ដំណឹងល្អអំពី «ស្រទាប់អូហ្សូន» របស់ភពផែនដី! (ទិន្នន័យចុងក្រោយពី NASA) (វីដេអូ)

3,358

(បរទេស)៖ ការព្យាបាលនៅតែបន្តនៅក្នុងស្រទាប់បរិយាកាសនៅពីលើទ្វីបអង់តាក់ទិក ដោយចំណុចនេះយើងចង់សម្តៅទៅ «ប្រហោង (hole)» ដែលតែងតែបើកជារៀងរាល់ឆ្នាំនៅក្នុង «ស្រទាប់អូហ្សូន (ozone layer)» ពីលើប៉ូលខាងត្បូងរបស់ផែនដីនោះ ហើយបើតាមទិន្នន័យសង្កេតចុងក្រោយ គឺប្រហោងនោះមានទំហំកាន់តែតូចក្នុងឆ្នាំ២០២៤នេះ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ។ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA ព្រមទាំងរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) នៃសហរដ្ឋអាមេរិកព្យាករថា ស្រទាប់អូហ្សូនអាចនឹងត្រូវស្តាឲ្យជាសះស្បើយពេញលេញវិញ យ៉ាងហោចណាស់ក្នុងពេលជាង៤ទសវត្សរ៍ទៀត។

(Video From YouTube: Cambo Space Edu)

សម្រាប់អំឡុងពេលដែលប្រហោងអូហ្សូនបើកចំហធំបំផុតនោះ គឺចាប់ពីថ្ងៃទី៧ ខែកញ្ញាដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ហើយក្រោយការសង្កេត និងគណនារួចមក ប្រហោងអូហ្សូន (ozone hole) ក្នុងឆ្នាំនេះ បានជាប់ចំណាត់ថ្នាក់លេខ ៧ ដែលជា «ប្រហោងតូចបំផុត» គិតចាប់តាំងពីការប្តេជ្ញាស្តាស្រទាប់អូហ្សូនផែនដី បានចាប់ផ្តើមអនុវត្តកាលពីឆ្នាំ១៩៩២។ យើងត្រូវអរគុណដល់ «ពិធីសារម៉ុងត្រេអាល់ (Montreal Protocol) ឆ្នាំ១៩៨៧» ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់មួយ ដើម្បីលុបបំបាត់ការបញ្ចេញសារធាតុគីមីទាំងឡាយដែលបំផ្លាញអូហ្សូន។

ដំណឹងល្អអំពី «ស្រទាប់អូហ្សូន» របស់ភពផែនដី! (ទិន្នន័យចុងក្រោយពី NASA) (វីដេអូ)
ស្ថានភាពប្រហោងអូហ្សូន (ស្វាយ) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ (រូបភាពពី NASA/NOAA)

ប្រសិនបើយើងគិតអំពីទំហំនៃការបើកចំហប្រហោងអូហ្សូន ជាមធ្យមប្រចាំខែវិញនោះគឺប្រមាណ ២០លានគីឡូម៉ែត្រក្រលា (ស្មើនឹងជាង២ដងនៃទំហំផ្ទៃដីសហរដ្ឋអាមេរិកទាំងមូល) ខណៈការបើកចំហធំបំផុតក្នុងឆ្នាំ២០២៤នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ដោយឡើងរហូតដល់ ២២.៤លានគីឡូម៉ែត្រក្រលា។ ការសង្កេតប្រហោងអូហ្សូនខាងលើនេះ ត្រូវបានធ្វើឡើងដោយ បណ្តាញផ្កាយរណបជាច្រើនដូចជា ផ្កាយរណប Aura របស់អង្គការ NASA, ផ្កាយរណប NOAA-20 និង NOAA-21 របស់ស្ថាប័ន NOAA ព្រមទាំងផ្កាយរណប Suomi ដែលស្ថាប័នទាំង២ ធ្វើប្រតិបត្តិការរួមគ្នា។

ជុំវិញលទ្ធផលខាងលើនេះ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបឈ្មោះ Stephen Montzka មកពីមន្ទីរពិសោធន៍សកលរបស់ NOAA បានលើកឡើងថា «សម្រាប់ឆ្នាំ ២០២៤ យើងអាចមើលឃើញថា ភាពធ្ងន់ធ្ងរនៃការរីកប្រហោងអូហ្សូន គឺទាបជាងកម្រិតមធ្យមទៅទៀត បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ… តែទោះបីជាបែបនេះក្តី ក៏ស្រទាប់អូហ្សូនកំពុងស្ថិតនៅឆ្ងាយនៅឡើយ ពីការជាសះស្បើយឡើងវិញ…»។ បើតាមការគណនាចុងក្រោយថា ប្រហោងអូហ្សូនពីលើទ្វីបអង់តាកទិក នឹងអាចបិទជិតវិញទាំងស្រុងនៅឆ្នាំ២០៦៦ ប្រសិនបើមនុស្សលោកបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវពិធីសារម៉ុងត្រេអាល់។

ស្ថានភាពប្រហោងអូហ្សូន (ក្រហម) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ (រូបភាពពី NASA/NOAA)

គួរជម្រាបជូនផងដែរថា ស្រទាប់អូហ្សូនមានទីតាំងស្ថិតនៅក្នុងមណ្ឌលស្ត្រាតូស (stratosphere) នៃបរិយាកាសផែនដី ដោយមានវត្តមានចាប់ពីរយៈកម្ពស់ ១៥-៣០km ពីផ្ទៃផែនដី។ ស្រទាប់អូហ្សូនពិតជាមានសារៈសំខាន់បំផុត ក្នុងការទប់ទល់កាំរស្មីស្វាយអ៊ុលត្រា (UV) ពីព្រះអាទិត្យ មិនឲ្យជះមកទាំងកម្រោលលើមនុស្ស សត្វ និងរុក្ខជាតិ ព្រោះបើពុំដូច្នោះទេជីវៈចំរុះទាំងឡាយលើភពផែនដីនេះ នឹងរងគ្រោះដល់ជីវិតជាក់ជាមិនខាន។

សម្រាប់សារធាតុគីមីបញ្ចេញដោយសកម្មភាពមនុស្សលើផែនដី ដែលធ្លាប់បានទៅបំផ្លាញស្រទាប់អូហ្សូនខ្លាំងជាងគេនោះគឺ ក្លរ៉ូផ្លរ៉ូកាបូន (Chlorofluorocarbons ឬ CFCs) និងបន្ទាប់មកទៀតក៏មានដូចជា ហាឡុន (Halons), មេទីលក្លរ៉ូហ្វម (Methyl chloroform ឬ CH3CCl3) និងកាបូនតេត្រាក្លរីដ (Carbon tetrachloride ឬ CCl4) ជាដើម។ សម្រាប់សារធាតុ CFCs ដ៏គ្រោះថ្នាក់បំផុតចំពោះស្រទាប់អូហ្សូន ត្រូវបានហាមឃាត់មិនឲ្យប្រើតែម្តងនៅក្នុងប្រទេសមានឧស្សាហកម្មលូតលាស់ចាប់ពីឆ្នាំ២០០០ និងក្រោយមកទៀតទើបរាលដាលដល់ ប្រទេសកំពុងអភិវឌ្ឍចាប់ពីឆ្នាំ២០១០៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA/NOAA (ថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤)

480×240 Banner