ឥណ្ឌាទើបរកឃើញភព (Exoplanet) ថ្មី១ទៀត ដែលនេះជាការបង្ហាញសមត្ថភាពពិតៗ (វីដេអូ)

2,618

(បរទេស)៖ អាចថាជារឿងកម្រមួយសម្រាប់ប្រទេសនៅអាស៊ីយើង ដែលអាចរកឃើញភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) ព្រោះវាតម្រូវឲ្យមានបទពិសោធន៍ខ្ពស់ និងតេឡេស្កូបដ៏មានអានុភាពទាំងនៅលើដី និងទីអវកាស។ នៅអំលុងចុងខែតុលា ឆ្នាំ២០២៤នេះ ប្រទេសឥណ្ឌាដែលមានវិស័យអវកាសរីកចម្រើនបំផុតមួយ ប្រចាំនៅទ្វីបអាស៊ីក៏ដូចជាពិភពលោកនោះ បានប្រកាសរកឃើញភព Exoplanet មួយដែលគោចរជុំវិញផ្កាយមួយដួង មានបុគ្គលិកលក្ខណៈស្រដៀងនឹងព្រះអាទិត្យយើងដែរ។

(Video From YouTube: Cambo Space Edu)

ការរកឃើញភពថ្មីខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៃមន្ទីរពិសោធន៍ និងស្រាវជ្រាវផ្នែករូបវិទ្យា (Physical Research Laboratory ឬ PRL) របស់ប្រទេសឥណ្ឌា តាមរយៈឧបករណ៍តេឡេស្កូប PARAS-2 ដែលសមត្ថភាពសង្កេត និងវិភាគវិសាលគមពណ៌នៃពន្លឺរបស់ភពនៅប្រព័ន្ធផ្កាយដទៃ ពេលវាគោចរនៅជុំវិញផ្កាយមេរបស់វា។ នេះគឺជាភព Exoplanet ទី៤ហើយ ដែលត្រូវបានរកឃើញដោយក្រុមការងារ PRL របស់ឥណ្ឌា ស្ថិតក្នុងគោលដៅរួមចំណែកជាមួយអន្តរជាតិនៅក្នុងការស្រាវជ្រាវអំពីធម្មជាតិនៃ Exoplanet

បណ្តាញតេឡេស្កូបនៅឥណ្ឌា (រូបភាពពីបរទេស)

ទិន្នន័យពី PRL បានបង្ហាញថា ភពដែលត្រូវបានរកឃើញថ្មីនោះមានម៉ាសធ្ងន់ជាងផែនដី ៦០ដង និងកាំវែងជាងកាំផែនដី ៥ដង ហើយវាត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា TOI-6651b ដែលកំពុងគោចរជុំវិញផ្កាយ TOI-6651 ស្ថិតនៅចម្ងាយប្រមាណ ៦៩០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។ បើតាមការសង្កេតដោយឧបករណ៍ Spectrograph នៃតេឡេស្កូប PARAS-2 ភព TOI-6651 b នោះមានទំហំប្រហាក់ប្រហែលនឹងភពសៅរ៍ (Saturn) តែវាមានកំហាប់ខ្ពស់ណាស់ ដូច្នេះវាអាចជាប្រភេទភពឧស្ម័នយក្សក្តៅ ព្រោះតែការគោចរកៀកផ្កាយវាខ្លាំង ដោយមួយជុំប្រើពេលតែជាង ៥ថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើភពផែនដី។

ឥណ្ឌាទើបរកឃើញភព (Exoplanet) ថ្មី១ទៀត ដែលនេះជាការបង្ហាញសមត្ថភាពពិតៗ (វីដេអូ)
រូបតំណាងភព TOI-6651b (រូបភាពពី Stellar Catalog)

ចំពោះភពដូចជា TOI-6651b នោះ ពិតជាមិនអាចឲ្យជីវិតណាកកើតទៅរួចឡើយ ព្រោះវាស្ថិតក្នុងជំពូកភពឧស្ម័នយក្សក្តៅ (Hot Gas Giant ឬ Hot Jupiter) ដែលជាពពួកភពគោចរកៀកនឹងផ្កាយមេពួកវាពេក នាំផ្ទៃភពទាំងនោះទទួលរងកម្តៅខ្លាំង ខណៈអ្វីដែលស្រោបជុំវិញខ្លួនភព TOI-6651b នោះវិញ គឺសុទ្ធសឹងជាអ៊ីដ្រូសែន (Hydrogen) និងអេល្យ៉ូម (Helium) ហើយក្នុងខ្លួនភពនោះ (ស្មើនឹង ៨៧% នៃម៉ាស) គឺជាថ្ម (Rock) និងដែក (Iron)។ សម្រាប់ផ្កាយ TOI-6651 វិញ គឺស្ថិតក្នុងជំពូក G-type ដូចព្រះអាទិត្យយើងដែរ តែវាមានកម្តៅលើផ្ទៃវាដល់ទៅជាង ៥,៦០០អង្សាសេ, ក្តៅជាងព្រះអាទិត្យយើងបន្តិច (កម្តៅផ្ទៃព្រះអាទិត្យគឺជិត ៥,៥០០អង្សាសេ)។

គួរបញ្ជាក់ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរនោះ គឺប្រព័ន្ធផ្កាយ TOI-6651 នោះស្ថិតនៅចុងតំបន់មួយដែលក្រុមតារាវិទូ ផ្តល់រហស្សនាមឲ្យថា Neptunian desert ឬវាលខ្សាច់ណិបទូន ដោយប្រការនេះពិតជាកំពុងទាក់ទាញ ឲ្យក្រុមតារាវិទូសិក្សាស្វែងយល់ អំពីកត្តានានាដែលបានជំរុញឲ្យទីនោះ មានភពទំហំធំ និងម៉ាសធ្ងន់ដូចជា TOI-6651b នោះកកើតឡើងក្នុងចំនួនតិចតួច៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ India Today (ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤)

480×240 Banner