប្រើប្រាស់ប្រព័ន្ធបញ្ជូនទិន្នន័យថ្មីរបស់អង្គការ NASA នោះគឺ ឡាស៊ែរ (laser beam) ដែលវិធីសាស្ត្រនេះនឹងជួយឲ្យការទាក់ទង និងផ្ញើឯកសារនានានៅក្នុងទីអវកាស កាន់តែមានល្បឿនលឿនបំផុតមិនធ្លាប់មាន។ តើប្រសិទ្ធភាពនោះមានដល់កម្រិតណាហើយ? ថ្មីៗនេះ NASA ទើបតែបង្ហើបឲ្យដឹង ហើយសម្រាប់ប្រិយមិត្តដែលមិនទាន់យល់ អំពីការបាញ់ឡាស៊ែរពីទីអវកាសឆ្ងាយមកផែនដីនេះ សូមតាមដានរឿងនេះឲ្យដល់ចប់…។
នៅអំលុងដើមខែតុលា ឆ្នាំ២០២៤នេះ អង្គការ NASA បានប្រកាសអំពីសមិទ្ធផលថ្មីនៃ ប្រព័ន្ធធ្វើទំនាក់ទំនងអុបទិកឆ្លងកាត់ទីអវកាសជ្រៅៗ (Deep Space Optical Communications ឬ DSOC) ដោយការបាញ់បញ្ជូនទិន្នន័យពីប្រព័ន្ធឡាស៊ែរលើភពផែនដីទៅកាន់យាន សាយគី (Psyche) ដែលមានចម្ងាយរហូតដល់ទៅ ៤៦០លានគីឡូម៉ែត្រពីយើង ខណៈចម្ងាយនេះ គឺស្មើនឹងចម្ងាយកម្រិតអតិបរមារវាងភពអង្គារ (Mars) និងភពផែនដីទៅហើយ។
តើលោកអ្នកចង់ដឹងថាចម្ងាយ ៤៦០លានគីឡូម៉ែត្រនោះ យើងអាចបាញ់បញ្ជូនទិន្នន័យទៅដល់យាន Psyche បានក្នុងកម្រិតល្បឿនលឿនប៉ុណ្ណាទេ? បន្តិចទៀតសឹមប្រាប់… ជាក់ស្តែង NASA បានធ្វើរឿងនេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីបិទបញ្ចប់នូវមន្ទិលសង្ស័យ អំពីសមត្ថភាពនៃប្រព័ន្ធ DSOC របស់ខ្លួន ដែលត្រូវបានភ្ជាប់ជាមួយយាន Psyche ហើយបាញ់បញ្ជូនចេញពីផែនដីកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។
អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Meera Srinivasan ដែលជាអ្នកដឹកនាំបេសកកម្មអំពីប្រព័ន្ធ DSOC នៅឯមន្ទីរពិសោធន៍យាន JPL (Jet Propulsion Laboratory) របស់អង្គការ NASA បានលើកឡើងថា «ភាពជោគជ័យមួយនេះ គឺពិតជាសំខាន់ណាស់។ ការទាក់ទងគ្នាដោយឡាស៊ែរតម្រូវឱ្យមានឧបករណ៍ខ្លាំង និងជាក់លាក់ ហើយមុនពេលយើងចាប់ផ្តើមជាមួយ Psyche យើងមិនមិនទាន់អាចសន្និដ្ឋានថា តើការធ្លាក់ចុះល្បឿននៃទំនាក់ទំនង នឹងកើតឡើងនៅចម្ងាយឆ្ងាយកម្រិតណានោះទេ។ ឥឡូវនេះ បច្ចេកទេសនានាដែលយើងប្រើដើម្បីតាមដាន និងចង្អុលឲ្យចំគោលដៅនោះ ត្រូវបានផ្ទៀងផ្ទាត់ដោយបញ្ជាក់ថា ទំនាក់ទំនងអុបទិកនេះអាចជាមធ្យោបាយដ៏រឹងមាំ និងប្រកបដោយភាពបត់បែន ដើម្បីស្រាវជ្រាវក្នុងប្រព័ន្ធព្រះអាទិត្យ»។
ចំពោះសមិទ្ធផលថ្មីដែល NASA សម្រេចជោគជ័យបានក្នុងការធ្វើទំនាក់ទំនង រវាងឧបករណ៍ឡាស៊ែរលើផែនដី ទៅកាន់យាន Psyche ដែលមានចម្ងាយ ៤៦០លានគីឡូម៉ែត្រពីគ្នានោះ គឺការបាញ់បញ្ជូនទិន្នន័យក្នុងល្បឿន ៦.២៥មេហ្គាបៃត៍ (megabits) ក្នុង១វិនាទី (ជាមធ្យម) និងលោតខ្ពស់បំផុត ៨.៣មេហ្គាបៃត៍ក្នុង១វិនាទី។ ទោះបីជាកម្រិតល្បឿននេះ ទាបជាងល្បឿនកម្រិតអតិបរមា ដែលត្រូវបានសម្រេចកាលពីមុនមែន តែក៏នៅតែលឿនជាងរហូតដល់ទៅ ១០០ដង បើធៀបនឹងកម្រិតល្បឿននៃការផ្ញើទិន្នន័យតាមរលកវិទ្យុ ដែលជាបច្ចេកវិទ្យាចាស់ផងដែរ ហើយនេះគឺជាការបំបែកកំណត់ត្រាថ្មីរបស់ NASA។
សម្រាប់ការធ្វើតេស្តសមត្ថភាពប្រព័ន្ធ DSOC ជាក់ស្តែងដំបូងរបស់ NASA ឲ្យពិភពលោកបានឃើញសមត្ថភាពពិតនោះ គឺបានកើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយវីដេអូសត្វឆ្មាដ៏ cute មួយក្បាលឈ្មោះ Taters ប្រឡែងលេងជាមួយភ្លើងឡាស៊ែរមានកម្រិតរហូតដល់ទៅ UHD (4k) មួយឃ្លីប (រយៈពេល ១៥វិនាទី) ដែលត្រូវបានដាក់បញ្ចូលយាន Psyche ចេញពីផែនដីនោះ ត្រូវបានបាញ់បញ្ជូនពីអវកាសចម្ងាយ ៣០លានគីឡូម៉ែត្រ មកកាន់ចានផ្កាយរណបទទួលយកទិន្នន័យនៅលើផ្ទៃផែនដីវិញ ក្នុងល្បឿនរហូតដល់ទៅ ២៦៧មេហ្គាបៃត៍ក្នុង១វិនាទីឯណោះ (សម្រាប់កម្រិតអតិបរមា)។
គួរបញ្ជាក់ថា ប្រព័ន្ធ DSOC គ្រប់គ្រងដោយ JPL របស់ NASA គឺដំណើរការដោយប្រព័ន្ធបាញ់បញ្ជូន និងទទួលយកទិន្នន័យតាមរយៈឡាស៊ែរ (laser transceiver) ចំនួន ១គ្រឿងនៅជាប់ខ្លួនយាន Psyche និងស្ថានីយទទួលយក និងបាញ់បញ្ជូនទៅវិញសរុប ២គ្រឿងនៅលើដី ដោយក្នុងនោះតេឡេស្កូប១គ្រឿងឈ្មោះ Hale មានមុខកាត់ ៥ម៉ែត្រ ស្ថិតនៅមន្ទីរសង្កេតតារា Palomar Observatory ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា ដើរតួជាស្ថានីយទទួលយកទិន្នន័យពីទីអវកាស។ ដោយឡែកមួយគ្រឿងទៀត ស្ថិតនៅលើភ្នំ Table នៃតំបន់ Wrightwood រដ្ឋកាលីហ្វរញ៉ាដូចគ្នា មានតួនាទីបាញ់បញ្ជូនទិន្នន័យតាមរយៈឡាស៊ែរ រហូតដល់ទៅកម្រិត ៧គីឡូវ៉ាត់ ទៅកាន់ឧបករណ៍ transceiver បំពាក់ជាប់យានអវកាសនោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/JPL-Caltech (ថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤)