នេះជាភពដែលក្រុមអ្នកវិទ្យាសាស្ត្រ មិនដែលជួបប្រទះឡើយ (James Webb ទើបឆ្លុះមើល) (វីដេអូ)
(បរទេស)៖ ស្ថិតនៅកៀកផែនដីគួរសមដែរនោះគឺជិត ១០០ឆ្នាំពន្លឺ ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) មួយមានឈ្មោះថា GJ 9827 d បានធ្វើឲ្យយើងភ្ញាក់ផ្អើល ព្រោះតែបុគ្គលិកលក្ខណៈរបស់វា មិនដូចជា Exoplanet ផ្សេងៗដែលត្រូវបានសង្កេតកន្លងមក ក៏ដូចជាភពទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងឡើយ។ តើភាពចម្លែកប្លែកពីគេឯងរបស់ភពនោះជាអ្វី? អត្ថបទថ្មីនេះនឹងពន្យល់គ្រប់គ្នាឲ្យបានយល់ដឹង។
ការរកឃើញភព GJ 9827 d ត្រូវបានប្រកាសចេញតាំងតែពីឆ្នាំ២០១៧ មកម្ល៉េះ ហើយជាបន្តបន្ទាប់មកទៀត ការសិក្សាអំពីវាក៏ត្រូវបានបញ្ចេញបន្ថែមផង។ ភពនេះមានទំហំធំជាងផែនដី ២ដង និងម៉ាសធ្ងន់ជាងផែនដី ៣.៥ដង ដោយវាគោចរជុំវិញផ្កាយមួយដួងឈ្មោះ GJ 9827 ដែលជាប្រភេទតារា K-type (តារាតូចពណ៌ទឹកក្រូច ឬ Orange Dwarf) និងពោពេញដោយអ៊ីដ្រូសែន សម្រាប់ទ្រទ្រង់ចំហេះរបស់វា។
តារាប្រភេទ K-type នេះក៏មានចំណុចខុសប្លែកពីព្រះអាទិត្យយើង ដែលជាតារាប្រភេទ G-type នោះមួយចំនួនដែរដូចជា ពួកវាភាគច្រើនមានម៉ាសចន្លោះពី ០.៦ – ០.៩ដងនៃព្រះអាទិត្យ និងមានកម្តៅលើផ្ទៃវាទាបជាងព្រះអាទិត្យបន្តិចបន្តួចប៉ុណ្ណោះ (ផ្ទៃព្រះអាទិត្យមានកម្តៅជាង ៥,៥០០អង្សាសេ)។ ក្រុមអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍តាមដានរក ភពអាចមានជីវិត នៅជុំវិញផ្កាយ K-type ព្រោះពួកវាជាប្រភេទតារានឹងនរ (មិនពុះកញ្ជ្រោលខ្លាំង) និងមានអាយុវែងជាងតារាទូទៅ។ ខណៈផ្កាយដូចព្រះអាទិត្យយើងមានអាយុជាមធ្យម ១០ពាន់លានឆ្នាំនោះ ផ្កាយ K-type វិញអាចមានអាយុជាមធ្យមចាប់ពី ៤០ – ៥០ពាន់លានឆ្នាំឯណោះ។
ងាកមកកាន់លទ្ធផលសង្កេតដោយ James Webb លើភពជុំវិញផ្កាយនោះវិញ, តើមានអ្វីពិសេសខ្លះ? បើតាមក្រុមការងារគ្រប់គ្រងតេឡេស្កូបនេះ គេបានសង្កេតឃើញភព GJ 9827 d ដែលមានកម្តៅជិត ៣៥០អង្សាសេនោះ គឺពោពេញដោយ «ចំហាយទឹក (Water Vapor)» ស្រោបជុំវិញភពទាំងមូលតែម្តង ហើយទិដ្ឋភាពបែបនេះ ជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រសិក្សាផ្នែកភព មិនដែលបានជួបប្រទះនោះឡើយពីមុនមក។
និស្សិតមួយរូបឈ្មោះ Eshan Raul សិក្សានៅសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក និងកំពុងចូលរួមការសិក្សាមួយនេះផងដែរបានលើកឡើងថា «វាជាលើកដំបូងហើយ ដែលយើងឃើញអ្វីមួយ (ភព Exoplanet) ប្រភេទនេះ។ ភពនោះទំនងជាស្រោបជុំវិញភាគច្រើនដោយចំហាយទឹកក្តៅ ហើយយើងអាចហៅវាថា ភពចំហាយ (steam world)។ បើនិយាយឲ្យច្បាស់លាស់ ភពប្រភេទនេះ (GJ 9827 d) មិនមែនជាកន្លែងស្វាគមន៍ជីវិត ដូចជាជីវិតនានានៅលើភពផែនដីយើងនេះឡើយ…»។
GJ 9827 d ត្រូវបានរកឃើញដោយតេឡេស្កូបអវកាស Kepler របស់អង្គការ NASA កាលពីឆ្នាំ២០១៧ ដោយវាគោចរនៅក្នុងគន្លងដែលមានចម្ងាយតែ ៨.៤លានគីឡូម៉ែត្រប៉ុណ្ណោះពីផ្កាយមេវា ខណៈការគោចរមួយជុំវិញ ឬស្មើនឹងមួយឆ្នាំរបស់វានោះ ប្រើប្រាស់ពេលវេលាតែ ៦ថ្ងៃលើផែនដីប៉ុណ្ណោះ។ GJ 9827 d គឺជាភពចុងគេ (ទី៣) ដែលត្រូវបានរកឃើញនៅជុំវិញផ្កាយ GJ 9827 ដែលមានចម្ងាយ ៩៧ឆ្នាំពន្លឺពីផែនដី។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ឧបករណ៍សង្កេត ពន្លឺក្រហមអាំងហ្វ្រាកម្រិតជិត (Near-Infrared Imager) និងឧបករណ៍វិភាគទម្រង់ពណ៌នៃពន្លឺ Slitless Spectrograph ដើម្បីសង្កេតមើលភស្តុតាងនៃចំហាយទឹក ដែលតេឡេស្កូបអវកាសមុនគឺ Hubble បានសង្ស័យថាមានរួចទៅហើយកាលពីឆ្នាំ២០២៣ តែមិនអាចកំណត់ឲ្យបានច្បាស់លាស់នោះ។ ជាក់ស្តែង James Webb មិនត្រឹមតែរកឃើញវាច្បាស់ទេ ហើយថែមទាំងក្នុងចំនួនច្រើនទៀត ដែលបានធ្វើឲ្យពួកគេសន្មត់ថា ភព GJ 9827 d នោះជាភពស្រោបជុំវិញដោយចំហាយទឹកពិតៗ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/NASA/ESA/CSA (ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤)