ព្រោះសង្ស័យ, មនុស្សបានបញ្ជូនសារ «៥០១» ទៅកាន់ភព «Gliese 581 c (ឆ្នាំ២០២៩នឹងទៅដល់) (វីដេអូ)

9,001

(បរទេស)៖ ឆ្លៀតឱកាសនៃការផ្តល់ជូនប្រធានបទពិសេសមួយនេះ ចូរបងប្អូនងាកមកស្គាល់ភព គ្លីសេ ៥៨១ ស៊ី (Gliese 581 c) ជាមុនសិនថា តើវាមានអ្វីពិសេសខ្លះ។ កាលពីឆ្នាំ២០០៨ មនុស្សលោកបានបញ្ជូនសារពិសេស ចំនួនរាប់រយសារទៅកាន់ភពនោះ, តើពួកគេបញ្ជូនទៅដើម្បីអ្វី ហើយសារទាំងនោះជាអ្វី? ចូរតាមដានចំណុចសំខាន់ៗជាបន្តបន្ទាប់ដូចតទៅ៖

(Video From YouTube: Cambo Space Edu)

១៖ លក្ខណៈសម្បត្តិនៃភព Gliese 581 c

Gliese 581 c ជាភព (Exoplanet) ស្ថិតនៅក្នុងប្រព័ន្ធផ្កាយ Gliese 581 ដែលជាតារាជាប្រភេទ Red Dwarf (តារាក្រហមទំហំតូច) និងមានចម្ងាយ ២០.៣ឆ្នាំពន្លឺពីភពផែនដី។ ប្រសិនបើគិតក្នុងន័យតារាសាស្ត្រ សម្រាប់ចម្ងាយកម្រិតនេះ វាគឺជាប្រព័ន្ធផ្កាយកៀកផែនដីយើងខ្លាំងហើយ ព្រោះផ្កាយកៀកព្រះអាទិត្យយើងបំផុតនោះគឺ ប្រុកស៊ីម៉ា សិនថរី (Proxima Centauri) ដែលមានគម្លាតពីព្រះអាទិត្យត្រឹម ៤.២ឆ្នាំពន្លឺប៉ុណ្ណោះ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

Gliese 581 c គោចរជុំវិញផ្កាយមេរបស់វាមួយជុំដោយប្រើពេលតែ ១៣ថ្ងៃនៃភពផែនដី ប៉ុណ្ណោះ (ឬយើងអាចហៅថា១ឆ្នាំលើភពនោះ ស្មើនឹង១៣ថ្ងៃលើផែនដី)។ លទ្ធផលសិក្សាថ្មីក្នុងឆ្នាំ២០២៤ នេះបង្ហាញថា ភពដែលត្រូវបានរកឃើញកាលពីឆ្នាំ២០០៧ មួយនេះមានទំហំធំជាងផែនដី ១.៥ដង និងម៉ាស់ធ្ងន់ជាងផែនដី ៦.៨ដង ខណៈម៉ាស់តាមលទ្ធផលសិក្សាចាស់គឺរហូតដល់ ១០.៤ដងឯណោះ។ គិតត្រឹមពេលនេះ ភព Exoplanet សរុបចំនួន៤ហើយ ត្រូវបានរកឃើញគោចរជុំវិញផ្កាយ Gliese 581 នោះ ដែលមានដូចជា Gliese 581 b, c, d និង e

២៖ ភព Gliese 581 c ស្ថិតនៅក្នុង Habitable Zone

កាលពីដំបូង ក្រោយការរកឃើញភពទី១ក្នុងឆ្នាំ២០០៥ គឺ Gliese 581 b ក្រុមតារាវិទូបានសង្ស័យថា ភព Gliese 581 b នោះហើយស្ថិតនៅក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) របស់ផ្កាយ Gliese 581។ ប៉ុន្តែក្រោយការរកឃើញភពបន្តបន្ទាប់ទៀតគឺ Gliese 581 c, d និង e ទើបពួកគេសិក្សាឡើងវិញថា ភព២ក្នុងចំណោម៤នោះគឺ Gliese 581 c និង d ទើបជាភពស្ថិតក្នុងតំបន់ Habitable Zone ហើយក្នុងចំណោម២នោះ Gliese 581 c មានគម្លាតពីផ្កាយមេវាល្អប្រសើរជាងគេ។

ការស្ថិតនៅក្នុង Habitable Zone មានន័យថា ភពនោះស្ថិតនៅមិនកៀក និងមិនឆ្ងាយពីផ្កាយមេវាពេក ដែលធ្វើឲ្យកម្តៅលើផ្ទៃ ព្រមទាំងបរិយាកាសរបស់វាសមរម្យ អាចរក្សាវត្តមានទឹករាវ និងបរិយាកាសក្រាស់ល្មមស្រោបជុំវិញ។ គ្រាន់តែបានគណនាឃើញ ចំណុចពិសេសៗទាំងអស់នេះ ក៏បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានជាបឋមថា ភព Gliese 581 c នោះអាចកំពុងមានជីវិតរស់នៅមិនខាន។ ហេតុដូច្នេះទើបពួកគេបាញ់បញ្ជូនសាររាប់រយ ទៅកាន់ភព Gliese 581 c នោះ។

៣៖ សារចំនួន ៥០១​ ទៅកាន់ភព Gliese 581 c

កម្មវិធីផ្ញើសារពីផែនដី A Message from Earth (AMFE) ត្រូវបានបង្កើតឡើងដោយមាន មនុស្សម្នាចូលរួមប្រមាណជាងកន្លះលាននាក់ នៅសហរដ្ឋអាមេរិក (ក្នុងនោះរួមមានទាំង តារាល្បីៗ និងអ្នកនយោបាយផងដែរ) ហើយវាត្រូវបានបាញ់បញ្ជូនទៅកាន់ភព Gliese 581 c តាមរយៈប្រព័ន្ធរ៉ាដា (តេឡេស្កូប) ឈ្មោះ RT-70 នៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៨ ដោយនឹងទៅដល់ភពស្ថិតនៅចម្ងាយ ២០.៥ឆ្នាំពន្លឺពីយើងនោះ នៅអំលុងដើមឆ្នាំ២០២៩។

យោងតាមទិន្នន័យពីក្រុមការងារ AMFE កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ គេបានគណនាថា សារទាំងនោះបានទៅដល់ចម្ងាយ ១៩២ទ្រីលានគីឡូម៉ែត្រ ឬស្មើនឹង ៣៣.៥% នៃចម្ងាយសរុប ២០.៥ឆ្នាំពន្លឺរវាងព្រះអាទិត្យ និងផ្កាយ Gliese 581 នោះ។ ហេតុដូច្នេះហើយទើបក្រុមអ្នកវិទ្យាសាស្ត្រសន្មត់ថា វានឹងទៅដល់ទីនោះយ៉ាងហោចណាស់នៅដើមឆ្នាំ២០២៩។

តើ ៥០១ សារនោះមានអ្វីខ្លះ? បើតាមក្រុមការងារ AMFE សារទាំងអស់នោះ ត្រូវបានប្រមូលយកតាមរយៈបណ្តាញសង្គម Bebo ដែលរួមមានដូចជារូបថតពិសេសៗអំពី មនុស្ស សត្វ ធម្មជាតិ បច្ចេកវិទ្យា និងទីតាំងល្បីៗលើភពផែនដី ឧទាហរណ៍រូបថតបុគ្គលល្បីៗនៅអាមេរិក នៅអំលុងពេលនោះដូចជា លោកស្រី Hillary Clinton និងបុគ្គលមួយចំនួនទៀតដូចជា Cheryl Cole និង Richard and Judy ជាដើម។

សម្រាប់តំបន់ល្បីៗជាប្រវត្តិសាស្ត្ររបស់ផែនដី ដែលត្រូវបានដាក់បញ្ចូលទៅក្នុង សារជារលកសញ្ញាវិទ្យុខាងលើនេះដែរនោះមានដូចជា កន្ត្រកវិលទីក្រុងឡុងដ៍ (London Eye) និងប្រាសាទ អេឌីនប៊ឺក (Edinburgh Castle) ព្រមទាំងតំបន់ពិសេសជាច្រើនទៀត។ សារមួយចំនួនទៀត ត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថា មិនសូវជាសំខាន់ឡើយ តែក៏អាចជាការគួបផ្សំផងដែរ ដើម្បីបង្ហាញអំពីភាពឆ្លាតវៃ និងសម្បូរបែបនៃអរិយធម៌មនុស្សលើផែនដី។

៤៖ តើផ្ញើទៅភព Gliese 581 c នោះដើម្បីអ្វី?

គោលដៅនៃការផ្ញើសារទាំង ៥០១សារទៅកាន់ភព Gliese 581 c គឺដើម្បីឲ្យជីវិតឆ្លាតវៃ (Intelligent alien) នៅលើភពនោះចាប់បាន (ប្រសិនបើមាន)។ ពួកគេអាចចាប់បានប្រសិនបើពួកគេមានបច្ចេកវិទ្យា ពូកែលើសមនុស្សលើផែនដីបច្ចុប្បន្ន, ស្មើ ឬក៏អាចទាបជាងបន្តិចបន្តួច។

អ្វីដែលខុសពីបេសកកម្មយាន Voyager-1 និង Voyager-2 គឺសាររបស់ AMFE ជារលកសញ្ញាបាញ់ចេញដោយផ្ទាល់ពីតេឡេស្កូបលើផែនដីសម្តៅទៅកាន់ភព Gliese 581 c នោះតែម្តង ខណៈយាន Voyager ទាំង២មានបំពាក់នូវបន្ទះឌីស Golden Records ដែលទើបឆ្លងចូលតំបន់អន្តរលំហអវកាស (Interstellar Space) នៅក្នុងឆ្នាំ២០១២ និង ២០១៨ ថ្មីៗនេះប៉ុណ្ណោះ ក្រោយពីបានចាកចេញពីផែនដីតាំងតែពីទសវត្សរ៍ ១៩៧០។

រឿងនេះគឺងាយយល់ប៉ុណ្ណោះ ព្រោះប្រសិនបើលើភពនោះមានជីវិត ដែលមានអរិយធម៌ប្រហាក់ប្រហែលមនុស្ស ឬក៏លើសមនុស្ស ពួកគេប្រាកដជាមានឧបករណ៍ (តេឡេស្កូប) សម្រាប់ចាប់រលកសញ្ញានានា ដែលមកពីតំបន់នានាក្នុងកាឡាក់ស៊ី និងចក្រវាលជុំវិញភពពួកគេ ហើយបកស្រាយសារទាំងនោះទៅតាមភាពជាក់ស្តែងមិនខាន…។

ការសន្និដ្ឋានអំពីភព Gliese 581 c (រូបភាពពី NASA)

ចំពោះប្រិយមិត្តឈរលើទស្សនៈមួយដែលជឿថា «ជីវិតក្រៅពីភពផែនដីពិតជាមាន» នោះពួកគេប្រាកដជាយល់ស្របចំពោះរឿងនេះ។ វាក៏អាចផងដែរថា ជីវិតនៅលើភព Gliese 581 c នោះបានសង្កេតឃើញផែនដីរួចទៅហើយ និងសង្ស័យថា អាចមានជីវិតលើភពយើងដូចគ្នា គ្រាន់តែពួកគេមិនទាន់មានវិធីសាស្ត្រក៏ការប្រាប់អ្វីមកកាន់យើង ឬក៏អាចថា ពួកគេមិនចង់ប្រាប់ ឬក៏អាចថាបានផ្ញើមកហើយតែយើងមិនទាន់ចាប់បាន។ លទ្ធភាពដែលអាចទៅរួចផ្សេងទៀតនោះ ពួកគេក៏អាចកំពុងស្ថិតក្នុងយុគសម័យគ្មានបច្ចេកវិទ្យាទំនើបសោះផងដែរ។

យ៉ាងណាក៏ដោយអ្វីៗដូចដែលត្រូវបានរកឃើញ និងធ្វើខាងលើនេះ គឺយោងលើលទ្ធផលសិក្សាចាស់ប៉ុណ្ណោះ។ សម្រាប់លទ្ធផលវិភាគល្បីចុងក្រោយបានបង្ហាញថា ភព Gliese 581 c នោះទំនងជាដូចភពសុក្រ (Venus) ទៅវិញទេ ព្រោះស្ថិតខាងដើមនៅតំបន់ Habitable Zone ពេក ដែលនាំឲ្យវារងកម្តៅពីផ្កាយវាខ្លាំង និងមិនអាចរក្សាវត្តមានទឹកលើផ្ទៃឡើយ ខណៈបរិយាកាសវិញអាចមានក្រាស់ គ្រាន់តែអាចមានសុទ្ធសឹងជាឧស្ម័នពុលប៉ុណ្ណោះ។ ដោយឡែកបេក្ខភាពថ្មីដែលល្អបំផុតពេលនេះ គឺភព Gliese 581 d ដែលស្ថិតនៅចុងគេនៃប្រព័ន្ធនោះទៅវិញ…។ តើសារនោះបានផ្ញើទៅខុសភពហើយឬ?

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NASA/E Scholarly Community (ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤)

480×240 Banner