តារាវិទូចេញលទ្ធផលស្កេនប្រព័ន្ធផ្កាយ TRAPPIST-1 ដើម្បីស្វែងរកសញ្ញា «អេលៀន» និងរង់ចាំតេឡេស្កូបពិសេសថ្មី (វីដេអូ)
(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិទើបបានបញ្ចប់ការស្កេនទ្រង់ទ្រាយធំ ព្រមទាំងចេញលទ្ធផលបឋមផងដែរទៅលើប្រព័ន្ធផ្កាយ TRAPPIST-1 ដែលស្ថិតនៅចម្ងាយប្រមាណ ៤១ឆ្នាំពន្លឺពីផែនដី និងត្រូវបានគេផ្តល់រហស្សនាមថា Solar System 2.0។ ការផ្តល់រហស្សនាមបែបនេះ ព្រោះតែផ្កាយនោះមានភពរហូតដល់ទៅចំនួន ៧ គោចរជុំវិញវា ដែលស្រដៀងនឹងប្រព័ន្ធព្រះអាទិត្យយើងដែរ។
ការស្កេនទៅលើប្រព័ន្ធផ្កាយ TRAPPIST-1 ត្រូវបានពង្រីកតាមរយៈការប្រើប្រាស់តេឡេស្កូប Allen Telescope Array ដែលមានអង់តែនចាប់រលកសញ្ញាសរុប ៤២គ្រឿង នៅលើទីវាលមួយនៃឧទ្យាន Lassen National Forest នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ពួកវាជាបណ្តាញតេឡេស្កូបចាប់ និងបញ្ជូនរលកសញ្ញាវិទ្យុ ដែលចាប់យកសញ្ញានានាមកពីទីអវកាស ហើយវិភាគថា នោះជាសញ្ញានៃជីវិតឆ្លាតវៃមែនឬមិនមែន។
១៖ ការសង្កេតរកសញ្ញានៃបច្ចេកវិទ្យា (Technosignatures)
ការស្វែងរកសញ្ញានៃជីវិតតែម្តងនៅភពដទៃ គឺពិតជាមិនអាចទៅរួចនោះឡើយ ព្រោះតែចម្ងាយដ៏ឆ្ងាយមហាសែនឆ្ងាយរវាងផែនដី និងភពទាំងនោះ ព្រមទាំងបច្ចេកវិទ្យារបស់មនុស្សលោក នៅមានកម្រិតនៅឡើយ។ សញ្ញានៃបច្ចេកវិទ្យា (Technosignatures) នោះគឺសម្តៅទៅលើរលកសញ្ញាជះចេញពីបណ្តុំបច្ចេកវិទ្យាផ្សេងៗ ដូចជាអង់តែនបម្រើវិស័យទូរគមនាគមន៍, យានអវកាសខ្នាតធំ ឬអាចជាទីក្រុងអវកាស ដែលគោចរជុំវិញភពណាមួយក្នុងប្រព័ន្ធ TRAPPIST-1 នោះ។
២៖ ការសង្កេតលើប្រព័ន្ធផ្កាយ TRAPPIST-1
ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់រយៈពេលសរុប ២៨ម៉ោង ក្នុងការបញ្ជាឲ្យតេឡេស្កូបខាងលើនេះ សង្កេតរករលកសញ្ញាវិទ្យុ ដែលអាចជះចេញមកពីប្រព័ន្ធផ្កាយ TRAPPIST-1។ នេះគឺជាការចំណាយពេលយូរបំផុតហើយ នៅក្នុងការសង្កេតទៅលើគោលដៅតែមួយ ដោយប្រើប្រាស់បណ្តាញតេឡេស្កូបនោះ។
TRAPPIST-1 ជាប្រភេទតារាក្រហមទំហំតូច (red dwarf) ដោយទាំងពន្លឺ ម៉ាស់ និងមាឌ គឺតូចជាព្រះអាទិត្យយើងឆ្ងាយ។ កាលពីឆ្នាំ២០១៥ ក្រុមតារាវិទូបានប្រកាសរកឃើញភព ៣ ដំបូងនៅជុំវិញផ្កាយនោះ ដែលសុទ្ធសឹងតែមានទំហំប្រហាក់ប្រហែលភពផែនដីយើង ហើយនៅឆ្នាំ២០១៧ គេក៏បានប្រកាសរកឃើញភព ៤ទៀត ដែលនាំឲ្យចំនួនសរុបកើនដល់ទៅ ៧ភព។
យ៉ាងណាក៏ដោយ ភព ៣ ក្នុងចំណោម ៧ នោះត្រូវបានគេគណនាថា ស្ថិតក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដោយប្រការនេះមានន័យថា ពួកវាជាភពស្ថិតនៅមិនឆ្ងាយពេក ឬកៀកពេកពីផ្កាយ ដែលអាចនាំឲ្យផ្ទៃពួកវារក្សាបាននូវទឹករាវ និងមានបរិយាកាសស្រោបជុំវិញភព ដែលជាបរិស្ថានអំណោយផលដល់ការកកើតជីវិត មិនខុសពីនៅលើភពផែនដីឡើយ។
៣៖ លទ្ធផលនៃការសង្កេតរករលកសញ្ញាវិទ្យុ និងទស្សនវិស័យអនាគត
ជាការពិតណាស់ លទ្ធផលនៃការសង្កេតរយៈពេល ២៨ម៉ោងនោះ «មិនបានឲ្យក្រុមអ្នកវិទ្យាសាស្ត្រ (SETI) ប្រទះឃើញរលកសញ្ញា ជះចេញពីជីវិតឆ្លាតវៃអ្វីនោះឡើយ» នៅក្នុងចំណោមរលកសញ្ញាចង្អៀតចំរុះសរុបចំនួន ២,២៦៤រលកសញ្ញា ដែលត្រូវបានចាប់យក។ ទោះជាបែបនេះក្តី បេសកកម្មបែបនេះជាផ្លែផ្កាថ្មីមួយ ដែលបង្ហាញយើងអំពីវិធីសាស្ត្រថ្មី សម្រាប់ស្វែងរកសញ្ញាប្រភេទៗនេះទៀត នៅថ្ងៃអនាគត។
និស្សិតមួយរូបឈ្មោះ Nick Tusay មកពីសាកលវិទ្យារដ្ឋ Pennsylvania សហរដ្ឋអាមេរិក ដែលបានិងកំពុងចូលកិច្ចការងារជាមួយ វិទ្យាសាស្ត្រសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកជីវិតឆ្លាតវៃហៅកាត់ថា SETI នោះបានថ្លែងថា «ការស្រាវជ្រាវនេះពិតជាបង្ហាញថា យើងកំពុងខិតកាន់តែជិតការរកឃើញ រលកសញ្ញាវិទ្យុស្រដៀងៗគ្នា នឹងអ្វីដែលយើងធ្លាប់បានបញ្ជូនទៅកាន់ទីអវកាសនោះហើយ»។
៤៖ ការសង្កេតផ្ទៃមេឃជាបន្ត និងរង់ចាំបច្ចេកវិទ្យាដ៏អស្ចារ្យថ្មីៗ
គិតមកដល់ឆ្នាំ២០២៤នេះ ក្រុមអ្នកវិទ្យាសាស្ត្រត្រឹមអាចសង្កេតរក រលកសញ្ញាវិទ្យុនានា ដែលអាចជះមកពីភពអេលៀន ដូចទៅនឹងប្រភេទនៃរលកសញ្ញាដែលយើងបាន ផ្ញើទៅកាន់ទីអវកាសវិញប៉ុណ្ណោះ (បូករួមទាំងអ្វីដែលដូចសារចំនួន ៥០១ នោះផងដែរ)។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រក៏ជិតទទួលបាន តេឡេស្កូខ្នាតធំថ្មី ដែលនឹងធ្វើការកាន់តែអស្ចារ្យជាងពេលណាៗទាំងអស់ផងដែរ។
យើងកំពុងនិយាយទៅដល់តេឡេស្កូបអវកាសខ្នាតយក្ស Square Kilometer Array (SKA) ដែលនឹងត្រូវចំណាយដល់ទៅ ២.២ពាន់លានដុល្លារ សហរដ្ឋអាមេរិក ហើយត្រៀមបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២៧។ SKA ស្ថិតនៅទីតាំងចំនួន ២ នោះគឺទី១នៅនៅតំបន់ Karoo ប្រទេសអាហ្វ្រិកខាងត្បូង ដែលមានដំឡើងចានតេឡេស្កូបចាប់រលកសញ្ញាវិទ្យុ (radio dishes) ចំនួន ១៩៧គ្រឿង និងទី២នៅតំបន់ Murchison ភាគខាងលិចប្រទេសអូស្ត្រាលី ជាមួយនឹងអង់តែន (antennas) ចំនួន ១៣១,០៧២គ្រឿង។
បណ្តាញតេឡេស្កូបខាងលើនេះ នឹងធ្វើការងាររួមគ្នា ដើម្បីចាប់ឲ្យបាននូវរលកសញ្ញានានា ដែលជះមកពីទីអវកាស ទោះបីជាស្ថិតក្នុងកម្រិតខ្សោយក្តី។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងទៀតថា SKA នឹងអាចចាប់បានសូម្បីតែរលកសញ្ញា កម្រិតខ្សោយចេញពីអរិយធម៌អេលៀនណាមួយ ដែលធ្វើទំនាក់ទំនងជាមួយយានអវកាសរបស់ពួកគេពីចម្ងាយបានថែមទៀតផង (ប្រសិនបើមាន)៕
ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ Forbes via The Anstronomical Journal (ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤)