ចាំរូបភាពពិតៗដំបូងនៃ Black Hole របស់ Milky Way យើងបានទេ? អ្នកវិទ្យាសាស្ត្រថា វាទំនងជាខុសឆ្គង…

7

(បរទេស)៖ រូបភាពពិតដំបូងបំផុតនៃប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ដែលមានឈ្មោះថា Sagittarius A* ស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way របស់យើងនោះ ត្រូវបានបញ្ចេញជាលើកដំបូងកាលពីឆ្នាំ២០២២ តែ៣ឆ្នាំប៉ុណ្ណោះបន្ទាប់ពីការបញ្ចេញ រូបថតពិតៗដំបូងបំផុតនៃប្រហោងខ្មៅមហាយក្សមួយឈ្មោះ M87* ស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Messier 87 ដែលមានចម្ងាយជាង ៥៣លានឆ្នាំពន្លឺពីផែនដី។

សមិទ្ធផលជារូបថតទាំង ២សន្លឹកខាងលើនេះ សុទ្ធសឹងតែត្រូវបានបង្កើតឡើង ដោយការប្រើប្រាស់បណ្តាញតេឡេស្កូប EHT (Event Horizon Telescope) ដែលមានវិសាលភាពគ្របដណ្តប់ពាសពេញផ្ទៃផែនដី និងស្ថិតក្រោមការសិក្សាស្រាវជ្រាវ យ៉ាងល្អិតល្អន់ជាទីបំផុត ដោយក្រុមតារាវិទូអន្តរជាតិ។ ប៉ុន្តែ, ឈានមកដល់ខែតុលា ឆ្នាំ២០២៤នេះ អ្នកវិទ្យាសាស្ត្រមួយក្រុមបែរជាអះអាងថា ទិដ្ឋភាព Supermassive Black Hole នៅចំកណ្តាល Milky Way ហាក់ដូចជា «រូបភាពដែលត្រូវបានច្នៃឡើង (artifact)» ជាជាងរូបភាពពិតជាក់ស្តែងរបស់វត្ថុអវកាសដ៏មហាសាលនោះ។

រូបភាពពិតដំបូងនៃប្រហោងខ្មៅមហាយក្ស នៅកណ្តាលកាឡាក់ស៊ី Milky Way (រូបភាពពី EHT)

ការផ្តិតយករូបភាពរបស់ Sagittarius A* នោះមិនមែនជាបេសកកម្មងាយៗនោះឡើយ ព្រោះវាស្ថិតនៅចម្ងាយរហូតដល់ទៅជាង ២៦,០០០ឆ្នាំពន្លឺពីផែនដី ដោយវាបានជាប់ឈ្មោះជា វត្ថុអវកាសដែលពិតបាកឲ្យមនុស្សលោកផ្តិតយករូបភាពបំផុតរួចទៅហើយ។ តែយ៉ាងណា នៅទីបំផុតពួកគេនៅតែផ្តិតយកទិដ្ឋភាពវាបាន តែជាលក្ខណៈស្រអាប់ៗប៉ុណ្ណោះ ដោយអាចឲ្យយើងរចនាសម្ព័ន្ធនៃ Supermassive Black Hole ដែលមានរាងដូចនំដូណាត់ពណ៌ទឹកក្រូច ខណៈម៉ាស់របស់វា គឺស្មើនឹង ៤លានដងនៃម៉ាស់ព្រះអាទិត្យ ព្រមទាំងមានអង្កត់ផ្ចិតស្មើនឹងអង្កត់ផ្ចិតព្រះអាទិត្យ របស់យើងគុណនឹង ៣១ដងឯណោះ (ព្រះអាទិត្យមានអង្កត់ផ្ចិត ១.៣៩លានkm)

ទីតាំងនៃបណ្តាញតេឡេស្កូប EHT (រូបភាពពី EHT)
  • ហេតុអ្វីថាទិដ្ឋភាពពិតនៃ Sagittarius A* មិនមែនដូចក្នុងរូបថតនោះ?

ការចេញមុខអះអាងពីភាពមិនប្រក្រតីនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិភាគឯករាជ្យមួយមកពីមន្ទីរសង្កេតតារាសាស្ត្រជាតិជប៉ុន (NAOJ) ទៅលើទិន្នន័យរបស់ EHT ដោយពួកគេអះអាងថា រូបរាងរបស់ Sagittarius A* ដែលមើលទៅដូចជា «នំដូណាត់ពណ៌ទឹកក្រូច» នោះ ហាក់ដូចជាការបង្កើតឡើងដោយមនុស្សប៉ុណ្ណោះ បើមើលទៅលើទម្រង់រូបរាងដែលត្រូវបង្ហាញចេញមក។

ពួកគេបានពន្យល់បែបនេះថា រចនាសម្ព័ន្ធដែលមានរាងដូចជាចិញ្ចៀន (Ring) ដែលនៅព័ទ្ធជុំវិញ Supermassive Black Hole នោះយើងហៅថា បន្ទះឌីសនៃធូលី និងឧស្ម័ន (accretion disk) ហើយបើតាមភាពជាក់ស្តែងវាទំនងជាមានលក្ខណៈទ្រវែងតូច ជាជាងលេចចេញមក (យ៉ាងធំ) ដូចក្នុងរូបភាពនៃ Sagittarius A* នោះ។

ចាំរូបភាពពិតៗដំបូងនៃ Black Hole របស់ Milky Way យើងបានទេ? អ្នកវិទ្យាសាស្ត្រថា វាទំនងជាខុសឆ្គង…
រូបភាពពិតដំបូងនៃប្រហោងខ្មៅមហាយក្ស នៅកណ្តាលកាឡាក់ស៊ី Milky Way (រូបភាពពី EHT)

ទោះជាបែបនេះក្តី អ្នកវិទ្យាសាស្ត្ររបស់ NAOJ មួយរូបឈ្មោះ Makoto Miyoshi ដែលជាអ្នកដឹកនាំការវិភាគវែកញែកនេះបានលើកឡើងថា ក្រុមការងារ EHT បានធ្វើការងារដ៏ល្អប្រសើររួចទៅហើយ ក្នុងការប្រមូលយកទិន្នន័យសំខាន់ៗ អំពីប្រហោងខ្មៅមហាយក្ស ដែលជាបេះដូងរបស់ Milky Way យើងនោះ ហើយវាសុទ្ធសឹងតែជាទិន្នន័យត្រឹមត្រូវ គ្រាន់តែរូបភាពដែលត្រូវបានផលិតចេញមក ទំនងជាបានជួបបញ្ហា (error) ដែលអាចនាំឲ្យផ្នែកខ្លះនៃរចនាសម្ព័ន្ធ Black Hole មើលទៅដូចជាការកែច្នៃ (artifact) មិនដូចនឹងរូបរាងធម្មជាតិពិតប្រាកដរបស់វានោះឡើយ។

គួរបញ្ជាក់ថា ក្រុមការងាររបស់ EHT មិនទាន់បានបកស្រាយអ្វីជុំវិញការលើកឡើងរបស់ NAOJ នោះឡើយ។ តែយ៉ាងណា នៅក្នុងចំណោមក្រុមអ្នកស្រាវជ្រាវដែលមានសាមជិក សរុបជាង ៤០០នាក់ មកពីស្ថាប័នចំនួន ១៣នោះ ក៏មាននូវសមាជិក NAOJ នៅក្នុងនោះដែរ។ សរុបមក ការលើកឡើងរបស់ NAOJ ខាងលើនេះមានន័យថា ទិន្នន័យដែលត្រូវបានប្រមូលយកមកតាមរយៈបណ្តាញតេឡេស្កូបរបស់ EHT ទាំង ៦ទីតាំងលើភពផែនដីនោះគឺល្អឥតខ្ចោះ តែសម្រាប់ការយកទិន្ន័យទាំងនោះមកផ្គុំជារូបភាព គឺទំនងជាមិនបានត្រឹមត្រូវ ឬអាច error ត្រង់ចំណុចខ្លះមិនខាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE / Royal Astronomical Society (ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤)

480×240 Banner