ពេលណាទើបផ្កាយ T CrB ផ្ទុះ (Nova Outburst)? ហួសកាលកំណត់ឡើងជាង១ខែហើយ… (UPDATE) (វីដេអូ)

653

(បរទេស)៖ មានប្អូនម្នាក់បានសួរមកកាន់ Cambo Space ហើយកុំថាឡើយបងប្អូនដែលកំពុងរង់ចាំ ដោយសូម្បីតែរូបខ្ញុំផ្ទាល់ក៏នៅរង់ចាំព្រឹត្តិការណ៍នោះកើតឡើងដែរ។ ទោះបីវាមិនមែនជាបន្ទុះ Supernova តែប្រសិនបើយើងអាចយល់ដឹងព្រឹត្តិការណ៍ប្លែកៗលើផ្ទៃមេឃបែបនេះ នៅក្នុងពេលអំលុងពេលណាមួយនៃជីវិតរបស់យើងនោះ ក៏ជារឿងដ៏គួរចងចាំ ដើម្បីទុកប្រាប់ដល់កូនចៅដែរ, មែនឬអត់បងប្អូន?

(Video From YouTube: Cambo Space Edu)

ឈានចូលមកដល់ជិតពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចម្លើយថ្មីក៏មាន ហើយវីដេអូ animation ថ្មីក៏មានផងដែរ ដោយអង្គការ NASA ទើបបញ្ចេញមកក្តៅៗអំពីប្រព័ន្ធផ្កាយភ្លោះ T Coronae Borealis ឬយើងអាចហៅយ៉ាងខ្លីថា T CrB ដែលមានចម្ងាយខ្ទង់ ៣,០០០ឆ្នាំពន្លឺពីភពផែនដីយើងនោះ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm)។

ពេលណាទើបផ្កាយ T CrB ផ្ទុះ (Nova Outburst)? ហួសកាលកំណត់ឡើងជាង១ខែហើយ… (UPDATE) (វីដេអូ)
រូបតំណាងចាស់នៃករណីផ្ទុះនៅប្រព័ន្ធផ្កាយ T CrB (រូបភាពពី NASA)

អូខេ! មុននឹងចូលទៅដល់ការព្យាករណ៍ថា តើប្រព័ន្ធផ្កាយភ្លោះខាងលើនេះ អាចនឹងផ្ទុះនៅពេលណាទៀតនោះ ចូរបងប្អូនទស្សនាវីដេអូដែលក្រុមការងារអង្គការ NASA ទើបផលិតជាលក្ខណៈ animation ថ្មីនេះសិន។ វាពិតជាមិនសូវខុសពីវីដេអូ animation ចាស់នោះឡើយ ដោយយើងឃើញផ្កាយតូចស កំពុងគោចរជុំវិញផ្កាយធំពណ៌លឿង ហើយសុខៗផ្កាយតូចសនោះក៏កើតមានការផ្ទុះ ដែលយើងហៅតាមពាក្យបច្ចេកទេសថា Nova Outburst នោះតែម្តង។

រង្វង់ក្រហម៖ ប្រសិនបើមានករណីផ្ទុះ ពន្លឺនឹងលេចចេញនៅក្នុងរង្វង់នេះ (រូបភាពពី Time and Date)

ដំណើរនៃបាតុភូតនេះ តែងតែកើតមានឡើងនៅរៀងរាល់ ៨០ឆ្នាំម្តង (ជាមធ្យម) ឬមានន័យថា យើងអាចជួបព្រឹត្តិការណ៍មហាកម្រនេះ តែម្តងប៉ុណ្ណោះនៅក្នុងមួយជីវិត។ យោងតាមឯកសារប្រវត្តិសាស្ត្ររបស់វិស័យតារាសាស្ត្រសកល ក្រុមតារាវិទូបានកត់ត្រាពីការមើលឃើញ ព្រឹត្តិការណ៍ Nova Outburst កាលពីឆ្នាំ ១៩៤៦, ១៨៦៦ និង ១៧៨៧ ហើយក៏អាចនៅក្នុងឆ្នាំ១២១៧ ផងដែរ។

រូបតំណាងថ្មីនៃករណីផ្ទុះនៅប្រព័ន្ធផ្កាយ T CrB (រូបភាពពី NASA)

ចំពោះសំនួរថាតើវានឹងផ្ទុះពេលណាឲ្យប្រាកដនោះ ក្រុមអ្នកជំនាញអង្គការ NASA បានបកស្រាយជាថ្មីថា អាចនៅអំលុងចុងឆ្នាំ២០២៤នេះ ឬក៏អាចឈានដល់ឆ្នាំ២០២៥។ ពួកគេបានពន្យល់ថា មនុស្សលោកនៅមានពេលមួយឆ្នាំទៀត (គិតចាប់ពីខែតុលា ឆ្នាំ២០២៤តទៅ) ដើម្បីតាមដានមើលព្រឹត្តិការណ៍ Nova Outburst របស់ផ្កាយ T CrB ខាងលើនេះ ព្រោះការកំណត់ពេលវេលាឲ្យជាក់លាក់ ១០០% ចំពោះព្រឹត្តិការណ៍អវកាសដែលនឹងកើតឡើង នៅពេលដែលវាស្ថិតនៅឆ្ងាយបែបនេះ គឺជាភាពប្រកួតប្រជែងមួយទៅលើសមត្ថភាព របស់ក្រុមអ្នកវិទ្យាសាស្ត្រនៅឡើយ។

គួរបញ្ជាក់ថា សម្រាប់មូលហេតុដែលនាំឲ្យប្រព័ន្ធផ្កាយភ្លោះ T Coronae Borealis កើតមានបាតុភូត Nova Outburst នោះ គឺដោយសារការបន្តស្រូបវត្ថុធាតុនានាពីផ្កាយធំ ពីសំណាក់ផ្កាយតូច (ដូចក្នុងវីដេអូ animation បង្ហាញ) ហើយពេលដល់អាយុកាលកំណត់របស់វា (ជាមធ្យម ៨០ឆ្នាំម្តង) ការផ្ទុះជះចេញមកវិញនូវសារធាតុដែលវាស្រូបចូលនោះក៏បានកើតឡើងតែម្តង ដែលនាំឲ្យមានពន្លឺដ៏ភ្លឺចិញ្ចាចទៅក្នុងតំបន់ដែលនៅជុំវិញវា (ភ្លឺខ្លាំងបំផុត ៣ ទៅ ៤ថ្ងៃ ដែលអាចឲ្យឃើញដោយភ្នែកទទេ) ហើយមនុស្សភពផែនដីនឹងអាចមើលឃើញ ប្រសិនបើមានការតាមដានផ្ទៃមេឃជាប្រចាំនោះ៕

ប្រែសម្រួល៖ ឥន្ទ វត្ថា (Cambo Space)
ប្រភព៖ NASA (ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២៤)

480×240 Banner