តេស្តនៅឆ្នាំ២០២៥៖ «ចង្កឹះចាប់រ៉ុក្កែតនឹងត្រូវប្រើដើម្បីចាប់ Starship តែម្តង» (វីដេអូ)

692

(បរទេស)៖ ការធ្វើតេស្តតែមួយលើក ហើយបានជោគជ័យតែម្តង នោះគឺការកំណត់ឲ្យរ៉ុក្កែតយក្ស Super Heavy Booster ដែលមានកម្ពស់ ៧១ម៉ែត្រ និងអង្កត់ផ្ចិត ៩ម៉ែត្រ ចុះចតមកលើជើងទម្រដែលមានដៃចាប់ (ចង្កឹះ) មានឈ្មោះថា Mechazilla កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅមិនទាន់ធ្វើឲ្យគ្រប់គ្នាអស់ការរំភើបផង ព្រោះនោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតៗ មិនមែនតែសម្រាប់ SpaceX ឬសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ។

(Video From YouTube: Cambo Space Edu)

ទោះបីជាការធ្វើតេស្តលើកទី នៃ Starship និងរ៉ុក្កែតយក្ស បានធ្វើមនុស្សទូទាំងពិភពលោកកោតស្ញប់ស្ញែងដល់កំពូល តែចម្ងល់នៅតែត្រូវបានផ្តោតទៅ Starship ថាតើ SpaceX គ្រោងទម្លាក់វាចោលក្នុងសមុទ្ររហូត ឬក៏ត្រូវធ្វើអ្វីពិសេសបន្ថែមទៀត ព្រោះការដឹកមនុស្សទៅទីឋានដទៃដូចជាព្រះចន្ទ និងភពអង្គារជាដើម មិនមែនដឹកយកទៅទម្លាក់ចោលបែបនោះឡើយ, ពិតមែនឬទេប្រិយមិត្ត?

(Image Credit: SpaceX/X/US Media)

ដូច្នេះហើយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ស្ថាបនិក SpaceX លោក Elon Musk បានបង្ហើបចេញនូវចេតនាមួយទៀត ដែលមនុស្សមួយចំនួនទំនងជាអាចស្មានដឹងរួចមកហើយ នោះគឺការបញ្ជាឲ្យនាវាអវកាស Starship ចុះចតមកលើចង្កឹះ Mechazilla វិញដូចរ៉ុក្កែត Super Heavy Booster បានធ្វើដែរ។ បើតាមលោក Musk ការធ្វើតេស្តថ្មីនេះនឹងអាចកើតឡើងនៅអំលុងដើមឆ្នាំ២០២៥ ឆាប់ៗខាងមុខ។

(Image Credit: SpaceX/X/US Media)

គួរបញ្ជាក់ថា ប្រព័ន្ធដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងកាត់ទីអវកាស ដែលយើងហៅថា Starship គឺមានផ្នែកធំៗចំនួន ២ នោះគឺ Starship ដែលជាយានគោលមានកម្ពស់ ៥០.៣ម៉ែត្រ និងអង្កត់ផ្ចិត ៩ម៉ែត្រ ព្រមទាំងរ៉ុក្កែត Super Heavy Booster ដែលមានកម្ពស់ ៧១ម៉ែត្រ និងអង្កត់ផ្ចិត ៩ម៉ែត្រដូចគ្នា ខណៈទាំងពីរផ្នែកនេះដាក់បន្តុបលើគ្នា មានកម្ពស់ដល់ទៅជិត ១២២ម៉ែត្រ

(Image Credit: SpaceX/X/US Media)

បើតាមគំរូជាក់ស្តែង នៅដើមឆ្នាំ២០២៥ខាងមុខនេះ ប្រសិនបើការធ្វើតេស្តនោះកើតឡើង នោះរ៉ុក្កែត Super Heavy Booster នឹងរុញច្រាន Starship ឡើងទៅកាន់ទីអវកាសដូចរាល់ដង ហើយរ៉ុក្កែតនោះនឹងចុះមកលើចង្កឹះចាប់ដូចលើកទី៥ដែរ ខណៈ Starship វិញនឹងគោចរជុំវិញផែនដីមួយជុំ ហើយទម្លាក់ខ្លួនមកធ្វើការចុះចតនៅលើចង្កឹះចាប់មួយទៀត ដែលស្ថិតនៅក្បែររ៉ុក្កែតនោះ។

តេស្តនៅឆ្នាំ២០២៥៖ «ចង្កឹះចាប់រ៉ុក្កែតនឹងត្រូវប្រើដើម្បីចាប់ Starship តែម្តង» (វីដេអូ)
(រូបភាពពី SpaceX)

ទោះបីជាលោក Elon Musk ធ្លាប់បានបង្ហើបថា នឹងអាចបញ្ជូន Starship ទទេគ្មានមនុស្សជិះ ទៅចុះចតសាកល្បងលើភពអង្គារនៅឆ្នាំ២០២៦ ក៏ដោយ តែអ្វីដែលសំខាន់បំផុតសម្រាប់វិស័យអវកាស នៃសហរដ្ឋអាមេរិកនោះ គឺបេសកកម្ម Artemis ដែលនឹងត្រូវដឹកជញ្ជូនគ្រឿងបរិក្ខាសំខាន់ៗ និងមនុស្ស ទៅបង្កើតមូលដ្ឋានស្រាវជ្រាវអចិន្ត្រៃយ៍ នៅតំបន់ប៉ូលខាងត្បូងព្រះចន្ទ។

(Image Credit: SpaceX/X/US Media)

យោងតាមផែនការចុងក្រោយដែលត្រូវបានប្តូរពីឆ្នាំ២០២៥ ទៅឆ្នាំ២០២៦វិញនោះ Starship នៅក្នុងប្រព័ន្ធដឹកជញ្ជូនកាត់ទីអវកាសរបស់ NASA ហៅកាត់ថា SLS (Space Launch System) នឹងត្រូវបំពេញការដឹកជញ្ជូនឲ្យបេសកកម្ម Artemis 4 នៅយ៉ាងហោចណាស់ខែកញ្ញា ឆ្នាំ២០២៦។ យ៉ាងណាក៏ដោយ ការបញ្ជូន Starship ដោយគ្មានមនុស្សទៅកាន់ព្រះចន្ទដើម្បីសាកល្បង អាចនឹងកើតឡើងនៅឆ្នាំ២០២៥ ផងដែរ។

Starship 5 ផ្ទុះភ្លាមៗក្រោយចុះចតលើផ្ទៃមហាសមុទ្រឥណ្ឌា (រូបភាពពី SpaceX)

ចំពោះចម្ងល់ជាច្រើនដែលបានលើកឡើងថា ហេតុអ្វីបានជា Starship ផ្ទុះ ឬចុះចតតែនៅក្នុងមហាសមុទ្រឥណ្ឌា? ចម្លើយគឺ «ទាំងនោះជាការធ្វើតេស្ត» ហើយសម្រាប់ការធ្វើតេស្តលើកទីកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នោះ គឺគ្រប់គ្នានៅមិនទាន់ទទួលបានការឆ្លើយតបពី SpaceX ឬសូម្បីលោក Elon Musk នោះឡើយអំពីចម្ងល់ទាំងនេះ។ អ្វីដែលយើងបានដឹងច្បាស់នៅក្រោយការធ្វើតេស្តនោះ គឺលោក Musk បាននិយាយថា «Starship បានចុះចតចំទីតាំងដែលត្រូវបានកំណត់តែម្តង» ប៉ុន្តែសម្រាប់ការផ្ទុះវិញគេនៅមិនទាន់ដឹងទេថា តើនោះជាការកំណត់ឲ្យផ្ទុះ (តាមមុខងារ self-destruct system) ឬក៏ដោយសារការលេចធ្លាយឥន្ធនៈនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE/SpaceX (ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤)

480×240 Banner