លទ្ធផលសិក្សាផ្លូវការ៖ «ព្រះអាទិត្យនឹងនៅតែកញ្ជ្រោលបែបនេះ១ឆ្នាំទៀត» (វីដេអូ)

1,527

(បរទេស)៖ ក្រោយពីការប្រើពេលតាមដានជាប្រចាំ តាមរយៈតេឡេស្កូបសង្កេតសកម្មភាពផ្ទៃព្រះអាទិត្យនោះ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA និងស្ថាប័នអន្តរជាតិមួយបានចេញលទ្ធផលជាផ្លូវការថា ព្រះអាទិត្យរបស់យើងពេលនេះកំពុងស្ថិតនៅក្នុងដំណាកកាលកញ្ជ្រោលខ្លាំងបំផុត (Solar Maximum) នៃវដ្តទី ២៥ (Solar Cycle 25) នោះហើយ, នេះបើតាមការដកស្រង់ព័ត៌មាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

(Video From YouTube: Cambo Space Edu)

សូមរម្លឹកឡើងវិញបន្តិចថា ក្នុងអំលុងមួយវដ្តរបស់ព្រះអាទិត្យ គឺមានរយៈពេលសរុប ១១ឆ្នាំ ដោយនៅដើម និងចុងវដ្តព្រះអាទិត្យ គឺមានសភាពស្ងប់ស្ងាត់ធម្មតា យើងហៅជាភាសាអង់គ្លេសថា Solar Minimum ខណៈនៅកណ្តាលវដ្តគឺជាពេលដែលព្រះអាទិត្យបញ្ចេញសកម្មភាពពុះកញ្ជ្រោលខ្លាំង (Solar Maximum) ដូចជាការផ្ទុះជះនូវអណ្តាតភ្លើងកម្រិតខ្លាំងៗ (Solar Flare និង CME) ដែលបង្កទៅជាព្យុះព្រះអាទិត្យ (Solar Storm) បោកបក់មកលើភពផែនដីជាដើម រួចទើបសកម្មភាពទាំងនោះចុះថយមករក Solar Minimum វិញ មុននឹងឈានចូលវដ្តថ្មីមួយទៀត។

ភាពខុសគ្នារវាង Solar Maximum និង Solar Minimum (រូបភាពពី NASA/SDO/NOAA)

កាលពីអំលុងឆ្នាំ២០២៣ ក្រុមអ្នកវិទ្យាសាស្ត្របានជួបភាពស្រពិចស្រពិលបន្តិច អំពីឆ្នាំដែលកំលុងពេលនៃ Solar Maximum មកដល់ ដោយពួកគេបានសង្ស័យថា ឆ្នាំ២០២៤នេះ គឺជាពេលនៃ Solar Maximum ដល់ទីបញ្ចប់ហើយ ប៉ុន្តែនោះមិនមែនជាការព្យាករណ៍ត្រឹមត្រូវឡើយ ព្រោះឈានមកដល់ខែតុលា ឆ្នាំ២០២៤នេះ ព្រះអាទិត្យមិនបង្ហាញសញ្ញានៃការថមថយភាពពុះកញ្ជ្រោលនោះឡើយ។

ពន្លឺសំរាំងប៉ូលបង្កឡើងដោយព្យុះព្រះអាទិត្យ រាលដាលដល់តំបន់ត្រជាក់បង្គួរ (រូបភាពពីបរទេស)

ឈានមកដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ សកម្មភាពផ្ទុះជះអណ្តាតភ្លើង (Solar Flare) បន្តកើតមាន និងស្ថិតនៅលំដាប់ថ្នាក់កំពូលបំផុតនោះគឺ X-class ដដែល ហើយព្រឹត្តិការណ៍ខ្លះបានជះតម្រង់មករកភពផែនដីតែម្តង ដោយបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ ប្រព័ន្ធទូរគមនាគមន៍, រលកវិទ្យុ, ផ្កាយរណប និងបង្កទៅជាពន្លឺសំរាំងប៉ូល (Aurora) នៅតំបន់ប៉ូលទាំងពីរ ខណៈពេលខ្លះបានលាតសន្ធឹងដល់សហរដ្ឋអាមេរិក ភាគកណ្តាលអឺរ៉ុប ភាគខាងជើងចិន ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាដើម។

លទ្ធផលសង្កេតផ្លូវការខាងលើនេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដោយរដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិ (NOAA) នៃសហរដ្ឋអាមេរិក និងស្ថាប័នព្យាករណ៍វដ្តព្រះអាទិត្យអន្តរជាតិ (SCPP) ដោយក្នុងនោះក៏បានបញ្ជាក់ផងដែរថា ភាពពុះកញ្ជ្រោលកម្រិតអតិបរមា (Solar Maximum) ទំនងជាបានចាប់ផ្តើមឡើងតាំងពី ២ឆ្នាំមុនមកម្ល៉េះ ហើយគិតត្រឹមខែតុលានេះតទៅ វានឹងបន្តអូសបន្លាយ១ឆ្នាំទៀត (ដល់ខែកក្កដា ឆ្នាំ២០២៥) ទើបស្ថានភាពនេះត្រូវបញ្ចប់ ហើយព្រះអាទិត្យនឹងថមថយភាពពុះកញ្ជ្រោលវិញបន្តិចៗម្តង។

លទ្ធផលសិក្សាផ្លូវការ៖ «ព្រះអាទិត្យនឹងនៅតែកញ្ជ្រោលបែបនេះ១ឆ្នាំទៀត» (វីដេអូ)
ស្ថានភាពពុះកញ្ជ្រោលនៃព្រះអាទិត្យអំលុងពេលនៃ Solar Maximum (រូបភាពពី NASA/SDO/NOAA)

គួរបញ្ជាក់ថា វដ្ត២៥នៃព្រះអាទិត្យ (Sun Cycle 25) ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់ថា បានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០១៩។ មនុស្សជាច្រើនមានការចាប់អារម្មណ៍ចំពោះសកម្មភាព ពុះកញ្ជ្រោលនៃព្រះអាទិត្យ ក៏ព្រោះតែការផ្សព្វផ្សាយកាន់តែទូលំទូលាយប៉ុណ្ណោះ ជាពិសេសលើបណ្តាញសង្គម តែការតាមដានសកម្មភាពព្រះអាទិត្យជាផ្លូវការ ដោយការរាប់វដ្តទី១ (Sun Cycle 1) នោះគឺបានកើតមានឡើងតាំងតែពីឆ្នាំ១៧៥៥ មកម្ល៉េះ ក្នុងនោះព្រឹត្តិការណ៍ Solar Storm ដ៏អាក្រក់បំផុតក្នុងកំណត់ត្រាគឺត្រូវបានហៅថា Carrington Event កាលពីឆ្នាំ១៨៥៩ (ប្រសិនបើបងប្អូនចង់ឲ្យ Cambo Space ធ្វើពីវាអាច Comment ប្រាប់បាន)។

  • តើ Solar Maximum អាចធ្វើឲ្យអាកាសធាតុផែនដីកើនឡើងកម្តៅឬទេ?

ទោះបីជាកន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ព្រះអាទិត្យមិនមែនមូលហេតុដែលធ្វើឲ្យភពផែនដីកើនឡើងកម្តៅ ខណៈការស្រូបទុកកម្តៅកាន់តែខ្លាំងពីព្រះអាទិត្យ បង្កឡើងដោយឧស្ម័នផ្ទះកញ្ចក់ បញ្ចេញដោយសកម្មភាពរបស់មនុស្សទៅកាន់បរិយាកាសនោះក៏ដោយ ក៏ប្រការនេះនៅតែមានន័យថា កម្តៅដែលយើងទទួលរងលើផ្ទៃផែនដីរាល់ថ្ងៃនេះ គឺបានមកពីព្រះអាទិត្យទាំងស្រុងដដែល។

(Credit: NASA/NOAA)

យោងតាមស្ថាប័ន NOAA នៃសហរដ្ឋអាមេរិកឲ្យដឹងថា អំលុងនៃឆ្នាំដែលកើតមានភាពកញ្ជ្រោលអតិបរមាលើផ្ទៃព្រះអាទិត្យ (Solar Maximum) ផ្ទៃផែនដីតែងតែកើនឡើងកម្តៅយ៉ាងហោចណាស់ ០.១អង្សាសេបន្ថែមទៀត បើធៀបនឹងពេលដែលព្រះអាទិត្យស្ងប់ស្ងាត់ធម្មតា (Solar Minimum) នោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ NOAA/Live Science (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៤)

480×240 Banner