មានវិធីសាស្ត្រមួយអាចជួយឲ្យផែនដី «ថយចុះកម្តៅ» ដោយគ្រាន់តែប្រើ «ពេជ្រ» (លទ្ធផលសិក្សាថ្មី)
(បរទេស)៖ កាលពីអត្ថបទមុន ប្រិយមិត្តទាំងឡាយបានដឹងអំពី ការបាចភាគល្អិតពីរប្រភេទចូលក្នុងបរិយាកាសភពអង្គារ (Mars) ដើម្បីឲ្យពួកវាស្រូបទុកកម្តៅព្រះអាទិត្យបន្ថែមទៅក្នុងការបរិយាកាស ព្រោះភពក្រហមនោះកំពុងតែត្រជាក់ខ្លាំងជាងផែនដី។ ប៉ុន្តែសម្រាប់ភពផែនដីយើងវិញ វិធីសាស្ត្រជាច្រើនដែលត្រូវបានបង្កើតឡើង គឺដើម្បីបំផ្លាត ឬទប់ទល់កម្តៅពីព្រះអាទិត្យទៅវិញ ព្រោះតែយើងកំពុងប្រឈមមុខនឹង ការប្រែប្រួលបរិយាកាស និងរលកកម្តៅដ៏អាក្រក់ពីមួយឆ្នាំទៅមួយឆ្នាំ។
ឥលូវនេះវិធីសាស្ត្រថ្មីមួយទៀតត្រូវបានរំលេចចេញមកហើយ ដោយគ្រាន់តែតម្រូវមនុស្សហ៊ាន ឬមានលទ្ធភាពធ្វើវាប៉ុណ្ណោះ។ ដូចចំណងជើងបានបញ្ជាក់រួចហើយ នោះគឺវិធីសាស្ត្រថ្មីនេះ ត្រូវមានការចូលរួមពីពេជ្រ (Diamond) ដោយគ្រាន់តែឮឈ្មោះភ្លាម លោកអ្នកពិតជាស្គាល់ថា វាជាវត្ថុមានតម្លៃបំផុតមួយនៅលើភពផែនដីនេះហើយ។ តើគេចង់យកពេជ្រទៅធ្វើអ្វី? អត្ថបទថ្មីនេះនឹងពន្យល់គ្រប់គ្នាឲ្យបានយល់ដឹង។
- វិធីសាស្ត្រដែលត្រូវបាននឹកឃើញពីមុន
ជាការពិតណាស់ ការសិក្សាកន្លងមកគឺមានច្រើនវិធីសាស្ត្រ ដើម្បីធ្វើឲ្យភពផែនដីបំផ្លាតពន្លឺ និងកម្តៅដែលជះពីព្រះអាទិត្យត្រលប់ទៅកាន់ទីអវកាសវិញខ្លះ ដែលអាចធ្វើឲ្យឧស្ម័នពុលផ្ទះកញ្ចក់ មិនអាចស្រូបទុកកម្តៅទៅនោះនៅក្នុងបរិយាកាសផែនដីបាន ហើយអាកាសធាតុផែនដី នឹងថយចុះកម្តៅវិញដោយស្វ័យប្រវត្តិ ហើយក្នុងនោះការប្រើប្រាស់ធាតុគីមីមួយប្រភេទឈ្មោះ ស៊ុលផួ ឌីអុកស៊ីត (sulfur dioxide ឬ SO2) ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។
ខណៈដែលលទ្ធផលសិក្សាពីមុនបានជឿជាក់ថា ការបំភាយឧស្ម័ន SO2 យ៉ាងកម្រោល ក្នុងចំនួនរាប់សិបលានតោនទៅក្នុងបរិយាកាស អាចនឹងធ្វើឲ្យសីតុណ្ហភាពលើផ្ទៃផែនដី ថយចុះប្រមាណ ១ ទៅ ២អង្សាសេនៃកម្រិតកម្តៅជាមធ្យមនោះ យើងក៏នឹងមើលឃើញផលអាក្រក់ជះត្រលប់មកវិញដែរ ព្រោះវានឹងធ្វើឲ្យស្រទាប់អូហ្សូនកាន់តែស្តើង (Ozone depletion), ការឡើងកម្តៅនៅស្រទាប់ស្ត្រាតូស (stratospheric warming), ភ្លៀងអាស៊ីត និងផលលំបាកមួយចំនួនទៀត ដែលមិនអាចចៀសផុតឡើយ។
- វិធីសាស្ត្រថ្មីដោយមានការចូលរួមពីពេជ្រ
អ្នកវិទ្យាសាស្ត្រមួយក្រុមមកពីសាកលវិទ្យាល័យ ETH Zurich នៃប្រទេសស្វីស ទើបតែបានប្រកាសអំពីលទ្ធផលសិក្សារបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០២៤ នេះអំពីវិធីសាស្ត្រមួយដែលមានការចូលរួមពី «ពេជ្រ» នៅក្នុងកម្មវិធីស្រាវជ្រាវមួយមានឈ្មោះជាផ្លូវការថា Stratospheric Aerosol Injection (SAI) ដើម្បីធ្វើឲ្យភពផែនដីកាត់បន្ថយកម្តៅបានមួយភាគ ដោយក្នុងនោះគេត្រូវយកពេជ្រទៅកិនឲ្យម៉ត់រហូតក្លាយទៅភាគល្អិតដល់ទៅកម្រិត nanoparticles។ ប្រាកដណាស់ វានឹងក្លាយជាការចំណាយដ៏មហាសាលមួយ សម្រាប់មនុស្សលោកលើភពផែនដី។
សម្រាប់កម្មវិធី SAI នោះបានបង្ហាញថា កម្ទេចភាគល្អិតនៃពេជ្រនឹងត្រូវមានទំហំតែ ១៥០ណាណូម៉ែត្រ (nanometer) ប៉ុណ្ណោះក្នុងមួយគ្រាប់ៗ ដែលអាចឲ្យវាស្ថិតនៅក្នុងស្រទាប់ស្ត្រាតូស (Stratosphere) ឬមណ្ឌលអាកាសស្ងប់ ដែលមានរយៈកម្ពស់ចាប់ពី ១២km ដល់ ៥០km ពីផ្ទៃផែនដីបាន។
ផ្ទុយពីសារធាតុគីមីផ្សេងៗ ដូចដែលត្រូវបានលើកឡើងខាងលើ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា កម្ទេចពេជ្រទាំងនោះនឹងមិនអាចប្រមូលផ្តុំគ្នា ឬធ្វើប្រតិកម្មជាមួយសមាសធាតុផ្សេងទៀតក្នុងបរិយាកាស ដែលបង្កើតទៅជាភ្លៀងអាស៊ីតនោះឡើយ, ដូច្នេះពួកវានឹងដើរតួនាទីបានល្អ នៅក្នុងការកាត់បន្ថយកម្តៅមកលើផ្ទៃផែនដី។
- ការចំណាយ និងភាពដែលអាចទៅរួច
ប្រសិនបើប្រើសារធាតុគីមី SO2 ទៅក្នុងបរិយាកាសផែនដីនោះ មនុស្សលោកនឹងត្រូវចំណាយតែ ២៥០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ នៅក្នុងបរិមាណ ១លានតោន តែសម្រាប់កម្ទេចពេជ្រវិញគឺគេនឹងត្រូវចំណាយដល់ទៅ ៦០០,០០០ដុល្លារអាមេរិក នៅក្នុងបរិមាណ ១លានតោនដូចគ្នា (មិនគិតថ្លៃដឹកជញ្ជូន, សេវាដាក់ពង្រាយ និងផ្នែកបច្ចេកទេសផ្សេងៗទៀត)។ ប៉ុន្តែ, ចំនួនដែលនឹងត្រូវការ ស្របតាមលក្ខខណ្ឌបច្ចេកទេសនោះគឺអាចចាប់ពីខ្ទង់រាប់សិបដល់រាប់រយ «ទ្រីលានតោន» ឯណោះ, ដូច្នេះសម្រាប់តម្លៃសរុបនោះ លោកអ្នកអាចធ្វើការគណនាបាន… (អាចខ្ទង់ ២០០ទ្រីលានដុល្លារសហរដ្ឋអាមេរិក ឬស្មើនឹង GDP សហរដ្ឋអាមេរិកឆ្នាំ២០១៧ គុណនឹង ១០ដង)។
យ៉ាងណាក៏ដោយ អ្វីៗដូចដែលត្រូវបានរៀបរាប់កន្លងមកនេះ គឺត្រឹមស្ថិតនៅក្នុងលទ្ធផលសិក្សាក្នុងកម្មវិធី SAI ប៉ុណ្ណោះ ហើយក៏គ្មានប្រទេស ឬអង្គការណាមួយ ចាប់អារម្មណ៍ចង់ធ្វើវាឲ្យក្លាយជាការពិតនោះឡើយ។ ទោះជាបែបនេះក្តី ឥលូវនេះគ្រប់គ្នាបានដឹងថា ពេជ្រជាជម្រើសមួយដែលអាចជួយឲ្យកម្តៅលើផ្ទៃផែនដីថយចុះមកវិញ ប្រសិនបើយើងយកកម្ទេចតូចៗរបស់វា ទៅបាចក្នុងស្រទាប់ស្ត្រាតូស៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ Science Alert/Geophysical Research Letters (ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤)